ភ្នំពេញ៖ ក្រុមហ៊ុនធំមួយបានប្រកាសគំរោងវិនិយោគទឹកប្រាក់៩៤,៥លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារប្រណីត កម្រិតផ្កាយ៥ នៅតំបន់ជ្រៃធំក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
យោងតាមសេចក្តីប្រកាសព៌តមាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលយើងទទួលបាននាព្រឹកថ្ងៃទី២៥ ធ្នូនេះថា គណកម្មការធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តឲ្យក្រុមហ៊ុន SCORPIO CAMTRIP CO.,LTD គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៦០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៨ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល។
ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានរៀបចំរៀបចំប្លង់គោលជិតរួចហើយ ដើម្បីរៀបចំទីរួមស្រុកនេះមានលក្ខណៈពិសេស និងមានបែបផែនពិសេសមួយដែលត្រូវបានរដ្ឋាភិបាលបានអនុម័តរួចហើយ។
លោកបណ្ឌិតវ៉ាន់ វ៉ាតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តកណ្តាលបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃដដែលនេះថា រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានអនុម័តដាក់ឲ្យប្រើប្រាស់ប្លង់គោល ប្រើប្រាស់ដីទីប្រជុំជនជ្រៃធំ ដែលគ្របដណ្តប់លើភូមិចំនួន៣ និងមានប្រជាពលរដ្ឋរស់នៅប្រមាណ៧០០០នាក់។
លោកបន្តថា ការរៀបចំប្លង់គោលប្រើប្រាស់ដីនេះ ជាការជំរុញការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយនិរន្តរភាព និងធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍នៅតំបន់នោះមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ។
អភិបាលខេត្តកណ្តាល លោកម៉ៅ ភិរុណធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា អាជ្ញាធរខេត្តបាននិងកំពុងរៀបចំតំបន់ជ្រៃធំ ជាតំបន់ពិសេសមួយតាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានាឲ្យមានភាពសមស្រប ដើម្បីទាក់ទាញការអភិវឌ្ឍពីអ្នកវិនិយោគជាតិ និងអន្តរជាតិ៕
ប្រភព : www.propertyarea.asia