Register Already an agent ? Login

សមាគមអ្នកវិនិយោគវ័យក្មេង ខេត្តអ៊ីនណាន សមាជិក១.៥០០សហគ្រាស មានបំណងពង្រីកការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណានមានសមាជិកសរុបចំនួនប្រមាណ ១.៥០០សហគ្រាស ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យផ្សេងៗពីគ្នា ហើយសហគ្រាសទាំងនោះកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅកម្ពុជា។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគចិនចំនួន ១៩ក្រុមហ៊ុន ដឹកនាំដោយលោក Liu Yong ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីងប្រទេសចិន ដោយមានការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា។

បើតាមជំនួបនេះ នាព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គលេខាធិការបាន ស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូ ដែលបានចំណាយពេលវេលាមកទស្សកិច្ចសិក្សាផ្ទាល់នៅកម្ពុជាដើម្បីសិក្សាពីបរិយាកាសវិនិយោគ។

លោក ជា វុទ្ធី បានលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា-ចិន ដោយរដ្ឋាភិបាលចិនតែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ រីឯ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងការជំរុញការវិនិយោគ កន្លងមកថ្មីៗនេះ កម្ពុជានិងចិនបានចុះ MoU ចំនួន ដូចជា “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” “ច្រករបៀងមច្ឆា និងអង្ករ” និង "ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល" ជាដើម។

អគ្គលេខាធិការ ក៏បានគូសបញ្ជាក់ពីស្ថានភាពវិនិយោគនៅកម្ពុជាដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស ប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយនេះ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណ ៥០% នៃទុនវិនិយោគសរុប។

ទន្ទឹមនឹងនេះ លោក បានកត់សម្គាល់ឃើញថាមានក្រុមហ៊ុនចិនធំៗជាច្រើនបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានៅក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគក្នុងកន្សោមឧស្សាហកម្មថ្មីៗ ដូចជាការផលិតសំបកកង់រថយន្ត ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក ការកែច្នៃជ័រកៅស៊ូ...។ល។

លោក បានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេស គំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោក ជា វុទ្ធី ក៏បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ លោក បានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ឬក៏ពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេស ស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។

ជាការឆ្លើយតប លោក Liu Yong បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។ លោក បានមានប្រសាសន៍ថានាពេលកន្លងមក បានធ្វើស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី ប៉ុន្តែមិនស្គាល់ពីប្រភពនិងបណ្តាញច្បាស់លាស់។

ឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោក Liu សង្ឃឹមថា អគ្គលេខាធិការនឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។ បន្ថែមពីនេះ គណៈប្រតិភូដទៃទៀតក៏បានធ្វើការណែនាំពីសាវតាររបស់ក្រុមហ៊ុននីមួយៗ និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាខ្លាំង។

គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង១៩ នាជំនួបនេះ មានសកម្មភាពវិនិយោគក្នុងវិស័យកសិកម្ម សុខាភិបាល សំណង់និងអចលនទ្រព្យ បច្ចេកវិទ្យា ថាមពល បោះពុម្ពនិងវេចខ្ចប់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ការគ្រប់គ្រងធុរកិច្ច ការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ លក់និងសេវាថែទាំរថយន្ត និងការបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)