Register Already an agent ? Login

ដំណាច់ឆ្នាំ២០១៨ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ប្រា​ក់ជាង ៥២០០លាន​ដុល្លារ

ភ្នំពេញ៖ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​សំណង់​នៅ​ដំណាច់ឆ្នាំ២០១៨នេះ សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង៥២០០លាន​ដុល្លារ​អាមេរិក ថយចុះ១៨ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ទឹកប្រាក់​ចំនួន៦៤០០លាន​ដុល្លារ​អាមេរិក។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែល​បានដាក់​បង្ហាញ​ក្នុង​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែធ្នូ​ឆ្នាំ ២០១៨នេះ​បាន​ឲ្យ​ដឹងថា ការវិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨ មាន​ចំនួន២៨៦៧គម្រោង មាន​ផ្ទៃក្រឡា​ជាង១១លាន​ម៉ែត្រការ៉េ។ របាយការណ៍​បាន​បន្តថា​ក្នុងចំណោម​គម្រោង​ទាំង២៨៦៧នោះ ក្រោម​សមត្ថកិច្ច​ក្រសួង​មាន​ចំនួន២៤៥គម្រោង ដោយមាន​ផ្ទៃក្រឡា​ប្រមាណ​ជាង ១០លាន​ម៉ែត្រការ៉េ និង​ក្រោម​សមត្ថកិច្ច​រាជធានី ខេត្ត មាន​ចំនួន២ ៦២២គម្រោង ដោយមាន​ផ្ទៃក្រឡា​សរុប​ជាង ១លាន​ម៉ែត្រការ៉េ។

ការវិនិយោគ​លើ​វិស័យ​សំណង់​ក្នុង​ឆ្នាំ ២០១៨នេះ មាន​គំរោង​ចម្រុះ ដូចជា សំណង់​បែប​លំនៅឋាន សំណង់​បែប​អាគារខ្ពស់ៗ រួមទាំង​សំណង់​លំនៅឋាន​បែប​លក្ខណៈ​បុរី​ផងដែរ។ ដោយ​សំណង់​អាគារ​ខ្ពស់ ដែលមាន​កំពស់​ចាប់ពី៥ជាន់ឡើង​ទៅក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន១១១០ អាគារ។

ទំហំ​ទឹកប្រាក់​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨នេះ បើ​ធៀប​នឹង​ឆ្នាំ២០១៧ មានការ​ធ្លាក់ចុះ​ជាង១៨ភាគរយ ដោយ​ឆ្នាំ២០១៧ទុនវិនិយោគ​ក្នុង​វិស័យនេះ មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​មាន​ជាង៦៤០០លាន​ដុល្លារ​អាមេរិក៕

ប្រភព : www.propertyarea.asia