Register Already an agent ? Login

កម្ពុជា​ចាប់បាន​ដៃគូ​ពង្រីក​ទីផ្សារ​នាំចេញ​ជាមួយ​រុស្ស៊ី​បាន​មួយ​ទៀតហើយ

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា កម្ពុជា​បាននិងកំពុង​តែ​ចាប់​ដៃគូ​ពាណិជ្ជកម្ម កាន់តែ​ធំ​ជាង​មុន​ជាមួយ​ប្រទេស​រុស្ស៊ី ដោយ​ផ្ដោត​សំខាន់​ទៅលើ​សម្លៀកបំពាក់ សម្រាប់​រដូវរងារ អាវ​រោមសត្វ ឬ​អាវធំ ដែលជា​សក្ដានុពល​ក្នុងការ​ពង្រីក​ទីផ្សារ​ធំ​ក្នុង​ការនាំចេញ​សម្លៀកបំពាក់​ពី​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ២០១៨ និង​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ២០១៩ កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្ល​ថ​មកនេះ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ដៃគូ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប-អាស៊ី ក្នុងនោះ​គឺ​ផ្ដោត​ជាមួយ ប្រទេស​រុស្ស៊ី បន្ទាប់ពី​ចរចា​រួចរាល់​ហើយ កម្ពុជា​នឹង​បើក​ទីផ្សារ​សម្លៀកបំពាក់​សម្រាប់ រដូវរងារ​ទៅកាន់​ប្រទេស​រុស្ស៊ី ដែលជា​សក្ដានុពល​ក៏ដូចជា​កាលា​នុ​វត្ដ​ភាព​របស់​កម្ពុជា​ផងដែរ។

លោក​បាន​បញ្ជាក់ថា​បន្ទា​ប់​ពី​ទីផ្សារ​រុស្ស៊ី កម្ពុជា​ក៏​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម គ្រប់​ជ្រុងជ្រោយ ដែល​អាច​ចរចា​បញ្ចប់​នៅ​ឆ្នាំ២០១៩ខាងមុខនេះ ហើយ​នេះ​គឺជា​ទីផ្សារ​ធំ មាន​មនុស្ស​ជាង​ពាក់កណ្ដាល​ពិភពលោក ដែល​កម្ពុជា​មានឱកាស​នាំចេញ ទៅកាន់​ប្រទេស ផ្សេងៗជាច្រើន​ទៀត​ដូចជា​ប្រទេស​ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អូស្ដ្រាលី និង​ប្រទេស ណូ​វែ​ល​សេ​ឡង់។ លោក​រំពឹងថា ក្នុង​ឆ្នាំ២០១៩ខាងមុខ កម្ពុជា​នឹងមាន​ភាព​ប្រកួតប្រជែង និង​ធ្វើការ​នាំចេញ​នូវ​ផលិតផល​បាន​ច្រើន ជាពិសេស​ការនាំចេញ​សម្លៀកបំពាក់​សម្រាប់ រដូវរងារ​ដែល​រហូត មកដល់ពេលនេះ​កម្ពុជា​កំពុង​ចរចា​បន្ដ​ខិតខំ​ជំរុញ​តាម​នីតិវិធី និង​យន្ដការ​នៃ​ការសម្របសម្រួល​ទៅតាម​ប្រទេសនីមួយ។

យោងតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុ​ជា មាន​កំណើនប្រមាណ១០ភាគរយ ក្នុង​ឆ្នាំ២០១៨ ដែល​កំណើន​នេះ ទទួលបាន​ពី​ការបន្ត​កើនឡើង​នៃ​វិស័យ​កាត់ដេរ និង​ការនាំចេញ​ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម​តាមរយៈ​ការខិតខំ​បើក ច្រក​ទីផ្សារ​នាំចេញ​ទៅកាន់​ជាង១៤៧ប្រទេស នៅ​ទូទាំង​ពិភពលោក៕

ប្រភព : www.propertyarea.asia