ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្រោមនយោបាយឈ្នះ ឈ្នះ ក្នុងយៈពេល ២០ឆ្នាំកន្លងមកនេះ បានធ្វើឱ្យវិស័យដីធ្លីនៅទូទាំងប្រទេសបានកើនឡើងយ៉ាងខ្លាំង ដោយសារប្រទេសមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ។
សម្តេចតេជោ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ ឈ្នះ» និងអបអរសាទរខួប ២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៩ ខែធ្នូនេះ ថា ដោយឡែកនៅតំបន់ប៉ោយប៉ែតដែលកាលពីមុនពោពេញទៅដោយសង្គ្រាម និងស្ងាត់ស្រងំ និងគ្មានការអភិឌ្ឍន៍ តែមកដល់ពេលនេះ តម្លៃដីធ្លីឡើងថ្លៃគួរឱ្យកត់សម្គាល់ ហើយមានអ្នកសម្រុកទៅទិញដីនៅទីនោះយ៉ាងផុលផុសជាទីបំផុត។
ប្រការនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ ដោយសម្តេចសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋទទូលបានប្រាក់ចំណូលជាមធ្យម ១៦០០ដុល្លារ ហើយបន្តកើនឡើងប្រាប់ចំណូលកម្រិតមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។
សម្តេចតេជោបានប្តេជ្ងាអភិវឌ្ឍន៍តំបន់អតិតសាមរភូមិនានានៅទូទាំងប្រទេសកម្ពុជាជាពិសេសនៅប៉ែកខាងលិចនៃប្រទេសឱ្យមានការអភិឌ្ឍន៍ និងរីកចម្រើនឱ្យក្លាយទៅជាតំបន់ទេសចរណ៍ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទៅលេងកម្សាន្តថែមទៀតផងដែរ។
កម្ពុជា អបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្ត្រនៃ វិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។
វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្គ្រាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ៕
ប្រភព : www.propertyarea.asia