លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានធ្លាប់មានប្រសាសន៍នៅក្នុងសិក្ខាសិលាស្តីពីវិស័យអចលនទ្រព្យនៅកម្ពុជាកាលពីពេលថ្មីៗនេះថា ការវិនិយោគអចលនទ្រព្យអាចធ្វើបានអាស្រ័យតាមលទ្ឋភាពរបស់អ្នក។
លោកបានបន្ថែមថា ប្រសិនជាអ្នកចំណាយ ក្នុងគ្រួសារប្រចាំខែហើយ នៅសល់១០០០ដុល្លារក្នុងមួយខែ អ្នកគួរវិនិយោគលើដីនៅតំបន់ជាយក្រុង ដែលមានចម្ងាយ៣០គីឡូម៉ែត្រជុំវិញទៅក្រុង។ ប្រសិនបើលោកអ្នកមានប្រាក់ក្នុងរង្វង់៦ម៉ឺនដុល្លារ លោកអ្នក គួរវិនិយោគទិញដីសម្រាប់ពុះឡូត៍លក់ ព្រោះវាផ្តល់ប្រាក់ចំណេញច្រើន ប៉ុន្តែជោគជ័យឬមិនជោគជ័យអាស្រ័យលើយុទ្ឋសាស្រ្តនៃការធ្វើជំនួញរបស់ខ្លួន។
លោកបណ្ឌិតបានបន្តថា ប្រសិនជាមានលុយ១០ម៉ឺនដុល្លារ លោក អ្នកគួរស្វែងរកទិញដីជាយក្រុង ដែលស្ថិតនៅជាប់តំបន់ឧស្សាហកម្ម ដើម្បីសាងសង់ផ្ទះជួលសម្រាប់កម្មករ កម្មការិនី ដែលលោកអ្នកអាចយកប្រាក់ត្រលប់ពីការវនិយោគ១០ភាគរយក្នុងមួយឆ្នាំ ដែលនេះជាការវិនិយោគដ៏ល្អ។
លោកបន្តថា ប្រសិនជាអ្នកមានប្រាក់ចន្លោះពី៤០ទៅ៥០ម៉ឺនដុល្លារ អ្នកគួរវិនិយោគសាងសង់ផ្ទះសម្រាប់លក់ ព្រោះការសាងសង់ផ្ទះលក់ និងលក់ក្នុងតម្លៃ៣ទៅ៥ម៉ឺនដុល្លារអាស្រ័យមានទីផ្សារល្អ។
រីឯអ្នកមានលុយចាប់ពី១លានដុល្លារឡើងទៅ អាចវិនិយោគសាងសង់ខុនដូ ឬបុរី ឬសាងសង់អាផាតម៉ិនសម្រាប់ជួល ពិសេសខុនដូដែលមានតម្លៃចន្លោះពី៤ទៅ៦ម៉ឺនដុល្លារ ជាខុនដូមានតម្រូវការច្រើន ព្រោះប្រជាជនមានប្រាក់ចំណូលមធ្យមកើនឡើង ហេតុនេះបើពួកគេយកលុយក្នុងចំនួននេះ ទៅទិញផ្ទះនៅក្នុងក្រុង ក៏មិនអាចទិញផ្ទះបាននៅជាន់ផ្ទាល់ដីដែរ គឺអាចទិញជាន់ទី២ឬទី៣ ដែលជាផ្ទះចាស់ នឹងមិនមានបំពាក់សេវាកម្មជណ្តើរយន្ត និងសេវាកម្មនានា។ ហេតុនេះបើវិនិយោគខុនដូក្នុងតម្លៃខាងលើនេះ នឹងទទួលបានជោគជ័យមិនខាន។លោកគីម ហ៊ាងបញ្ជាក់ឲ្យដឹង។
លោកបន្តថា “ទោះជាយ៉ាងណាការវិនិយោគលើវិស័យទាំងអស់នេះ ទាម ទារឲ្យលោក អ្នកមានជំនាញ ហើយប្រសិនជាគ្មានជំនាញពួកគេអាចប្រឹក្សាជាមួយក្រុមហ៊ុនជំនាញអចលនទ្រព្យ ដើម្បីបញ្ចៀសហានិភ័យ”៕
ប្រភព : Bee