ភ្នំពេញ៖ វិស័យសំណង់ និងអចលនទ្រព្យកំពុងមានការកើនឡើងយ៉ាងលឿននៅក្នុងក្រុងកំពត ខេត្តកំពត ដោយសារកំនើនអ្នកវិនិយោគជាតិ និងអន្តរជាតិ ព្រមទាំងលំហូរភ្ញៀវទេសចរណ៍។
យោងតាមរបាយការណ៍របស់ក្រុងកំពត បានឲ្យដឹងនាព្រឹកថ្ងៃទី១៣ ធ្នូនេះថា កំណើនការដ្ឋានអគាសំណង់ធំៗ បានកើនឡើងយ៉ាងខ្លាំង សម្រាប់ឆ្នាំនេះ ដោយគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្រុងកំពតមាន១០៥ការដ្ឋាន ខណៈដែលឆ្នាំ២០១៧ មានត្រឹមតែ៦៦ការដ្ឋានប៉ុណ្ណោះ។
លោកលាង រឿនសុទ្ធី អភិបាលក្រុងកំពតបានបញ្ជាក់ឲ្យដឹងថា សន្ទស្សន៍នៃ កំនើនសំណង់ធំៗ និងកាន់តែកើនឡើងថែម ព្រោះខេត្តកំពតមានសក្តានុពលលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍន៍ បង្កើតឲ្យមានកំពង់ផែទេសចរណ៍អន្តរជាតិ និងឆ្នេរខ្សាច់កម្សាន្តរបស់ខេត្តកំពត ដែលកំពុងតែសាងសង់នឹងគ្រោងឲ្យរួចរាល់ នៅមុនថ្ងៃបុណ្យសមុទ្រឆ្នាំ២០១៩ខាងមុខ។
លោកបន្តថា “វិនិយោគគិនក្នុង និងក្រៅប្រទេស បានចូលមកបណ្តាក់ដាក់ទុនវិនិយោគ ជាហេតុធ្វើឲ្យក្រុងនេះមានការអភិវឌ្ឍន៍មានការហក់ឡើងខ្ពស់ និងឆាប់រហ័ស។លោកបន្តថា “ក្រុងកំពតដែលជាក្រុងទេសចរទិសនារតីមានវ័យចំណាស់មួយ បាននឹងកំពុងទាក់ទាញយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ និងកំពុងមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកើនឡើងជាប្រចាំ។
លោកលាង រឿនសុទ្ឋីបានបន្តឲ្យដឹងថា ការកើនឡើងនៃចំនួនការដ្ឋានសំណង់ធំៗទាំងនេះ សបញ្ជាក់ឲ្យឃើញជាកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់ ហើយឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ខេត្ត ដើម្បីគៀងគរទាក់ទាញវិនិយោគគិន។ អ្វីដែលលោកចាប់អារម្មណ៍មួយទៀតនោះ គឺការដាក់ចេញនូវយុទ្ធសាស្ត្រ និងទិសដៅរបស់ខេត្ត ដែលជាចំណុចសំខាន់ និងចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគ និងមជ្ឍដ្ឋានខាងក្រៅ។
កាលពីពេលថ្មីនេះ ក្រុមហ៊ុនចិនដ៏មួយបានប្រកាសពីគំរោងវិនិយោគលើមជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តកំពត ប៉ុន្តែគំរោងនេះស្ថិតនៅក្នុងការសិក្សានៅឡើយ។
ក្នុងជំនួបពិភាក្សាជាមួយលោកជាវ តាយអភិបាលខេត្តកំពតកាលពីពេលថ្មីៗនព លោកហុង ងៀន ប្រធានប្រតិភូចិន និងជាស្ថាបនឹកក្រុមហ៊ុនសៀងហៃ ហុងងៀនក៏បានប្រាប់ឲ្យដឹងអំពីគោលបំណង នៃទស្សនៈកិច្ចរបស់ខ្លួនថា ក្រោយបានជួបពិភាក្សារួច ក្រុមហ៊ុនមានបំណងមកដាក់ទុនរកស៊ីនៅខេត្តកំពត និងមានមហិច្ឆតាចង់ប្រែក្លាយខេត្តកំពត ជាតំបន់សេដ្ឋកិច្ចពិសេស ដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា និងជួយជំរុញផ្នែកសេដ្ឋកិច្ច ពោល គឺចង់អោយមានការអភិវឌ្ឍជឿនលឿន ដូចនៅក្នុងខេត្តស៊ិន ចូវប្រទេសចិន ឬក៏ដូចនៅសិង្ហបុរី ព្រោះតាមការសំឡឹងមើលនៅកម្ពុជា ពុំទាន់មានគម្រោងដូចនេះនៅឡើយទេ។
លោកហុង ងៀនបានឲ្យដឹងផងដែរថា ក្រុមហ៊ុនរបស់លោកគ្រោងវិនិយោគវិស័យគមនាគមន៍ ដូចជាការធ្វើកំពង់ផែ ព្រលានយន្តហោះ ផ្លូវរថភ្លើងល្បឿនលឿន កំពតភ្នំពេញ-កំពតខេត្តព្រះសីហនុ និងគម្រោងជាច្រើនទៀត។
ប្រធានប្រតិភូក្រុមហ៊ុនវិនិយោគចិន ក៏ស្នើអោយអាជ្ញាធរខេត្ត ឬជំនាញពាក់ព័ន្ធ មានការសហការគាំទ្រ ព្រមទាំងថែមការធានាទាំងសន្តិសុខ និងផ្លូវច្បាប់គ្រប់គ្រាន់ផងដែរ៕
ប្រភព : www.propertyarea.asia