Register Already an agent ? Login

ដំណឹងរីករាយ! រដ្ឋបន្តលើកលែងពន្ធលើអចលនទ្រព្យសង្កាត់និងក្រុងមួយចំនួន និងដីមិនបានប្រើលើស៥ហិកតា ដល់ដំណាច់ឆ្នាំ២០២៥

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចបន្តការលើកលែងពន្ធលើអចលនទ្រព្យ ចំពោះសង្កាត់និងក្រុងមួយចំនួន និងពន្យារការអនុវត្តប្រមូលពន្ធលើអចលនទ្រព្យ ចំពោះក្រុងដែលទើបតែបង្កើតថ្មីនិងបន្ធូរបន្ថយលក្ខខណ្ឌលើកលែងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ចំពោះអចលនទ្រព្យមានផ្ទៃក្រឡាលើសពី ៥ហិកតា ដែលប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផល។ បើតាម លិខិតអគ្គនាយកដ្ឋានពន្ធដារលេខ៦៤០២ អពដ ចុះនៅថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៥។

បើតាមលិខិតខាងលើ ដែលចុះហត្ថលេខាដោយ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា៖

១. ពន្ធលើអចលនទ្រព្យ

ក-បន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុង សង្កាត់ចំនួន ៤ (បួន) ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្យ និងសង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។

ខ-បន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុង ក្រុងចំនួន ៤ (បួន) រួមមាន ក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត។

គ-លើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងក្រុង រុនតាឯកតេជោសែន នៃខេត្តសៀមរាប និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលទើបបង្កើតថ្មី។

ចាប់ពីឆ្នាំ២០២៦តទៅ នឹងត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ បើតាមការបញ្ជាក់បន្ត នៃលិខិតដដែលនេះ។

២.ពន្ធលើដីធ្លីមិនបានប្រើប្រាស់

ចំពោះអចលនទ្រព្យដែលមានផ្ទៃក្រឡាលើសពី ៥ហិកតា និងនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬ លិខិតផ្ទេរសិទ្ធិ) ជាប្រភេទដឹកសិកម្ម ឬដីលំនៅឋាន ឬដីមិនមានបញ្ជាក់រូបភាពប្រើប្រាស់ដី ប៉ុន្តែ ស្ថានភាពរប្រើប្រាស់ដីធ្លីជាក់ស្តែងត្រូវបានប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផលតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន ឬរដ្ឋបាលសារពើពន្ធ។

លិខិតដដែលនេះ បានបញ្ជាក់ទៀតថា ការលើកលែងនានាខាងលើនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ និងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)