ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការជាតិគ្រប់គ្រងគម្រោង និងជាប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានលើកឡើងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ក្នុងការធានារ៉ាប់រង និងសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ។

ឯកឧត្តម បន្តទៀតថាកំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នសម្រេចបានប្រមាណជាង ២៥% ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០១៩ ខាងមុខ ស្របពេលនឹងខេត្តកំពតទទួលធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រជុំទី២។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ និងក្រុមហ៊ុន Consultant ត្រូវខិតខំពន្លឿនដំណើការសាងសង់ដោយអនុវត្តទៅតាមផែនការសកម្មភាព និងប្រកបដោយគុណភាពខ្ពស់។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាគម្រោងគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194)។
កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលគ្រោងនឹងអាចផ្ទុកទេសចរណ៍ និងអ្នកដំណើរប្រមាណ ១លាននាក់។ កំពង់ផែនេះ មានរចនាសម្ព័ន្ធតាមស្តង់ដារអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។

ប្រភព : Bee