ភ្នំពេញ : អ្នកវិនិយោគជាង៥០ក្រុមហ៊ុនរបស់ខេត្តគ័ងទុង របស់ប្រទេសចិនបានមកសិក្សាស្វែងយល់ អំពីការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ខណៈវិស័យមួយនេះ បាននឹងកំពុងតែមានការីកចម្រើនខ្លាំងនៅកម្ពុជា។
អគ្គលេខាធិការរង នៃគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្ម លោក ហ៊ឹន ចិន្តា និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងក្នុងកិច្ចប្រជុំពាណិជ្ជកម្មគ័ងទុងអន្តរជាតិស្តីពីការអភិវឌ្ឍសំណង់អាគារឆ្នាំ២០១៨ ជាមួយក្រុមអ្នកវិនិយោគចិនខាងលើកាលពីថ្ងៃទី១៨ ធ្នូ កន្លងមកថា កម្ពុជាស្វាគមន៍ គ្រប់អ្នកវិនិយោគបរទេសមិនថាប្រទេសចិន សហគមន៍អឺរ៉ុប ឬក៏ប្រទេសអង់គ្លេសទេ កម្ពុជាស្វាគមន៍រាល់ការវិនិយោគបរទេស ទាំងអស់ទៅលើអចលនទ្រព្យ ក៏ដូចជាការសាងសង់នូវសំណង់ធំៗ ដូចនៅក្នុងទីក្រងភ្នំពេញ និងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុសព្វថ្ងៃនេះ មានអាគារខ្ពស់ៗ ប្រណីតៗ កើតឡើងដោយសារការវិនិយោគនៅក្នុងស្រុក ជាមួយអ្នកវិនិយោគបរទេស ជាពិសេសអ្នក វិនិយោគចិនបាននាំមុខគេនៅកម្ពុជា។
លោកបន្តថា “បច្ចុប្បន្ននេះទឹកប្រាក់វិនិយោគចិននៅកម្ពុជា មានការកើនឡើងក្នុងវិស័យអចលនទ្រព្យសាងសង់សំណង់ផ្សេងៗ ដូចជាអាគារស្នាក់នៅអគារពាណិជ្ជកម្ម និងការងារពាណិជ្ជកម្មផ្សេងៗ ហើយថ្មីនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសនៅតាម សេចក្តីថ្លែងការណ៍អំពីសៀវភៅសរៀបចំដែនដី ដើម្បីបើកផ្លូវដល់រាល់អ្នកវិនិយោគទុន មកពីក្រៅស្រុកមកធ្វើការវិនិយោគទៅលើសំណង់អាគារស្នាក់នៅ និងផ្នែកខាងកសិកម្ម កសិឧស្សាហកម្ម ដើម្បីលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចនៅកម្ពុជា”។
លោកបន្តថា ពាណិជ្ជករ និងអ្នកវិនិយោគចិនទាំងអស់នៅគ័ងទុង ក៏ដូចជាពាណិជ្ជករ អ្នកវិនិយោគិននៅក្នុងប្រទេសចិនទាំងមូល នឹងពិចារណាចូលរួមនូវការវិនិយោគនៅកម្ពុជាបានកាន់តែច្រើនថែមទៀត តាមរយៈការសាងសង់អាគារផ្សេងៗ ពាណិជ្ជកម្ម កសិឧស្សាហកម្មជាដើម។ កម្ពុជានឹងទទួលអនុញ្ញាតឱ្យវិនិយោគបរទេសពេញលេញ។ លោកបន្តថា អ្នកវិនិយោគមកពីប្រទេសចិននឹងសិក្សាបន្ថែមទៀតថា តើនៅកម្ពុជាអាចវិនិយោគបានយ៉ាងដូចម្តេច មានច្បាប់បទដ្ឋានអ្វីខ្លះដែលអាចឱ្យបងប្អូនទទួលយកបាន។
លោកជ័ង ស្យុងមីង អគ្គលេខាធិការវេទិកាការអភិវឌ្ឍពាណិជ្ជកម្មខេត្តគ័ងទុង ខាងវិស័យសំណង់ ដីធ្លី ប្រទេសចិនបានលើកឡើងថា បច្ចុប្បន្ននេះជនជាតិចិននៅលើទឹកដីកម្ពុជាមានប្រមាណ១០០ម៉ឺននាក់ បានកំពុងធ្វើការតាមអាជីពរបស់ខ្លូននៅកម្ពុជា។ លោកបន្តថា ការដែលជនជាតិចិនមកនៅកម្ពុជាច្រើននេះអាចបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជា គឺមានភាពស្និទ្ធស្នាល ហើយកម្ពុជាជាប្រទេសដែលមានប្រជាជនរីករាយរាក់ទាក់ ហើយសេដ្ឋកិច្ចកម្ពុជាបានកើនឡើងប្រមាណ៧ភាគរយ ជារៀងរាល់ឆ្នាំជាប់គ្នា ដែលតួលេខនេះត្រូវបានធនាគារពិភពលោកវាយតម្លៃ កម្ពុជាជាប្រទេសជាប់ចំណាក់ថ្នាក់ទី៦ ជាប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយលឿន។
លោកបានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុនចិន នៅក្រៅស្រុកមានទំហំ រហូតដល់២២,០០០លានដុល្លារអាម៉េរិក ក្នុងនោះក្រុមហ៊ុនចិនបានមកធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជាមានចំនួន៤៤ភាគរយ នៃការវិនិយោគទាំងអស់នៅកម្ពុជា។ ក្នុងនោះអ្នកវិនិយោគចិន បានធ្វើការអភិវឌ្ឍទៅលើវិស័យសំណង់ តាមរយៈសហព័ន្ធក្រុមហ៊ុនចិន ដែលបានធ្វើការប្រមែប្រមូលសហគ្រាសមកធ្វើការលើផ្នែកសំណង់ និងអាជីវកម្ម ផ្សេងៗទៀត ដោយយោងតាមគោលនយោបាយ «ផ្លូវមួយ ខ្សែមួយ» របស់ប្រទេសចិន៕
ប្រភព : www.propertyarea.asia