ភ្នំពេញ: ការវិនិយោគលើគំរោងអចលនទ្រព្យ បែបលំហែរកាយកំពុងកើនឡើងនៅកម្ពុជា ខណៈដែលការស្វែងរកកន្លែងលំហែរ និងសម្រាកកំសាន្តពីប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍កើនឡើង។
ជាក់ស្តែងគំរោងជាច្រើនបានលេចឡើង ដូចជា គំរោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងដីឡូត៍ សម្រាប់សាងសង់ផ្ទះលំហែរកាយ ភូមិឋានសំណាង គំរោងវិនិយោកគRelax Resort វិនិយោគរបស់ក្រុមហ៊ុន Macau Legend Development Limited ដែលមានចុះបញ្ជីនៅផ្សារហ៊ុនក្រុងហុងកុង ដែលក្រុមហ៊ុននេះបានទិញភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនHowing Enterprises នៅកម្ពុជាក្នុងតម្លៃ៩០លានដុល្លារ ក្នុងគោលបំណងអភិវឌ្ឍរមណីយដ្ឋានសមាហរណកម្ម (IR) នៅខេត្តសៀមរាប។
ប្រធាននាយកប្រតិបត្តិ Macau Legend Development លោក Chow Kam Fai បានឲ្យដឹងថា ការទិញដីនេះមានបំណងសាងសង់ និងអភិវឌ្ឍរមណីយដ្ឋានសមាហរណកម្មនៅខេត្តសៀមរាប ដែលអាចឲ្យក្រុមហ៊ុនចូលរួម និងទទួលនូវអត្ថប្រយោជន៍ពីឧស្សាហកម្មទេសចរណ៍ដែលកំពុងរីក ចម្រើនរបស់កម្ពុជា។
លោកឲ្យដឹងបន្តថា “ក្រុមប្រឹក្សាភិបាលចាត់ទុកថា លក្ខខណ្ឌនៃការទិញលក់នេះត្រឹមត្រូវ និងសមហេតុផល ហើយការទិញនេះស្ថិតក្នុងផលប្រយោជន៍របស់ក្រុមហ៊ុន និងភាគទុនិកទាំងអស់របស់ខ្លួន”។ មកពីទីក្រុងម៉ាកាវ ដែលគ្រោងវិនិយោគរមណីយដ្ឋាន សមាហរណកម្មបែបវិស្សមកាលលើផ្ទៃដី១២០០ហិកតា នៅខេត្តសៀមរាប និងគំរោងជាច្រើនទៀតនៅជាយក្រុងភ្នំពេញ។
ជាមួយគ្នានេះ លោកម៉ោង ម៉ាតាំងសហស្ថាបនិក និងក្រុមភាគហ៊ុនិកនៃគំរោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងដីឡូត៍ សម្រាប់សាងសង់ផ្ទះលំហែរកាយ បានមានប្រសាសន៍ឲ្យដឹងផងដែរថា គំរោងនេះស្ថិតនៅលើផ្ទៃដីជាង២៣ហិកតា ក្នុងនោះផ្ទៃដីជាង៤ហិកតា នឹងត្រូវរៀបចំជារំណីយដ្ឋានធម្មជាតិ ដោយមានអាងហែលទឹក ផ្ទះលំហែរ កន្លែងបោះតង់ សួនច្បារ ស្ពានសម្រាប់ទស្សនាព្រៃសហគមន៍ជាដើម។
លោកបន្តថា “ដោយសារយើងមើលឃើញប្រជាពលរដ្ឋ កាន់តែច្រើនបានចាកចេញពីទីក្រុងនៅចុងសប្តាហ៍ ដើម្បីស្វែងរកកន្លែងសំរាកកាយ និងលំហែរចុងសប្តាហ៍ ទើបយើងវិនិយោគគម្រោងនេះឡើង”។ លោកបន្តថា “គំរោងនេះមានទីតាំងជាប់ផ្ទះសំណាក់បៃតង និងគំរោងរមណីយដ្ឋានធម្មជាតិស្រះដូនរីក ដែលអភិវឌ្ឍន៍ដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP)”។
ជាមួយគ្នានេះ ក្រុមហ៊ុនA2A Town Cambodiaក៏បានវិនិយោគរមណីយដ្ឋាននិងផ្ទះលំហែរកាយចុងសប្តាហ៍នៅរមណីយដ្ឋានគិរីរម្យផងដែរ ដែលគម្រោងនេះរួមមានផ្ទះស្នាក់នៅច្រើនប្រភេទ ទីលានបោះតង់ដែលអាចផ្ទុកមនុស្សបាន២០០០នាក់ និងគំរោងទីលានវាយកូនហ្គោលជាដើម។
នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនA2A Town Cambodiaលោកហ៊ិន សុជាតិ បានមានប្រសាសន៍ថា វាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យគំរោងនេះដំណើរការ ខណៈការសាងសង់ផ្ទះសម្រាប់លំហែរកាយលក់ ទទួលបានអតិថិជនភាគច្រើនជាជនជាតិជប៉ុន ច្រើនជាងអ្នកវិនិយោគក្នុងស្រុក។លោកបន្តថា ក្នុងចំណោមផ្ទះលំហែរកាយ ដែលសាងសង់សម្រាប់លក់ប្រមាណ៨០ផ្ទះ រហូតមកទល់ពេលនេះលក់អស់បានប្រមាណ៦០ទៅ៧០ភាគរយហើយ។
ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ការវិនិយោគលើគំរោងអចលនទ្រព្យបែបរមណីយដ្ឋាន ពិតជាបាននិងកំពុងកើនឡើង ដោយសារប្រជាជនចាប់ផ្តើមស្វែងរកពេលវេលាលំហែរ ព្រោះប្រាក់ចំណូលពួកគេកើនឡើង។លោកបន្តថា យើងអាចចាត់ទុកជាផលិតផលថ្មីក្នុងវិស័យនេះនៅកម្ពុជា តែមិនមែនជារឿងថ្មីនៅបណ្តាប្រទេសនានានោះទេ។
លោកបន្តថា “ការវិនិយោគបែបនេះក៏ជាផ្នែកមួយ ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ ហើយជាការជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”៕
ប្រភព : www.propertyarea.asia