ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃប្រទេសកម្ពុជា វៀតណាម ឡាវបានសម្តែងសុទិដ្ឋិនិយម ក្នុងកិច្ចសហប្រតិបត្តិការកន្លងមក និងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញកំនើនសេដ្ឋកិច្ចនៃប្រទេសទាំងបី។
កិច្ចប្រជុំអនុគណៈកម្មការសង្គម និងបរិស្ថានលើកទី៩ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា – ឡាវ – វៀតណាម បានប្រារព្ធឡើងនៅថ្ងៃទី៨ខែមីនាឆ្នាំ២០១៩ នៅខេត្តក្រចេះ ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា លោកKhom Douangchantha) អគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកបណ្ឌិតDuong Thanh An អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយធនធានធម្មជាតិ និងបរិស្ថាន ក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកអ៊ាង សុផល្លែតបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះប្រទេសទាំងបី មានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងទទួលស្គាល់ថា យើងនៅតែជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងការធានាថាកំណើនសេដ្ឋកិច្ចឱ្យមាននិរន្តរភាព និងរួមបញ្ចូលជាពិសេសក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍។
លោកបន្តថា ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំង៣បានអះអាងអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារបរិស្ថាន ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព រួមមានធនធានទឹក និងព្រៃឈើ ហើយបានសហការគ្នាអនុវត្តន៍កម្មវិធីស្តីពី កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកផងដែរ។
ជាមួយគ្នានេះ សហប្រធានកិច្ចប្រជុំអនុគណៈកម្មការសង្គម និងបរិស្ថាន លើកទី៩ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម បានលើកឡើងពីសេចក្តីរំពឹងលើលទ្ធផលនៃកិច្ចពិភាក្សា ដែលជំរុញឱ្យសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំង៣ ក៏ដូចជាអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់ប្រទេសទាំង៣ តាមរយៈសកម្មភាពនៃកិច្ចសហប្រតិបត្តិការនានាជាមួយគ្នា៕
ប្រភព : www.propertyarea.asia