Register Already an agent ? Login

លក្ខខណ្ឌនិងនីតិវិធីស្នើសុំ “អាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ” មានបំណងធ្វើសកម្មភាពអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារ

ភ្នំពេញ៖ បុគ្គលដែលមានបំណងធ្វើសកម្មភាពអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវមានអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ដែលចេញដោយ អគ្គនាយកដ្ឋានពន្ធដារ។

ដើម្បីស្នើសុំអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ពីអគ្គនាយកដ្ឋានពន្ធដារ បុគ្គលស្នើសុំត្រូវដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ មកអគ្គនាយកដ្ឋានពន្ធដារ តាមទម្រង់និងសេចក្តីណែនាំដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារហើយនិងត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

១-ចុះបញ្ជីពន្ធដារ ជាអ្នកជាប់ពន្ធមធ្យមឬធំ

២-មានអ្នកតំណាងណាម្នាក់ដែលជានាយក ឬបណ្ណាធិការ ឬកម្មសិទ្ធិករ ដែលកាន់កាប់ភាគហ៊ុន ឬសិទ្ធិបោះឆ្នោត ចាប់ពី ៥០% ឡើងទៅ និងមានលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

ក- បុគ្គលមានវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈពន្ធដារចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាព ឬ

ខ- ក្រុមហ៊ុននីតិបុគ្គល ឬក្រុមហ៊ុនសហកម្មសិទ្ធិ ដែលទទួលបានអាជ្ញាបណ្ណសេវាកម្មគណនេយ្យនិងសវនកម្មដែលចេញដោយក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬ

គ- គណនេយ្យករ និងសវនករជំនាញ ដែលជាសមាជិកវិទ្យាស្ថានគណនេយ្យករ និងសវនករជំនាញកម្ពុជា ឬ

ឃ- អតីតមន្ត្រីពន្ធដារ ហើយធ្លាប់បានបម្រើការងារនៅរដ្ឋបាលសារពើពន្ធកម្ពុជាចាប់ពី ១០ឆ្នាំឡើងទៅ និងមិនធ្លាប់ប្រព្រឹត្តបទល្មើស ទាក់ទិននឹងពន្ធដារ ឬផ្សំគំនិតជាមួយអ្នកជាប់ពន្ធក្នុងការគេចវេះពន្ធឬបន្លំប្រាក់ពន្ធ និងមិនធ្លាប់ទទួលពិន័យផ្សេងៗពីអគ្គនាយកដ្ឋាន ពន្ធដារ ឬពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬពីតុលាការ។

គួរបញ្ជាក់ថា បុគ្គលស្នើសុំអាចដាក់ពាក្យស្នើសុំ “អាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ តាមប្រព័ន្ធគ្រប់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ តាមជំហាន ដូចតទៅ៖

ជំហានទី១-ចូលទៅកាន់គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារដែលមានអាសយដ្ឋាន https://www.tax.gov.kh រួចជ្រើសរើសសេវាកម្ម អេឡិចត្រូនិកពន្ធដារ បន្ទាប់មកជ្រើសរើស “ប្រព័ន្ធគ្រប់គ្រងវិញ្ញាបនបត្រពន្ធដារ ដោយប្រើប្រាស់គណនីដែលមានស្រាប់ ដែលបានប្រើប្រាស់សម្រាប់ចូលប្រព័ន្ធផ្សេងៗទៀតរបស់អគ្គនាយកដ្ឋានពន្ធដារ ឬចុច “បង្កើតគណនីថ្មី” សម្រាប់អ្នកដែល មិនធ្លាប់ចូលប្រើប្រាស់ប្រព័ន្ធ។

ជំហានទី២-ជ្រើសរើសមុខងារ “ស្នើសុំអាជ្ញាបណ្ណភ្នាក់ងារអសវាកម្មពន្ធដារ រួចជ្រើសរើសប្រភេទនៃការស្នើសុំ (ស្នើសុំថ្មី បន្តសុពលភាព ព្យួរ ឬធ្វើបច្ចុប្បន្នភាពអាជ្ញាបណ្ណ) បន្ទាប់មកបំពេញនិងពិនិត្យព័ត៌មានអ្នកស្នើសុំ ព័ត៌មានសហគ្រាសស្នើសុំ ព័ត៌មានផ្សេងទៀត ដែលប្រព័ន្ធតម្រូវតាមប្រភេទស្នើសុំ និងព័ត៌មានបុគ្គលិកឱ្យបានត្រឹមត្រូវ។ បញ្ជាក់៖ សម្រាប់ព័ត៌មានបុគ្គលិក សូមបំពេញតែព័ត៌មានបុគ្គលិកដែលទទួលបន្ទុកផ្តល់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារតែប៉ុណ្ណោះ។

ជំហានទី៣-បង់កម្រៃសេវាអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ និងដាក់ពាក្យស្នើសុំ៖ ករណីស្នើសុំអាជ្ញាបណ្ណថ្មី ឬបន្តសុពលភាព សូមចុច បង់កម្រៃសេវាភ្នាក់ងារសេវាកម្មពន្ធដារ និងដាក់ស្មើដើម្បីបង់ប្រាក់កម្រៃសេវាអាជ្ញាបណ្ណ ក្រោយពីបង់ប្រាក់កម្រៃសេវារួចប្រព័ន្ធនឹងបញ្ជូនការស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារដោយស្វ័យប្រវត្តិ ករណីស្នើសុំព្យួរអាជ្ញាបណ្ណ ឬបច្ចុប្បន្នភាព សូមចុច ដាក់ស្នើ” តែម្តងដោយមិនតម្រូវឱ្យបង់ប្រាក់កម្រៃសេវាលើការ ព្យួរអាជ្ញាបណ្ណ ឬបច្ចុប្បន្នភាពនោះទេ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)