ភ្នំពេញ ៖ ស្របពេលទីផ្សារលំនៅដ្ឋានកម្ពុជា នៅតែមានសញ្ញាវិជ្ជមាន អ្នកជំនាញផ្នែកស្ថាបត្យកម្មបានថ្លែងថា ការសាងសង់លំនៅដ្ឋានភាគច្រើនគោរពបានតាមស្តង់ដាបរិស្ថានល្អប្រសើរហើយ តែនៅមានចំណុចត្រូវកែលំអរជាច្រើនទៀត។
លោកឧកញ៉ា តេង រិទ្ឋី អគ្គនាយកក្រុមហ៊ុន R INVESTMENT GROUP បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការអភិវឌ្ឍលំនៅដ្ឋាននៅតាមបុរីនានាភាគច្រើនគោរពបានតាមស្តង់ដាហើយ ប៉ុន្តែនៅមានការងារជាច្រើនទៀត ដែលអ្នកអភិវឌ្ឍន៍ត្រូវគិតគូលើហេដ្ឋារចនាសម្ព័ន្ឋ ភាពបៃតង ពិសេសស្តង់ដាលំនៅដ្ឋានដោយបែងចែកឲ្យបានច្បាស់លាស់រវាងផ្ទះសម្រាប់រស់នៅឬផ្ទះសម្រាប់ធ្វើអាជីវកម្ម។ លោកបន្តថា “ទោះជាលំនៅដ្ឋាននៅតាមបុរីភាគច្រើន គោរពបានតាមស្តង់ដាក្តី ប៉ុន្តែអ្នកវិនិយោគផ្ទះល្វែង២០ទៅ៣០ល្វែងសម្រាប់លក់ ក៏គួរគិតគូរជាចម្បងទៅលើហេដ្ឋារចនាសម្ព័ន្ឋ ពិសេសផ្លូវឲ្យបានធំទូលាយ ជៀងវាងមានបញ្ហានៅពេលអនាគត”។ លោកបន្តថា “លំនៅដ្ឋានសម្រាប់ស្នាក់នៅគួរមានបណ្តោយប្រវែង១២ម៉ែត្រ ព្រោះវាធ្វើឲ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ តែបើលំនៅដ្ឋានសំរាប់ធ្វើអាជីវកម្មផ្ទះល្វែងគួរធ្វើវែងជាងនេះ១៤ទៅ១៦ម៉ែត្រ”។
លោកឧកញ៉ា តេង រិទ្ឋី ដែលជាអ្នកផ្តល់ប្រឹក្សាយោបល់ដល់អ្នកអភិវឌ្ឍន៍ជាច្រើនលើគម្រោងលំនៅដ្ឋានបានបន្តថា នៅពេលនិយាយពីទីផ្សារ ការសាងសង់លំនៅដ្ឋានមិនអាចធ្វើឡើងតាមបែបបទ ឬរចនាបទខ្មែរតែមួយមុខនោះទេ តែត្រូវរួមបញ្ចូលគ្នានូវរចនាបទបែបអឺរ៉ុប និងអាស៊ីបញ្ចូលគ្នា ព្រោះប្រជាជនកម្ពុជាកាន់តែមានភាពស៊ីវិល័យ និងត្រូវការលំនៅដ្ឋានដែលមានស្តង់ដាមួយ និងមានភាពទាក់ទាញ ក៏ដូចជាផ្តល់ផាសុកភាពសំរាប់រស់នៅ។
ទីផ្សារលំនៅដ្ឋាននៅកម្ពុជានៅតែមានតម្រូវការខ្ពស់ ដោយយោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរកឃើញថា កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១លានខ្នងបន្ថែមទៀតនៅចន្លោះឆ្នាំ ២០១៥ – ២០៣០៕
ប្រភព : www.propertyarea.asia