ភ្នំពេញ: បន្ទាប់ពីរាជធានីភ្នំពេញ ការអភិវឌ្ឍលើវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្នត្រូវបានរីកដុះដាលដល់ទឹកដីក្រុងតាខ្មៅ ដែលកំពុងតែសន្ទុះយ៉ាងខ្លាំងរួមជាមួយនឹងសកម្មភាពនៃការសាងសង់សំណង់នានាយ៉ាងស្អេកស្កះ។
បច្ចុប្បន្នក្នុងទឹកដីក្រុងតាខ្មៅមានបុរីប្រមាណ១០ បាននិងកំពុងសាងសង់ និងគំរោងខ្លះបានបញ្ចប់ការសាងសង់។ ក្រៅពីបុរីក្រុងតាខ្មៅក៏មានការសាងសង់មណ្ឌលពាណិជ្ជកម្ម ខុនដូ និងអាផាតមិនជាដើម ដែលជាកត្តាជម្រុញឱ្យតម្លៃដីនៅក្នុងតំបន់នេះមានការកើនឡើងគួរឱ្យកត់សម្គាល់។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលទើបតែជាប់ជាបេក្ខភាពប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ អាណត្តិទី៦ បានបង្ហើបឱ្យកាលពីរសៀលថ្ងៃទី២៨ ធ្នូលន្លងមកថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅក្រុងតាខ្មៅ រាប់ទាំងវិស័យសំណង់ ក៏ដូចជាតម្លៃដីធ្លី គឺមានសន្ទុះយ៉ាងខ្លាំង ជាពិសេសដីដែលស្ថិតនៅក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សំណង់លំនៅដ្ឋានតែម្ដង។
លោកថា “ក្រុងតាខ្មៅ ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺជាទីតាំងដែលមានអំណោយផលយ៉ាងប្រសើរ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ”។លោកបន្តថា អាស្រ័យដោយរាជធានីភ្នំពេញពោរពេញ ទៅសំណង់អាគារធំៗស្អេកស្កះ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នោះ បានជម្រុញឱ្យកត្តាប្រជាសាស្រ្តងាកទៅរកតំបន់ជិតខាង ដែលមានភាពទូលាយដើម្បីស្នាក់នៅ”។
ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ មានសំណង់លំនៅដ្ឋានជាច្រើន ក៏ដូចជាបុរីផងដែរ បាន និងកំពុងធ្វើការអភិវឌ្ឍជាហូរហែរ រហូតកើតមានជាសំណង់អាផាតមិន និងខុនដូផងដែរ។
ដោយសារតែតម្រូវការទាំងអស់នេះហើយ បានជម្រុញឱ្យតម្លៃដីនៅក្នុងតំបន់តាខ្មៅកើនឡើងយ៉ាងខ្លាំង ដូចជានៅតំបន់មណ្ឌលពាណិជ្ជកម្ម តម្លៃដីអាចមានសន្ទុះចាប់ពី 800-1300 ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសពីនេះ ចំពោះតំបន់ពិសេសមួយចំនួនតូច។ ដោយឡែកសម្រាប់តម្លៃដីនៅតំបន់សំណង់លំនៅដ្ឋានវិញ អាចមានសន្ទុះចាប់ពី 250-400 ក្នុងមួយម៉ែត្រការ៉េ។ សម្រាប់តម្លៃដីដូចដែលបានបង្ហាញជូនខាងលើនេះ វាជាតម្លៃនៅលើទីផ្សារនាពេលបច្ចុប្បន្ន បើប្រៀបធៀបកាលពីឆ្នាំកន្លងទៅ គឺមានកំណើនជាមធ្យមប្រមាណ១០ទៅ១៥ភាគរយ ហើយវានៅនឹងតែបន្តមានកំណើនបន្ថែមទៀតនៅឆ្នាំខាងមុខនេះ។
ជាមួយគ្នានេះផងដែរ លោក ច្រឹក សុខនីម ក៏បានបន្ថែមឱ្យដឹងទៀតថា យ៉ាងយូរនៅរយៈពេលប្រមាណ៥ឆ្នាំទៀត ក្រុងតាខ្មៅទាំងមូល នឹងក្លាយជាតំបន់ដ៏ពេញនិយមមិនចាញ់រាជធានីភ្នំពេញឡើយ ដោយសារតែក្រុងតាខ្មៅមានអំណោយផលយ៉ាងពិសេស ដែលក្រៅពីមានភូមិសាស្ត្រល្អ ទីតាំងជាប់រាជធានីភ្នំពេញ មានភាពងាយស្រួលក្នុងការធ្វើដំណើរដែលចំណាយពេលមិនលើស15នាទី ចេញពីតាខ្មៅ ចូលក្នុងរាជធានីភ្នំពេញតាមមហាវិថីសម្ដេច តេជោ (ផ្លូវ60ម៉ែត្រ) មានកំណើនប្រជាសាស្ត្រ និងមានភាពងាយស្រួលក្នុងការចាកចេញទៅតាមបណ្តាខេត្តនានាផងដែរ។
លោកបណ្ឌិតវ៉ាន់ វ៉ាតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ឲ្យដឹងថា ដោយសារកំនើនប្រជាសាស្រ្ត និងការអភិវឌ្ឍ ទើបឃុំចំនួន៤ ក្នុងស្រុកជុំវិញទីក្រុងនេះ ត្រូវបានកាត់បញ្ចូលមកដាក់ក្នុងរដ្ឋបាលក្រុងតាខ្មៅ។លោកបន្តថា ការដាក់បញ្ចូលនេះ នឹងធ្វើឲ្យមូលដ្ឋាននោះមានការអភិវឌ្ឍ ហើយប្រជាជននៅមូល ដ្ឋានមានកាន់តែមានជីវភាពល្អប្រសើរឡើង ដោយសារមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងផែនការអភិវឌ្ឍន៍ច្បាស់លាស់។
លោកបន្តថា “ប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ ត្រូវបានរដ្ឋាភិបាលអនុម័តរួចហើយ ហេតុនេះវានឹងធ្វើឲ្យក្រុងតាខ្មៅមានការអភិវឌ្ឍលឿន ហើយតម្លៃដីធ្លីក៏មានកំនើនខ្ពស់ផងដែរ”៕
ប្រភព : www.propertyarea.asia