កណ្តាលៈ ក្រុមអ្នកជំនាញអចលនទ្រព្យបានអះអាងថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ១ នឹងបន្តឡើងថ្លៃបន្ដថែមទៀត ដោយសារគំរោងវិនិយោគធំៗបាននិងកំពុងចាប់ផ្តើមនៅតំបន់នេះ។
អ្នកស្រី តាំង ហួរ នាយិការក្រុមហ៊ុនAmatak property service, Co, Ltd បានថ្លែងប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ មករាកន្លងមកថា គិតគិតពីចំណុចច្បារអំពៅ ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតដល់ចំណុវាបានចាប់ផ្តើមមានសន្ទុះកើនឡើង នូវតម្លៃតាំងពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងក្រោយការបង្កើតផែស្ងួតមកម៉្លេះ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ និងកត់សម្គាល់ខ្លាំងបំផុតនាពេលនេះ គឺសកម្មភាពរបស់អ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍជាច្រើនកំពុងតែ សម្លឹងមើលតំបន់កៀនស្វាយ ជាពិសេសតំបន់ដែលស្ថិតនៅក្នុងឃុំដីឥដ្ឋតែម្ដង។
អ្នកស្រីបន្តថា “បើនិយាយពីតម្លៃដីធ្លី នៅតាមបណ្តោយផ្លូវជាតិលេខ១ បាននិងកំពុងកើនឡើងគ្រប់តំបន់ និងគ្រប់ទីតាំង គ្រាន់តែថាតំបន់ខ្លះឡើងខ្លាំង ហើយតំបន់ខ្លះឡើងតិចតែប៉ុណ្ណោះ”។ អ្នកស្រីបន្តថា “វាជាការធម្មតា កន្លែងមួយដែលមានការអភិវឌ្ឍ និងជាតំបន់ប្រជុំ ដែលមានការធ្វើពាណិជ្ជកម្ម កន្លែងនោះគឺតែងមានហាងឆេងល្អ ជាក់ស្ដែងដូចជាដីដែលស្ថិតនៅតំបន់ចាប់ពីផ្សារគគី រហូតដល់ឃុំដីឥដ្ឋ បើទោះជាស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ១ក៏ពិតមែន ប៉ុន្តែបើធៀបជាមួយដីដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់គល់ស្ពានអ្នកលឿងនោះ គឺមានអត្រាខ្ពស់ជាង”។
ដោយឡែកពាក់ព័ន្ធទៅនឹងភាពល្អប្រសើរ នៃតម្លៃដីដែលស្ថិតនៅក្នុតំបន់ឃុំដីឥដ្ឋវិញ បច្ចុប្បន្ននេះយើងថាវាកំពុងតែមានភាពទាក់ទាញខ្លាំង ព្រោះតំបន់នេះកំពុងតែមានគម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋានច្រើន ដូចជាសំណង់ផ្ទះល្វែង ក៏ដូចជាបុរីផងដែរនោះ វាក៏មានមជ្ឈមណ្ឌលកម្សាន្តដ៏ធំរបស់ចិន ដែលមានឈ្មោះថា ព្រីនស៍ ម៉ាណ័រ ផងដែរ។
អ្នកស្រីតាំង ហួរបានបន្តថា កត្តទាំងនេះហើយដែលជាកក្តាជម្រុញឱ្យតម្លៃនៅតំបន់នេះ កើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ ដែលសព្វថ្ងៃតម្លៃដីដែលស្ថិតនៅជាប់ផ្លូវជាតិលេខ១ អាចមានចាប់ពី២៨០ដុល្លារ ទៅ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយឡែកសម្រាប់ដីដែលស្ថិតនៅឆ្ងាយពីផ្លូវជាតិ ឬដីភូមិនៅក្បែរផ្លូវជាតិ អាចមានតម្លៃចាប់ពី១៥០ទៅ២០០ដុល្លារ។
ជាមួយគ្នានេះ លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែលបច្ចុប្បន្នកំពុងមានសកម្មភាពយ៉ាងមមាញឹក វិនិយោគវិស័យដីធ្លីនៅក្នុងតំបន់កៀនស្វាយផងដែរនោះបានមានប្រសាសន៍ឲ្យដឹងផងដែរថា មិនយូរទៀតនោះទេ ស្រុកកៀនស្វាយ និងមានសក្ដានុពលខ្លាំង មិនចាញ់តំបន់ជុំវិញរាជធានីភ្នំពេញឯទៀតនោះទេ ។
សព្វថ្ងៃនេះ ដោយសារតែផ្ទៃដីនៅក្នុងក្រុងមានភាពចង្អៀត និងមានតម្លៃថ្លៃផងនោះ បានជម្រុញឱ្យបណ្តាអ្នកវិនិយោគនានា ងាកទៅកាន់តំបន់ជាយក្រុង ដែលក្នុងនោះកៀនស្វាយ ក៏ស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញទាំងអស់នោះផងដែរ ដែលការវិនិយោគទាំងនោះ មានដូចជា ការសង់សំណង់លំនៅដ្ឋានតម្លៃមធ្យម សំណង់បុរី មណ្ឌលកម្សាន្តកែច្នៃ ជាដើម ហើយអ្នកវិនិយោគមួយចំនួន ក៏កំពុងវិនិយោគដោយផ្ទាល់ជាមួយការពុះដីឡូត៍ផងដែរ។
លោកបន្តថា “អ្វីដែលជាហេតុផលបណ្តាលឱ្យដីនៅតំបន់កៀនស្វាយ មានភាពលេចធ្លោ ក៏ព្រោះតែទីនេះនៅមានវិសាលភាពផ្ទៃដីនៅទូលាយច្រើន តម្លៃដីនៅមានកម្រិត ជាពិសេសជាតំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងទី3 មានទំហំផ្លូវថ្នល់ដល់ទៅ60ម៉ែត្រ ដែលជាផ្លូវតភ្ជាប់សេដ្ឋកិច្ចយ៉ាងសំខាន់”៕
ប្រភព : www.propertyarea.asia