ភ្នំពេញ៖ វិស័យសំណង់និងអចលនទ្រព្យកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើន ហើយវិស័យនេះ បានធ្វើឲ្យកម្ពុជាមានការផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជាបានទាក់ទាញអ្នកវិនិយោគមកពីប្រទេសចំនួន១៨ មកវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាចំនួន១៨ តាមលំដាប់លេខរៀងទំហំវិនិយោគរួមមាន ១.ប្រទេសចិន ២.កូរ៉េ ៣.ជប៉ុន ៤. ថៃ ៥.សិង្ហបុរី ៦.តៃវ៉ាន់ ៧. អង់គ្លេស ៨ ម៉ាឡេស៊ី ៩. រុស្សី ១០. កាណាដា ១១. ឡាវ ១២. វៀតណាម ១៣. ឥណ្ឌូនេស៊ី ១៤. បារាំង ១៥. ឥណ្ឌា ១៦.អាមេរិក ១៧. ហូឡង់ និង១៨. ប៊ែលហ្សិក។
កំនើននៃការវិនិយោគនេះ បានធ្វើឲ្យទំហំទុនវិនិយោគក្នុងវិស័យសំណង់នៅឆ្នាំ ២០១៧ មានចំនួនប្រមាណ៦៤០០លានដុល្លារអាមេរិក និងបានផ្តល់ការងារធ្វើប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់។ ទីក្រុងរណប បុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈជាបុរីចំនួន២៣០ទីតាំង។ សំណង់អគារខ្ពស់ចាប់ពី ៥ ជាន់ឡើងទៅមានចំនួន១១០០អគារ។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងថា កំណើននៃការវិនិយោគពីបរទេស ដោយសារកត្តាជាច្រើន រួមមានសុខសន្តិភាព ស្ថេរភាពនយោបាយ កំនើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ អ្វីដែលពិសេសនោះ គឺផលចំណេញពីការវិនិយោគលើអចលនទ្រព្យនៅកម្ពុជាទទួលបានប្រាក់ចំណេញច្រើន ជាងការវិនិយោគនៅក្នុងបណ្តាប្រទេសក្នុងតំបន់។
អ្នកនាងបន្តថា “កម្ពុជាជាទីផ្សារថ្មីមួយ ដែលមានភាពទាក់ទាញខ្លាំងពីអ្នកវិនិយោគអន្តរជាតិ ដោយសារកត្តាខាងលើនេះ។
ច្បាប់វិនិយោគរបស់កម្ពុជា បានអនុញ្ញាត្តឲ្យជនបរទេសអាចបោះទុន១០០ភាគរយបើកក្រុមហ៊ុននៅកម្ពុជាបាន ពិសេសច្បាប់សហកម្មសិទ្ឋ ដែលបានអនុម័តឲ្យប្រើប្រាស់នៅឆ្នាំ២០១០ បានអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋកាន់កាប់លំនៅដ្ឋានចាប់ពីជាន់ទី១ឡើង ក៏ជាផ្នែកមួយជំរុញការវិនិយោគក្នុងវិស័យនេះផងដែរ៕
ប្រភព : www.propertyarea.asia