
ស្វាយរៀង៖ ក្រុមហ៊ុន Nex Healthcare Co., Ltd មកពីប្រទេសចិន ផលិតផលស្រោមដៃការពារសុខភាពជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក, ឧបករណ៍ពិនិត្យបេះដូងជាប់ចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក និងជាប់លេខ២ នៅក្នុងប្រទេសចិន បានបើកការដ្ឋានសាងសង់រោងចក្រនៅខេត្តស្វាយរៀង ក្នុងទំហំទុនវិនិយោគប្រមាណ ២៧៣លានដុល្លារ លើផ្ទៃដីទំហំ ២១ហិកតា។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្ររបស់ក្រុមហ៊ុន Nex Healthcare Co., Ltd. មានមុខសញ្ញាវិនិយោគផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
ពិធីខាងលើ លោក ជា វុទ្ធី បានថ្លែងថា ភាពជោគជ័យរបស់តំបន់សេដ្ឋកិច្ចពិសេសមកដល់សព្វថ្ងៃនេះ គឺកើតចេញក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះតំបន់សេដ្ឋកិច្ចពិសេស ដោយប្រើនូវអភិក្រមចំនួន៣ រួមមាន៖ កាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ និងកាត់បន្ថយឋានានុក្រមលើប្រតិបត្តិការវិនិយោគ និងនីតិវិធីផ្សេងៗ។
បន្ថែមពីនេះ សម្តេចធិបតី ក៏បានផ្តល់នូវអភិក្រមចំនួន៣ គឺ ការទាក់ម៉ូយ ទាក់ទាញវិនិយោគិន ការថែទាំវិនិយោគិន និងការជំរុញដើម្បីឱ្យវិនិយោគិនបន្តទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត។ ជាការថ្លែងបន្តទៀត លោក ជា វុទ្ធី បានគូសបញ្ជាក់ថា ជារួម សមិទ្ធផលវឌ្ឍនភាពនៃការរីកចម្រើននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ កើតចេញពីការចង្អុលបង្ហាញ ការណែនាំដ៏ប៉ិនប្រសប់របស់សម្តេចទាំងពីរ។
បើតាម អគ្គលេខាធិការរូបនេះ បានលើកឡើងថា ការកើនឡើងនៃចំនួនគម្រោងវិនិយោគជាបន្តបន្ទាប់ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានសបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេសបាននិងកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ព្រមទាំងបានបង្កើតការងារនិងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេស បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ការដ្ឋានសាងសង់រោចក្រនេះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង ក្នុងទំហំទុនវិនិយោគប្រមាណ ២៧៣លានដុល្លារ លើផ្ទៃដីទំហំ ២១ហិកតា។
ក្រុមហ៊ុន Nex Healthcare Co., Ltd. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង ប្រទេសចិន ផលិតផលស្រោមដៃការពារសុខភាពរបស់ក្រុមហ៊ុននេះ ជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក, រីឯ ឧបករណ៍ពិនិត្យបេះដូងជាប់ចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក និងជាប់លេខ២ នៅក្នុងប្រទេសចិន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)