ព្រះសីហនុ: កំនើននៃទំហំវិនិយោគ បានធ្វើឲ្យក្រុងព្រះសីហនុផ្លាស់ប្តូរមុខមាត់យ៉ាងលឿន និងមិនគួរឲ្យជឿ ជាក់ស្តែងចំនួនសំណង់អាគារខ្ពស់ពី៥ជាន់ឡើង បានកើនដល់៦០អាគារ និងទុនវិនិយោគក្នុងវិស័យនេះ បានកើនដល់ជាង១០០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៨នេះ។
ជាមួយនឹងកំនើនប្រជាសាស្រ្ត ជាអ្នករកស៊ីធ្វើការងារ អ្នកវិនិយោគជាតិ-អន្ដរជាតិដែលបាននិងកំពុងសម្រុកកចូលមកដាក់ទុនរកស៊ីនៅខេត្ដព្រះសីហនុ បានធ្វើឲ្យទីក្រុងដែលធ្លាប់តែអ៊ូរអររៀបរាល់ចុងសប្តាហ៍នេះ ក្លាយទៅជាទីក្រុងមួយពេញដោយមនុស្ស ណែនណាប់តាន់តាប់ជាប្រចាំ ហើយទីក្រុងនេះមានសកម្មភាពរសរវើកស្ទើរពេញ២៤ម៉ោង។
អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ លោកយន្ត មីនបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៤ ធ្នូកន្លងមកថា រយៈពេលប៉ុន្មានឆ្នាំនេះ គឺក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ អ្នកវិនិយោគជាតិ-អន្ដរជាតិ បានចូលមកសិក្សាស្វែងរកឱកាសវិនិយោគ និងដាក់ទុនរកស៊ីជាបន្ដបន្ទាប់លើវិស័យនានា ដូចជាឧស្សាហកម្មទេសចរណ៍ ក្នុងនោះវិស័យសំណង់ បានបង្ហាញរូបរាងលេចធ្លោជាច្រើន ទាំងតូច ធំពាសពេញខេត្ដព្រះសីហនុ ដែលមានអាគារធំៗ ខ្ពសៗរាប់សិបជាន់។
លោកបន្តថា “វឌ្ឍនភាពរបស់ខេត្ដ នៃការកើនឡើងសំណង់ និងកំនើននៃអ្នកវិនិយោគនេះ គឺដោយសារកត្ដាធំៗពីរ នោះគឺកត្ដាសន្ដិភាព បានផ្ដល់នូវសុវត្ថិភាពក្នុងការកងសាង និងប្រកបរបររកស៊ីដោយសេរី និងកត្ដាច្បាប់ការពារប្រជាពលរដ្ឋ អ្នកវិនិយោគប្រកបដោយស្ថេរភាពល្អ សម្រាប់បរិស្ថានវិនិយោគនៅក្នុងខេត្ដព្រះសីហនុ”។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបានបង្ហាញ ក្នុងសន្និបាតក្រសួងកាលពីថ្ងៃម្សិលម៉ិញបានឲ្យដឹងថា ក្នុងរយៈពេល១១ខែនៃឆ្នាំនេះ ទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់មានទំហំទឹកប្រាក់រហូតដល់ជាង១០០០លានដុល្លារអាមេរិក កើនឡើងជាង១០០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ របាយការណ៍ដដែលបានឲ្យដឹងថា វិស័យសំណង់នៅខេត្ត ព្រះសីហនុមានការហក់ឡើងជាខ្លាំង ដោយមានគំរោងវិនិយោគរហូតដល់២៩៧គម្រោង ស្មើនឹងផ្ទៃក្រឡាសំណង់ជាង១,៦លានម៉ែត្រការ៉េ។
លោកយន្តមីន បានរំលឹកថា កាលពីមុនខេត្ដព្រះសីហនុ មានតែសណ្ឋាគារ៧ជាន់មួយគត់ដែលខ្ពស់ជាងគេ ប៉ុន្ដែឥឡូវនេះហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្ដអារាម ជាពិសេសសំណង់ធំ ខ្ពស់ និងទំនើបៗ រីកលូតលាស់តាំងពីរាជធានី/ខេត្ដ ក្រុង/ស្រុក ឃុំ/សង្កាត់ ជាដើម។ល។
លោកអភិបាលខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋបន្ដចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយជួយថែរក្សាសន្ដិភាព ដែលកំពុងមាន ដើម្បីបន្ដការអភិវឌ្ឍប្រកបដោយចីរភាព។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុ បានបង្ហាញឲ្យឃើញថា សំណង់តូច ធំ ក្នុងឆ្នាំ២០១៨ មានការកើនឡើង ប្រមាណ៣០ភាគរយ និងចំនួនគម្រោងបានកើនដល់២៨,៦៦ភាគរយ ធៀបទៅនឹងឆ្នាំមុន៕
ប្រភព : www.propertyarea.asia