ភ្នំពេញ៖ ក្រុមហ៊ុនមកពីប្រទេសចិនដ៏ធំមួយ គ្រោងបោះទុនវិនិយោគលើទឹកប្រាក់ប្រមាណជាង១៧០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលផ្តោតលើសហគ្រាសសម្ព័ន្ធមានលក្ខណៈអន្តរជាតិ និងពហុវិស័យ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហេងហ៊ី គ្រុប លោកស៊ូ ឡាំងស៊ឹងបានមានប្រសាសន៍ឲ្យដឹង នៅក្នុងពិធីសម្ពោធដាក់គម្រោងទីក្រុងមួយ ដែលដាក់ឈ្មោះថា ហេងហេង នៅក្រុងបាវិត កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨កន្លងមកថា ក្រុមហ៊ុនហេង ហ៊ី គ្រុបបង្កើតឡើងដើម្បីធ្វើអាជីវកម្ម វិនិយោគលើវិស័យអចលនវត្ថុ ដែលគ្របដណ្តប់ទៅលើអចលនវត្ថុ ពាណិជ្ជកម្ម ការគ្រប់គ្រងអចលនវត្ថុ ការវិនិយោគហិរញ្ញវត្ថុ សណ្ឋាគារ ភោជនីយដ្ឋាន ការកម្សាន្ត ការអភិវឌ្ឍទេសចរណ៍ និងពាណិជ្ជកម្មអន្តរជាតិជាដើម។
លោកបន្តថា “ក្រុមហ៊ុននឹងប្រើប្រាស់ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុនសម្ព័ន្ធចំនួន១៧០០លានដុល្លារ លើផ្ទៃដីប្រមាណ២ពាន់ហិកតា នៅខេត្តព្រះសីហនុ ពោធិ៍សាត់ និងខេត្តស្វាយរៀង។
លោកស៊ូ ឡាំងស៊ឹងបានបញ្ជាក់ថា ដោយឡែកទីក្រុងហេង ហេងនេះ ជាគម្រោងកម្មសិទ្ធិអចលវត្ថុអចិន្ត្រៃយ៍មួយ ដែលក្រុមហ៊ុនបានបណ្តាក់ទុនជាច្រើនលានដុល្លារ លើផ្ទៃដីសរុប៧ហិកតា។ គំរោងនេះរួមមានការសាងសង់សណ្ឋាគារលំដាប់ផ្កាយ កាស៊ីណូ អគារការិយាល័យ អាផាតមិន ព្រមទាំងផ្ទៃដីបំរុងទំហំ៣ពាន់ម៉ែត្រការ៉េ សម្រាប់សង់ផ្សារទំនើបនិងហាងកែសម្ជស្ស ដែលអាចបំពេញតម្រូវការគ្រប់ជ្រុងជ្រោយ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកសេង សិលា អភិបាលក្រុងបាវិតបានមានប្រសាសន៍ថា ស្របតាមគោលនយោបាយបើកចំហរជើងមេឃ នឹងគៀងគរវិនិយោគគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា ហើយក្រុងបាវិត ក៏បានទទួលស្វាគមអ្នកវិនិយោគជាច្រើន ជាពិសេសអ្នកវិនិយោគិមកពីប្រទេសចិន បានចូលមកបណ្តាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ ក្នុងនោះរួមមាន អគាខ្ពស់ៗ សណ្ឋាគារ ការស៊ីណូ លំដាប់ថ្នាក់អន្តរជាតិ ប្រណីតៗ ជាច្រើនបានកើតឡើងជាហូរហែរ។
លោកបន្តថា “បច្ចុប្បន្នមានសណ្ឋាគារ និងកាស៊ីណូចំនួន៤ បាននិងកំពុងសាងសង់ ហើយក៏មានគម្រោងសាងសង់មួយចំនួនទៀត ដែលគ្រោងនឹងស្ថាបនាជាបន្តបន្ទាប់នាពេលខាងមុខ”៕
ប្រភព : www.propertyarea.asia