Register Already an agent ? Login

ដំណឹងរីករាយៈការនាំចូលគ្រឿងចក្រមកសាងសង់ផ្លូល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹង​មកដល់កម្ពុជានៅចុងខែមករានេះហើយ

​ភ្នំពេញ: នៅទីបំផុតការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុកាន់តែខិតជិតមកដល់ហើយ ដោយបច្ចុប្បន្នក្រុមហ៊ុនចិនដែលទទួលបន្ទុកសាងសង់ផ្លូវនេះនឹងដឹកគ្រឿងចក្រមកដល់កម្ពុជានៅចុងខែមករានេះហើយ។

​អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនលោកនូ វឌ្ឍនៈបាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាសៀលថ្ងៃទី៤ មករានេះថា គ្រឿងចក្រសម្រាប់សាង​សង់ផ្លូវល្បឿនលឿននេះ នឹងដឹកមកដល់កម្ពុជានៅចុងខែមករានេះ ដោយគ្រឿងចក្រទាំងនោះមានតម្លៃប្រមាណ១០០លានដុល្លារអាមេរិក។ លោកបន្តថា បច្ចុប្បន្នក្រុមអ្នកជំ​នាញចិនជិត២០០នាក់បានមកដល់កម្ពុជាហើយ ហើយការសាងសង់ស្ថានីយ៍និងការរិយា​ល័យសំរាប់ស្នាក់នៅនឹងចាប់ផ្តើមសាងសង់នៅពេលឆាប់ៗនេះ។

​លោកបន្តថា “ជាមួយគ្នានេះរដ្ឋាភិបាលបាននិងកំពុងពន្លឿនការដោះស្រាយផល​ប៉ះពាល់លើប្រជាពលរដ្ឋ ដែលមានដីនៅតាមតំបន់ទាំងនេះ ដែលការងារនេះមានភាពស្មុគ្រស្មាញបន្តិច”។លោកបន្តថា “ពេលវេលាបើកការដ្ឋានសាងសង់នាពេលណា ខ្ញុំមិនទានច្បាស់នៅឡើយទេ ប៉ុន្តែគឺមិនចំណាយពេលយូរនោះទេ”។

​បើយោងតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ នឹងចាកចេញពីតំបន់អូរដឹម នៃចំណុចប្រសព្វរវាងផ្លូវទៅទំនប់កប់ស្រូវ និងអូស​កាត់ផ្នែកខាងស្តាំដៃនៃផ្លូវជាតិលេខ៤។ លោកបន្តថា ចេញពីរាជធានីភ្នំពេញ ផ្លូវនេះនឹងស្ថិតនៅផ្នែកខាងស្តាំស្របតាមផ្លូវជាតិលេខ៤ ប្រវែងប្រមាណ៣០គីឡូម៉ែត្រ ទើបផ្លូវនេះងាកមកឆ្វេងដៃវិញរហូតដល់ស្រុកព្រៃនប់ ទើបងាកមកខាងស្តាំដៃវិញរហូតដល់ក្រុងព្រះសីហនុ។

លោកបន្តថា “ផ្លូវដ៏សំខាន់នេះនឹងសាងសង់នៅខែវិច្ឆិកាហើយ នេះបើតាមការប្រ​កាលរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន”។លោកបន្តថា “ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់១៩០០លានដុល្លារនេះ នឹងសាងសង់រយៈពេល៤ឆ្នាំ ហើយផ្លូវនេះនឹងមានរបងបិទជិតទាំងសងខាង ដើម្បីកុំឲ្យមានការរំខានពីការធ្វើចរាចរណ៍ឆ្លងកាត់ច្រើន”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ផ្លូវល្បឿនលឿនឬ Express Wayនឹងមានទទឹង២៤ម៉ែត្រ ដោយរថយន្តអាចបើកបរបានពីរគន្លងទាំងទៅទាំងមក ហើយមានសួនច្បារនៅចំកណ្តាលតាំងពីរាជធានីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ៕

ប្រភព : www.propertyarea.asia