ភ្នំពេញ: អ្នកវិនិយោគមួយក្រុមបានសម្រេចចិត្តបោះទុនរួមគ្នា លើទឹកប្រាក់ប្រមាណ៦០ម៉ឺនដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍គំរោងរមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងប្រភេទដីឡូត៍ធំៗ សម្រាប់សាងសង់ផ្ទះលំហែរកាយនាជាយក្រុងសៀមរាប។
លោកម៉ោង ម៉ាតាំងសហស្ថាបនិក និងក្រុមភាគហ៊ុនិកនៃគំរោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងដីឡូត៍ សម្រាប់សាងសង់ផ្ទះលំហែរកាយ បានមានប្រសាសន៍ឲ្យដឹងនាព្រឹក ថ្ងៃទី២ មករានេះថា គំរោងនេះស្ថិតនៅលើផ្ទៃដីជាង២៣ហិកតា ក្នុងនោះផ្ទៃដីជាង៤ហិកតានឹងត្រូវរៀបចំជារំណីយដ្ឋានធម្មជាតិ ដោយមានអាងហែលទឹក ផ្ទះលំហែរ កន្លែងបោះតង់ សួនច្បារ ស្ពានសម្រាប់ទស្សនាព្រៃសហគមន៍ជាដើម។
លោកបន្តថា គំរោងនេះមានទីតាំងជាប់ផ្ទះសំណាក់បៃតង និងគំរោងរមណីយដ្ឋានធម្មជាតិស្រះដូនរីក ដែលអភិវឌ្ឍន៍ដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP)។
គំរោងនេះស្ថិតនៅក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសៀមរាប។
លោកម៉ោង ម៉ាតាំងបានមានប្រសាសន៍ឲ្យដឹងទៀតថា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ ដោយឈរលើការអភិវឌ្ឍនិងអភិរ័ក្សធនធានធម្មជាតិ យើងមានផ្ទះគំរូសម្រាប់អ្នកទិញដីឡូត៍ក្នុងគំរោងនេះ ដែលដីឡូត៍មានទំហំចាប់ពី១០គុណនឹង៣០ម៉ែត្រ និងទំហំធំជាងនេះ ដោយលក់ក្នុងតម្លៃចាប់ពី៦៩០០ដុល្លារអាមេរិកឡើងទៅ ប៉ុន្តែបើអតិថិជនទិញចន្លោះថ្ងៃទី១ ដល់ទី១៥មករាខាងមុខនេះ នឹងទទួលបានការបញ្ចុះតម្លៃ២០០០ដុល្លារអាមេរិក ហើយបើអតិថិជនទិញបង់រំលោះ នឹងមានការបង់រំលស់ឥតការប្រាក់រយៈពេល៤ឆ្នាំ ប៉ុន្តែបើអតិថិជនទិញបង់ផ្តាច់ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៣០០០ដុល្លារអាមេរិក។
អតិថិជនចាប់អារម្មណ៍អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ០៧៨ ៤៩៩៥៩៩និងលេខមួយខ្សែទៀត ០៨៧ ៣៣៣ ៤៦៦។
ទាក់ទងនឹងក្តានុពលគំរោងនេះ លោកម៉ោង ម៉ាតាំងបានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះមានលក្ខណៈពិសេស ដោយមានព្រៃសហគមន៍នៅជុំវិញ មានរមណីយដ្ឋានធម្មជាតិពីរកន្លែង ដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាលំហែរ ពិសេសនៅពេលរសៀល គេអាចគយគន់ទេសភាពដ៏ស្រស់ស្អាត នៃជួរភ្នំគូលែនផងដែរ។
លោកបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋក្រុងសៀមរាប ក៏ដូចជា បណ្តាទីក្រុងផ្សេងទៀតបានចេញលំហែរ និងសម្រាកកំសាន្តនៅជាយក្រុង ដើម្បីគយគន់ទេសភាព ក៏ដូចជាសម្រាកលំហែរកាយជាមួយក្រុមគ្រូសារមិត្តភ័ក្តិ បន្ទាប់ពីបំពេញការងារនឿយហត់ពេញមួយសប្តាហ៍។
លោកបន្តថា “រមណីយដ្ឋានធម្មជាតិស្រះខ្វាវ ពិតជាស័ក្ខិសមសម្រាប់ការសាងសង់ផ្ទះលំហែរផ្ទាល់ខ្លួន ឬសម្រាប់ជួលជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលអាចទទួលបានប្រាក់ចំណូលជាប្រចាំផងដែរ”។លោកបន្តថា “យើងមានផ្ទះគំរូសំរាប់អ្នកទិញដីក្នុងគំរោងនេះ ជាប្រភេទផ្ទះឈើប្រក់ក្បឿង ឬប្រក់ស្លឹក ដែលបន្ស៊ីគ្នាជាមួយធម្មជាតិជុំវិញដ៏ស្រស់ត្រកាល”។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានបានមានប្រសាសន៍ថា ការអភិអភិវឌ្ឍរមណីយដ្ឋានធម្មជាតិនានា ជាផ្នែកមួយនៃផលិតផលទេសចរណ៍ ដែលទាក់ទាញឲ្យភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា និងស្នាក់នៅកាន់តែយូរនៅខេត្តសៀមរាប ហើយការវិនិយោគរមណីយដ្ឋានបែបនេះ កាន់តែច្រើនកាន់តែល្អ ព្រោះភ្ញៀវអន្តរជាតិស្នាក់នៅខេត្តសៀមរាប ពួកគេកម្រស្នាក់នៅលើសពី៣យប់ណាស់។
លោកបន្តថា សូម្បីនៅប្រទេសចិន គេដាំតែចម្ការផ្កា ក៏អាចទាក់ទាញភ្ញៀវបានរាប់ពាន់នាក់ និងអាចេកលុយបានរាប់ម៉ឺនដុល្លារដែរ ព្រោះអ្នកទេសចរណ៍ចង់បានអ្វីជាចំណីចក្ខុរបស់ពួកគេ និងអ្វីដែលប្លែក។
លោកបន្តថា “យើងត្រូវតែបង្កើតគោលដៅទេសចរណ៍ថ្មីៗ ឬផលិតផលទេសចរណ៍ថ្មីៗឲ្យបានកាន់តែច្រើន ដើម្បីទាក់ទាញភ្ញៀវឲ្យស្នាក់នៅយូរ និងចំណាយប្រាក់ច្រើននៅកម្ពុជា”។
លោកចៅ សេងថៃអគ្គនាយកក្រុមហ៊ុនGaol Property Serviceបានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នមានអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ បានចាប់អារម្មណ៍វិនិយោគគំរោងបែបនេះច្រើន ដែលជាការផ្តល់ជម្រើសឲ្យភ្ញៀវទេសចរណ៍កាន់តែច្រើន អាចទៅសម្រាកលំហែរ និងស្នាក់នៅយូរក្នុងខេត្តសៀមរាប។
លោកបន្តថា”គំរោងបែបនេះនឹងទទួលបានជោគជ័យ សំខាន់គឺទស្សនវិស័យរបស់អ្នកអភិវឌ្ឍន៍ចង់ចាប់យកអតិថិជនប្រភេទណា”៕
ប្រភព : www.propertyarea.asia