Register Already an agent ? Login

ដឹង​ទេ​ថា​ទីផ្សារ​អា​ផាត​មិន​នៅក្នុង​ខណ្ឌចំការមន​មាន​ស្ថានភាព​បែបណា

ភ្នំពេញ៖ ចំការមន​ជា​ខ័​ណ្ឌ​ដែលមាន​ការអភិវឌ្ឍន៍​លឿន​ជាងគេ និង​មាន​គំរោង​អភិវឌ្ឍន៍​អា​ផាត​ម៉ិ​ន​ច្រើនជាងគេ​ផងដែរ ដូច្នេះ​តើ​ស្ថានភាព​អា​ផាត​ម៉ិ​ន​នៅក្នុង​ខ័​ណ្ឌ​នេះ​មាន​តម្រូវការ និង​គ្របដណ្តប់​ប៉ុន្មាន​ភាគរយ​នៃ​ទីផ្សារ​ទាំងមូល ជា​សំណួរ​មួយ​ដែល​យើង​សិក្សា​លើ​របាយការណ៍​ថ្មី​មួយ។

ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Vtrust Appraisal បានបង្ហាញ​កាលពី​ថ្ងៃទី១៨ ធ្នូ​កន្លងមក​បាន​ឲ្យ​ដឹងថា ទីផ្សារ​អា​ផាត​មិន​នៅក្នុង​ឆ្នាំ2018 នេះ​គឺមាន​ភាពល្អប្រសើរ​ខ្លាំង ពោលគឺ​មានការ​កើនឡើង​នូវ​តម្រូវការ​ខ្ពស់ រហូតដល់​ប្រមាណ​ជាង 7600យូ​នី​ត ក្នុងចំណោម​អា​ផាត​ម៉ិ​ន​ចំនួន៩០២៥យូ​នី​ត ស្មើនឹង៣៥៥គំរោង និង​មាន​អត្រា​ប្រើប្រាស់​ស្មើនឹង​ប្រមាណ84ភាគរយ គ្របដណ្ដប់​សរុប​លើ​ការប្រើប្រាស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខណ្ឌចំការមន​ជា​ខ័​ណ្ឌ ដែលមាន​អា​ផាត​ម៉ិ​ន​ច្រើនជាងគេ។

ក្នុងនោះ​ខ័​ណ្ឌ​ចំការមន មាន​ចំនួន​អា​ផាត​ម៉ិ​ន​ច្រើនជាងគេ ដែល​រហូតដល់២៣០គំរោង​ស្មើនឹង៥៨២០យូ​នី​ត និង​គ្របដណ្តប់៦៤ភាគរយ នៃ​ចំណែក​ផ្គត់ផ្គង់​ទីផ្សារ​ទាំងមូល។

លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បានទទួល​ស្គាល់ និង​យល់ស្រប​ទៅនឹង​របាយការណ៍​ខាងលើនេះ ដោយ​លោក​បាន​លើកឡើងថា តម្រូវការ​ទីផ្សារ​អា​ផាត​មិន​នាពេល​បច្ចុប្បន្ននេះ ពិតជា​កំពុងមាន​សន្ទុះ​ខ្លាំង​ពិតមែន។ លោក​បន្តទៀតថា ការកើនឡើង​នូវ​តម្រូវ​ខាងលើនេះ ដោយសារ​បណ្តាលមកពី​កត្តា​រួមផ្សំ​ជាច្រើន ដូចជា កត្តា​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម កត្តា​សេដ្ឋកិច្ចជាតិ​មាន​ភាពល្អប្រសើរ​ជាដើម ជាពិសេស គឺ​លំហូរ​នៃ​អ្នកវិនិយោគ​បរទេស។

លោក​ថា បើតាម​ការសង្កេត​ជាក់ស្ដែង អា​ផាត​មិនដែល​កំពុងមាន​តម្រូវការ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ភាគច្រើន​ច្រើន​ស្ថិតនៅក្នុង​ខណ្ឌ​ចំនួន4 ដូចជា​ខណ្ឌចំការមន, ខណ្ឌដូនពេញ, ខណ្ឌទួលគោក និង​ខណ្ឌ7មករា ។ ដោយឡែក​ចំពោះ​អា​ផាត​មិនដែល​ស្ថិតនៅក្នុង​ខណ្ឌចំការមន ជាពិសេស​ម្ដុំ​ទួល​ទំពូង​តែម្ដង ក៏ត្រូវ​បាន​គេ​កត់សម្គាល់ឃើញ​ផងដែរ​ថា ក្រៅពី​មាន​តម្រូវ​ការជួល​ស្នាក់នៅ​ច្រើន​នោះ ចំពោះ​តម្លៃ​វិញ​ក៏មាន​ខ្ពស់​គួរសម​ដែរ ដែល​អាចមាន​ចាប់ពី350-450ដុល្លារ​ក្នុង​មួយ​យូ​នី​ត (ជាង30កា​រ៉ែ​ឡើងទៅ) និង​មាន​បន្ទប់​គេង​ចំនួន1 ហើយ​អាច​ឈានដល់1500-2000ដុល្លារ ក៏មាន សម្រាប់​យូ​នី​ត​ដែលមាន​បន្ទប់​គេង​ចំនួន3 ឬ​អាច​លើសពីនេះ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា បើ​គិត​ជា​មធ្យម​អា​ផាត​ម៉ិ​ន មានតម្លៃ​ចាប់ពី10-30ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ អាស្រ័យទៅលើ​ទីតាំង បរិយាកាស សេវាកម្ម ក៏ដូចជា​ប្រភេទ​ឧបករណ៍ប្រើប្រាស់​ជាដើម។ ជាមួយគ្នានេះ លោក​ឧកញ៉ា ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​អតិថិជន​វិញ គឺមាន​ជនបរទេស​ច្រើនជាង​អតិថិជន​ក្នុងស្រុក ដែល​គ្រប់​ដណ្ដប់​រហូតដល់​ប្រមាណ​ជិត80ភាគរយ៕

ប្រភព : www.propertyarea.asia/