ភ្នំពេញ: ស្របពេលវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកវិនិយោគអន្តរជាតិ អ្នកជំនាញក្នុងវិស័យនេះបានអះអាងថា បច្ចុប្បន្នក្រុមហ៊ុននានាបាននិងកំ ពុងពង្រីកទីផ្សារក្នុងស្រុក និងពង្រីកទីផ្សារទៅកាន់អន្តរជាតិ។
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century 21 Cambodia បានឲ្យដឹងកាលពីម្សិលម៉ិញនេះថា កត្តាសុខសន្តិភាពបានធ្វើអោយកម្ពុជា មានអំណោយផលយ៉ាងល្អក្នុងការវិនោយោគ ជាពិសេសទៅលើ វិស័យអចលនទ្រព្យ។ ជាក់ស្តែងសំណង់អាគារទាំងរដ្ឋ និងឯកជនបាននិងកំពុងរីកចម្រើនកាន់តែខ្លាំង មិនចាញ់គ្នានោះទេ។ លោកស្រីបន្តថា ជាមួយនឹងកំនើននៃការវិនិយោគពីអន្តរជាតិ បានធ្វើឲ្យទីផ្សារនេះកាន់តែមានទំនុកចិត្ត ហើយយើងបាននិងកំពុងពង្រីកទីផ្សារទៅកាន់អន្តរជាតិផងដែរ។
លោកស្រីថា “រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាទីកន្លែងសំខាន់ដែលវិនិយោគិនអន្តរជាតិ ឆាប់ស្គាល់ជាងគេ ឆាប់ស្គាល់ដោយសារខេត្តព្រះសីហនុ កំពុងមានការរីកចំរើន និងវិវឌ្ឍប្រែក្លាយជាតំបន់ ដែលស្រស់ស្អាត និងអំណោយផលទេសចរណ៍ទៀតផង”។លោកស្រីបន្តថា” ចំណែករាជធានីភ្នំពេញ ទីតាំងកោះពេជ្រក៏ជាកន្លែងប្រមូលផ្តុំអ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស កំពុងបោះទុន ធ្វើការងារផ្សេងៗ នៅមូលដ្ឋាននោះ”។
លោកស្រីបានបញ្ជាក់ថា “ការវិនិយោគសំខាន់បំផុតគឺទំនុកចិត្ត។ កម្ពុជានៅក្នុងអាណត្តិថ្មី នេះបានផ្តល់ទំនុកចិត្តយ៉ាងកក់ក្តៅបំផុត សំរាប់វិនិយោគិនក្រៅប្រទេសនោះគឺ ភាពជោគជ័យក្នុងការបោះឆ្នោត ដែលបានផលល្អខុសពី៤ឆ្នាំមុន”
ជាមួយគ្នានេះ លោកគុយ វ៉ាតប្រធានក្រុមប្រឹក្សាក្រុមហ៊ុនVTRUST GROUPបានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមរយៈក្រុមហ៊ុនCentury21 Cambodiaយើងបាននិងកំពុងពង្រីកសក្តានុពល និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រោះចង់ឬមិនចង់យើងត្រូវតែពង្រីកទីផ្សាររបស់យើងឲ្យបានទូលំទូលាយបន្ថែមទៀត ប៉ុន្តែដើម្បីធ្វើការងារនេះបានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំងអស់ ត្រូវពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ដើម្បីទទួលបានទំនុកចិត្ត ព្រោះទំនុកចិត្តមានសារៈសំខាន់ណាស់ក្នុងវិស័យនេះ។
លោកបន្តថា “ការពង្រីកទីផ្សារពិតជាសំខាន់ តែភាពជោគជ័យនៃការពង្រីកទីផ្សារឲ្យបានតាមគោលដៅរបស់យើង គឺការផ្តោតលើអ្វីដែលយើងធ្វើ និងកសាងទំនុកចិត្តនៅក្នុងទីផ្សារ”៕
ប្រភព : www.propertyarea.asia