ភ្នំពេញ: នៅសល់រយៈពេល១៣ថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០១៩នឹងចូលមកដល់ វាក៏ជាពេលត្រូវសម្លឹងទៅមុខ ពិសេសពិនិត្យមើលលើដំណើរវិវត្តន៍នៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។
វិស័យសំណង់ និងអចលនទ្រព្យ មានផ្នែកខុសៗគ្នាជាច្រើន ដូចជា ផ្នែកដីធ្លី ខុនដូ អាផាតម៉ិន អាគារការិយាល័យ សណ្ឋាគារជាដើម។
តើផ្នែកណាមួយនៃវិស័យនេះ មានភាពរីកចម្រើនខ្លាំងជាងគេ? អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមការព្យាករណ៍តម្លៃដីធ្លីនឹងកើនឡើងជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ ហើយទំនោរនៅក្នុងផ្នែកនេះ នឹងមានការកើនឡើងខ្ពស់ឬកើនឡើងក្នុងកម្រិតទាប អាស្រ័យលើតំបន់និមួយៗ។
ចំនែកផ្នែកខុនដូ នឹងមានការកើនឡើងនូវការផ្គត់ផ្គង់កាន់តែច្រើន ធៀបនឹងឆ្នាំ២០១៨នេះ ប៉ុន្តែតម្រូវការក៏រំពឹងមានសញ្ញាវិជ្ជមានផងដែរ។
ដោយសារការចូលមកដល់នៃអ្នកវិនិយោគអន្តរជាតិកាន់តែច្រើន តម្រូវការអាគារការិយាល័យ និងអាផាតម៉ិននឹងសម្រេចបានកំនើនសមស្របមួយផងដែរ។
ជាមួយគ្នានេះ អ្នកជំនាញផ្នែកអចលនទ្រព្យអន្តរជាតិលោកវ៉ា វីរៈនាយកប្រតិបត្តិនៃក្រុមហ៊ុនCentury21 Fortuna Investmentបានសម្តែងសុទិដ្ឋិនិយមផងដែរថា ដោយសារកំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ លោកនៅតែមានសុទិដ្ឋិនិយមក្នុងវិស័យនេះ ដែលនឹងបន្តមានភាពរីកចម្រើនខ្លាំងថែមទៀត ពិសេសតម្លៃដីធ្លីនឹងបន្តហក់ឡើងមួយកម្រិតទៀត នៅក្នុងទីក្រុង ជាយក្រុង និងបណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចដូចជា ខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុងជាដើម។
លោកបន្តថា “ចរន្តទិញលក់ដីធ្លីនឹងមានការកើនឡើង ហេតុនេះតម្លៃដីធ្លីនឹងសម្រេចបានកំនើនខ្ពស់បន្ថែមទៀត”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា វិស័យអចលនទ្រព្យនៅឆ្នាំ២០១៩ នឹងមិនហក់ឡើងខ្ពស់ខ្លាំងនោះទេ ប៉ុន្តែផ្នែកសំខាន់ៗនៅក្នុងវិស័យនេះនៅតែសម្រេចបានកំនើនសមរម្យមួយ ដូចជាផ្នែកលំនៅដ្ឋាននឹងអាចសម្រេចបាន១០ទៅ១៥ភាគរយ តម្លៃដីធ្លីអាចហក់ឡើងដល់១៥ភាគរយ តម្រូវការការិយាល័យអាចសម្រេចបានកំនើន១៥ទៅ២០ភាគរយ។ ចំនែកខុនដូ នឹងមានការផ្គង់ផ្គង់ចូលទីផ្សារច្រើន ហេតុនេះតម្លៃនឹងមិនកើនឡើងនោះទេ តែតម្រូវការអាចកើនក្នុងចន្លោះ៥ទៅ៧ភាគរយ។
លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមក្នុងវិស័យនេះ ដោយសារតម្លៃសុខសន្តិភាព និងស្ថេរភាពនយោបាយនេះ ជាមូលដ្ឋានដ៏សំខាន់នៃការរីកចម្រើនក្នុងវិស័យនេះ”។លោកបន្តថា កំនើនក្នុងវិស័យនេះ មានសុខភាពល្អជាងមុន ទោះជាអត្រាតម្លៃស្ថិតក្នុងកំនើនមធ្យមក្តីសម្រាប់ឆ្នាំ២០១៩ខាងមុខ”៕
ប្រភព : www.propertyarea.asia