Register Already an agent ? Login

ស្ពានខ្ពស់ជាងគេកម្ពស់៩០ម៉ែត្រ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដាក់ឱ្យឆ្លងកាត់សាកល្បងមុនចូលឆ្នាំខ្មែរ ២០២៥

ភ្នំពេញ៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ នឹងដាក់ឱ្យឆ្លងកាត់សាក​ល្បងមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។ បើតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។

បើតាម លោក ផន រឹម បានសរសេរលើបណ្ដាញសង្គមផ្លូវការលោកថា ពីលើកំពូលស្ពាន នឹងមើលឃើញផ្លូវអន្ទង់អាំងជាច្រើនកន្លែង, ព្រៃព្រឹក្សាខៀវស្រងាត់គ្រប់រដូវកាល, ពពកមីដេរដាស, អ័ព្ទបែកផ្សែងផុតកន្ទុយភ្នែក, សម្រស់ទឹកស្ទឹងដំណាក់ក្បូន,ជ្រលងស្ទឹងឫស្សីជ្រុំ, តំបន់វាលវែង និងអូរសោមជាដើម..។ល។

ស្ពានលេខ២៨ ខ្ពស់ជាងគេនេះ មានចំណុចកណ្តាលស្ពាន​ស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់​តាមជ្រលង​ស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើ​មានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ។

ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទ​គ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទ​គ្រឹះខួង។

ស្ពាននេះឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់​ផ្លូវជាតិលេខ១០ មានកម្ពស់៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពាន​រចនាតាមស្តង់ដាចិនហាយវេកម្រិត៣ ដែលមានបន្ទុកចំនួន ៥៥តោន ដោយគ្រោងចំណាយ ២២,៩២លានដុល្លារ។

គួសបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៩២,៩៤% ខណៈស្ពានខ្ពស់ជាងគេដែលស្ថិតនៅលើផ្លូវជាតិមួយនេះ សម្រេចបាន ៧៩%។ បើតាម លោក បុង ប៊ុនហួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោង ចុះពិនិត្យវឌ្ឍនភាពការងារ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) វឌ្ឍនភាពនៃគម្រោងផ្លូវជាតិមួយខ្សែនេះ មានដូចជា៖ ការងារស្ថាបនាផ្លូវថ្នល់ ការងារលូកាត់ទទឹងថ្នល់ និងលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេ សងខាងផ្លូវ ការងារសាងសង់ស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គ្រោងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ចំណាយថវិកាសរុបជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)