ភ្នំពេញ៖ ជាទូទៅចំពោះតម្លៃដីនៅក្នុងរាជធានីភ្នំពេញ សុទ្ធតែត្រូវបានអ្នកជំនាញ ក៏ដូចជា អ្នកវិនិយោគលើវិស័យអចលនទ្រព្យលើកឡើងថា មានតម្លៃថ្លៃខ្លាំង ហើយមានផលលំបាកក្នុងការទិញដើម្បីអភិវឌ្ឍគម្រោង ដែលក្នុងនោះរួមមានដូចជាផ្លូវមុនីវង្ស ផ្លូវម៉ៅសេទុង និងផ្លូវព្រះនរោត្តមជាដើម។
ដោយឡែកចំពោះតម្លៃដី និងអចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក៏មានតម្លៃមិនទាបនោះដែរ ហើយដីនៅលើបណ្តោយផ្លូវនេះបានក្លាយទៅជាតំបន់ដែលពិបាករកទិញដើម្បីអភិវឌ្ឍដោយសារអស់ដីទំនេររួចទៅហើយ។
លោក ស៊ា ឆៃលីន នាយកក្រុមហ៊ុន អចលនទ្រព្យ ឆៃលីន ស៊ា រៀលធី ខូអិលធីឌី បានប្រាប់ឱ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៤ មិនាកន្លងមកថា ទីផ្សារដីធ្លី ក៏ដូចជាអចលនទ្រព្យនៅតាមផ្លូវកម្ពុជាក្រោម គឺមានតម្លៃខ្ពស់ ព្រោះវាជាតំបន់ដីកម្រ។
ដីនៅតាមបណ្តោយផ្លូវ ឬស្ថិតនៅតំបន់ក្បែរៗផ្លូវនេះគឺកម្រមានទំនេរណាស់ ដែលភាគច្រើនសុទ្ធតែជាផ្ទះល្វែងទាំងអស់ ហើយបើចំពោះតម្លៃនៅលើទីផ្សារ ដែលគិតជាមធ្យម គឺមួយជុងអាចក្នុងចន្លោះចាប់ពី៦០-៧០ម៉ឺនដុល្លារឯណោះ ដែលតម្លៃនេះវាមានភាពប្រហាក់ប្រហែលគ្នាទៅនឹងតម្លៃដែលស្ថិតនៅតាមបណ្តោយព្រះមុនីវង្សដែរ។
លោកថា “បើគិតត្រឹមតែតម្លៃដី គ្រាន់តែយកតម្លៃនៃសំណង់មួយជុងដែលលក់ក្នុងតម្លៃខាងលើនេះ ហើយដកនឹងតម្លៃនៃតួសំណង់ចេញ នោះយើងនឹងដឹងពីតម្លៃដីហើយ ដែលយ៉ាងហោចណាស់ក៏ក្នុងរង្វង់៥ ទៅ៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ដោយឡែកសំណួរសួរថា តើហេតុផលអីដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅទីនេះមានកម្រិតខ្ពស់យ៉ាងនេះ? ចម្លើយ គឺដោយសារតែផ្លូវនេះ ជាផ្លូវសេដ្ឋកិច្ចដែលអាចធ្វើអាជីវកម្មចម្រុះបានយ៉ាងប្រសើរ គេអាចធ្វើអាជីវកម្មផង ហើយអាចរស់នៅផង ម៉្យាងវាក៏ជាតំបន់នៅចំកណ្តាលរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម។
ជាមួយគ្នានេះ លោក ស៊ា ឆៃលីន ក៏បានបញ្ជាក់ផងដែរថា តម្លៃខាងលើនេះ នៅមិនទាន់ដល់ចំណុចកំពូលនៅឡើយនោះទេ ខណៈដែលជាទូទៅតម្លៃអចលនទ្រព្យនៅតំបន់នេះ តែងមានការកើនឡើងក្នុងរង្វង់ចាប់ពី ១០ទៅ១៥ភាគរយប្រចាំឆ្នាំ៕
ប្រភព : www.propertyarea.asia