ភ្នំពេញ៖ វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែងដែលមានសមត្ថភាពផលិតថាមពលអគ្គីសនីបាន ៤០០មេហ្កាវ៉ាត់ ដែលវិនិយោគរួមដោយ៣ក្រុមហ៊ុនលើទឹកប្រាក់វិនិយោគជិត ៨០០លានដុល្លារអាមេរិកនឹងត្រូវសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៧ ខែធ្នូ នេះ ក្រោមអធិតីភាពសម្តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
សម្តេចតេជោសរសេរលើទំព័រហ្វេសបុកផ្លូវការនថ្ងៃទី ១៧ធ្នូនេះថា “ប្រភេទនៃការវិនិយោគនេះ គឺសាងសង់រួច-ដំណើរការ- និងផ្ទេរមករាជរដ្ឋាភិបាល (BOT) ដែលមានរយៈពេលសម្បទាន ៤៥ឆ្នាំ”។
សម្តេចបន្តថា “វារីអគ្គិសនីសេសានក្រោម២នេះ គឺនឹងផ្តល់ការងារនិងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋ ព្រមទាំងចំណូលពន្ធដាររដ្ឋ។ទន្ទឹមនឹងនេះ គឺនឹងបង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា ដែលនឹងចូលរួមជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ច្បាស់ណាស់ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ទើបវិនិយោគបរទេសហ៊ានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា”។
តាមការរំពឹងទុក ថាមពលអគ្គិសនីប្រមាណ ២៣០ គីឡូវ៉ុល នៃទំនប់វារិអគ្គិសនីសេសានក្រោម២ នេះនឹងអូសតាមបណ្តាញជាតិទៅកាន់រាជធានីភ្នំពេញ ដើម្បីចែកចាយទៅតាមបណ្តាខេត្តផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ។
ទំនប់វ៉ារីអគ្គិសនីសេសានក្រោម ២ នេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនចំនួន ៣ គឺ Royal Group របស់លោកឧកញ៉ា គិត ម៉េង ៣៩ ភាគរយក្រុមហ៊ុន Hydrolancang International Energy របស់ប្រទេសចិន ៥១ ភាគរយ (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន China Huaneng Group) និងក្រុមហ៊ុននៃប្រទេសវៀតណាម EVN International មាន ១០ ភាគរយក្នុងទំហំទឹកប្រាក់ប្រមាណជាង ៨០០ លានដុល្លារអាមេរិក៕
ប្រភព : www.propertyarea.asia