ភ្នំពេញ : រហូតមកទល់ពេលនេះ ក្រុមហ៊ុនកូរ៉េ ដែលបាន និងកំពុងបោះទុនវិនយោគនៅកម្ពុជាបានកើនឡើងដល់ជាង១៦០០ក្រុមហ៊ុនហើយ និងរំពឹងមានកំណើនខ្ពស់ថែមទៀត។ នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់អគ្គនាយកពន្ធដា។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា លោក គង់ វិបុល បានថ្លែងលើកឡើងនៅក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគទុនកូរ៉េ កាលពីពេលថ្មីៗនេះថា កិច្ចប្រជុំជាមួយក្រុមអ្នកវិនិយោគទុនកូរ៉េនេះ គឺមានគោលបំណងពង្រឹងវប្បធម៌នៃការបង់ពន្ធ ជាមួយសមាគមអ្នករកស៊ីទទួលទានរបស់កូរ៉េ រួមជាមួយពង្រឹងនៃការផ្តល់សេវាដល់អ្នកជាប់ពន្ធឲ្យបានយល់ និងឈានទៅសហការជាមួយ KOTRA នៃសមាគមវិនិយោគកូរ៉េឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីជម្រុញឲ្យអ្នកជាប់ពន្ធឬអ្នកវិនិយោគមកពីប្រទេសកូរ៉េ យល់ពីកាតព្វកិច្ច និងច្បាប់ស្តីពីសារពើពន្ធរបស់កម្ពុជា។
លោកបន្តថា “កំណើននៃអ្នកវិនិយោគកូរ៉េ ដោយសារកម្ពុជាមានភាពអនុគ្រោះពន្ធនាំចេញ-នាំចូល និងមានការកែទម្រង់នៅលើវិស័យពន្ធដារជាច្រើន”។
ទាក់ទងនឹងការប្រមូលពន្ឋ លោក គង់ វិបុល បានបន្តថា អគ្គនាយកដ្ឋានពន្ធដារតែងតែគិតគូរជានិច្ច ដើម្បីពង្រឹងនៅក្នុងការព្វកិច្ចស្តីពីការបង់ពន្ធ និងការធ្វើឲ្យមានតម្លាភាពលើផ្នែកច្បាប់ និងការអនុវត្តន៍ច្បាប់នៅកម្ពុជា ជាពិសេសជម្រុញភាពទាក់ទាញអ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ មកវិនិយោគនៅប្រទេសកម្ពុជាឲ្យកាន់តែច្រើន ខណៈដែលប្រទេសយើងមានភាពអនុគ្រោះពន្ធនាំចេញ-នាំចូល និងមានការកែទម្រង់នៅលើវិស័យពន្ធដារជាច្រើន។
លោកបន្តថា គិតរហូតមកដល់ពេលនេះ កម្ពុជាទទួលបានអ្នកវិនិយោគទុនកូរ៉េចំនួន ១៦៦៦ ក្រុមហ៊ុន ហើយកម្ពុជាបានប្រមូលពន្ធពីអ្នកវិនិយោគ បានចំនួន៥០លានដុល្លារក្នុងឆ្នាំ២០១៨នេះ។
បច្ចុប្បន្នក្រុមហ៊ុនកូរ៉េកំពុងវិនិយោគលើគំរោងធំៗជាច្រើននៅកម្ពុជា ដូចជា ក្រុមហ៊ុន YUNWOO ដែលកំពុងវិនិយោគសាងសង់អាគារ Gold Tower 42, Booyoung Town, Decastle Condo, CAMKO CITY និងគំរោងជាច្រើនទៀត ហើយកាលពីមួយទសវត្សរ៍មុនកូរ៉េជាប្រទេសនាំមុខគេ ក្នុងការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា៕
ប្រភព : www.propertyarea.asia