
ភ្នំពេញ៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួន៣ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ បើតាមក្រសួងសាធារការ និងដឹកជញ្ជូន។
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង (វាលវែង-សំឡូត-កោះកុង)មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ វឌ្ឍនភាព ៩៧,៣២% គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥។

ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

បើតាមក្រសួងបានបញ្ជាក់ថា ការអនុញ្ញតនេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តឱ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។

កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ធឹ្នមបណ្តោយស្ពានទាំង ៩ប្រឡោះ (មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ។

ស្ពាននេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់៩៦%ហើយ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា ដំឡើងធ្នឹមកាត់ទទឹង ចាក់បេតុង ចាក់កម្រាល និងចាក់AC(Asphalt concrete) បំពាក់ស្លាកសញ្ញាសុវត្ថិភាព ជាកិច្ចបង្ហើយ។ គ្រោងបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែឧសភា ឆ្នាំ២០២៥។

គួបញ្ជាក់ថា បន្ទាប់ពីបញ្ចប់គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ផ្លូវថ្មីតភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង នឹងជំរុញសេដ្ឋកិច្ច ទេសចរណ៍ និងការដឹកជញ្ជូន។

សមិទ្ធផលដែលសម្រេចបានរួមមាន ការងារផ្លូវថ្នល់ ការងារស្ពាន ការងារស្ពានខ្ពស់ជាងគេ ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរ ការងារគូសគំនូសចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ផ្លាកសញ្ញាកំណត់ល្បឿន បង្គោលគីឡូម៉ែត្រ បង្គោលព្រំដីចំណីផ្លូវ និងការងារមួយចំនួនទៀត។

ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់(DBST)សាងសង់ផ្លូវរយៈពេល៦៦ខែ បានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕







ដោយ៖ មឿន ឌីណា (Moeun Dyna)