ភ្នំពេញ: អ្នកណាក៏ចង់ចំណេញច្រើន និងលក់ដីឆាប់ដាច់ដែរ នៅពេលអ្នកវិនិយោគស្វែងរកផលចំណេញ ប៉ុន្តែការទិញដីទាំងប្រថុយប្រថានគ្មានជំនាញច្បាស់លាស់ នឹងមិនធ្វើឲ្យការវិនិយោគរបស់ខ្លួនទទួលបានជោគជ័យនោះទេ។
គេហទំព័រPropertyarea.asia សូមលើកយកគំនិតអ្នកជំនាញក្នុងវិស័យនេះរយៈពេលជាង២ទសវត្សរ៍មកបង្ហាញ ហើយលោកតែងទទួលបានជោគជ័យនូវការទិញលក់ដីធ្លីជាប្រចាំ។
លោកកាង សុធី អគ្គនាយអគ្គនាយកក្រុមហ៊ុន 21 Land Station Real Estate បានលើកយកគំនិតជាច្រើនសម្រាប់ពិចារណា មុនសម្រេចចិត្តវិនិយោគលើដីធ្លី ដើម្បីលក់ឆាប់ដាច់ និងទទួលបានផលចំណេញច្រើន។
ត្រូវរកទិញដីមានតម្លៃទាបជាងទីផ្សារ
ការរកបានដីមានតម្លៃទាបជាងទីផ្សារ គឺទទួលបានជោគជ័យមួយជំហ៊ានរួចហើយ ប៉ុន្តែការរកដីបែបនេះបានគឺត្រូវព្យាយាម និងអត់ធ្មត់ ហើយអ្នកទិញត្រូវធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យច្រើន ជាមួយអាជ្ញាធរមូលដ្ឋានជាដើម។ ការរកបានដីបែបនេះ ជួលកាលត្រូវចំណាយពេល១ខែយូរ ឬឆាប់ជាងនេះអាស្រ័យលើការព្យាយាមរបស់យើង។
ការទិញដីឲ្យមានតម្លៃទាបជាងទីផ្សារ២០ភាគរយ ឬ៣០ភាគរយពិតជាល្អប្រសើរ ហើយយើងនឹងលក់ចេញបានលឿន និងត្រូវទុកឳកាសឲ្យអ្នកវិនិយោគបន្ទាប់ចំណេញផង កុំចង់ចំណេញតែម្នាក់ឯង។
ទិញដីនៅតំបន់អភិវឌ្ឍន៍
តំបន់អភិវឌ្ឍន៍ដែលមានរោងចក្រ សហគ្រាស ឬប្រជាជនរស់នៅច្រើនជាប្រភេទដីរស់ មានន័យថាមានចរន្តនៃតម្រូវការជាប្រចាំ។ ហេតុនេះការទិញដីឲ្យបានតម្លៃល្អ និងស្ថិតក្នុងផែនការអភិវឌ្ឍន៍ពិតជាល្អប្រសើរ ដែលធ្វើឲ្យយើងងាយលក់ចេញ និងចំណេញបានលឿន។
ទិញដីដែលមានសណ្ឋានដីល្អ
រូបរាងដីមានសណ្ឋានខុសៗគ្នា ហេតុនេះការទិញដីដែលរូបរាងស្អាត(មើលតាមប្លង់)ក៏ជាដី ដែលផ្តល់ឳកាសឲ្យអ្នកវិនិយោគងាយស្រួលលក់ចេញ និងចំណេញផងដែរ ប៉ុន្តែដីនៅក្នុងចំណុចទី៣នេះ ត្រូវមានរួមបញ្ចូលនូវចំណុចទី១និងទី២ខាងលើផងដែរ។
ទិញដីនៅតាមផ្លូវធំនិងជាផ្លូវវែង
តម្លៃដីក៏មានការប្រែប្រួលលើទាក់ទងនឹងទំហំ និងទាក់ទងនឹងប្រវែងផ្លូវផងដែរ ព្រោះដីនៅតំបន់ផ្លូវតូចៗ និងផ្លូវទាល់មិនងាយឡើងថ្លៃ និងពិបាករកអតិថិជនផងដែរ។ ប្រសិនជាយើងទិញដីនៅលើផ្លូវទ័ល ផ្លូវតូចចង្អៀតមិនទទួលបានជោគជ័យក្នុងការលក់ និងទទួលបានផលចំណេញនោះទេ។
ទិញដីនៅតំបន់ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល
ការដឹងព៌តមានលឿន និងមុនគេ ជាជំហ៊ានជោគជ័យមួយរួចទៅហើយ ប៉ុន្តែការទទួលបានព៌តមានលឿន ពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជនជារឿងពិបាកមួយ ដែលទាមទារឲ្យយើងតាមដានព៌តមាន និងមានប្រភពស្និទ្ឋនឹងរដ្ឋាភិបាល ព្រោះមានតែមន្រ្តីរដ្ឋាភិបាលទេ ដែលអាចដឹងរឿងនេះបានមុនគេនិងឆាប់រហ័ស។
ដូច្នេះបើយើងទិញដីស្ថិតនៅក្នុងតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលបានឆាប់រហ័ស និងជាគំរោងដែលមិនចំណាយេពេលយូរដើម្បីចាប់ផ្តើម យើងនឹងទទួលបានផលចំនេញលឿន និងលក់ឆាប់ដាច់ផងដែរ៕
ប្រភព : www.propertyarea.asia