ភ្នំពេញ៖ ឆ្នេរកែបរបស់ប្រទេសកម្ពុជាទទួលជ័យលាភី “ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត” ក្រោយពីបំពេញតាមគ្រប់លក្ខខ័ណ្ឌពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលចុះហត្ថលេខាដោយ លោក ជា សុផារ៉ា កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ ម្សិលមិញនេះចាប់ឆ្នាំ ២០១៨ដល់ឆ្នាំ២០២០ខាងមុខ។
កែបជាខេត្ដមួយ ដែលមានសក្ដានុពលលើវិស័យទេសចរណ៍ធម្មជាតិ និងឆ្នេរខ្សាច់ ដែលជាកត្ដាយ៉ាងសំខាន់សម្រាប់លើកស្ទួយវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ពិសេសជាផលរបរក្នុងការចូលរួមចំណែកលើកកម្ពស់ កម្រឹតជីវភាពរស់នៅរបស់ប្រជាជននៅក្នុងខេត្ត។ បច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើ នប្រកបរបរប្រចាំថ្ងៃពឹងផ្អែកលើធនធានធម្មជាតិ ដែលបានផ្តល់ផលអនុគ្រោះ ដូចជាសេវាកម្មទេសចរណ៍ ការនេសាទសមុទ្រ ការធ្វើស្រែអំបិល និងធ្វើស្រែចំការជាដើម។
ក្រៅពីនេះ ខេត្តកែបក៏មានសក្ដានុពលសេដ្ឋកិច្ចយ៉ាងច្រើន សន្ធឹកសន្ធាប់ដូចជា៖ ព្រៃកោងកាងមានចំនួន៣កន្លែង មានផ្ទៃក្រឡា១,០០៥ហិកតា ស្មៅសមុទ្រមានផ្ទៃក្រឡា ៣,០៩៥ហិកតា ផ្កាថ្ម មានផ្ទៃក្រឡា ៥២.៥ហិកតា ធនធានធម្មជាតិមានដូចជា ត្រីផ្សោត ជ្រូកទឹក អណ្ដើកសមុទ្រ ត្រីសេះ ក្ដាមសេះ ក្ដាមថ្ម និងមច្ឆាផ្សេងៗជាច្រើនទៀត រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំសសៀរ រមណីយដ្ឋានភ្នំវល្លិ៍ (ម្រេច ធុរេន) ឧទ្យានជាតិកែប មានទំហំ ១០៥២ហិកតា កំពង់ផែតាមបណ្ដាកោះ ស្ថានីយ៍រថភ្លើង ស្រែអំបិល មានទំហំ ១០៤០ហិកតា និងដំណាំស្វាយ និងដំណាំកសិកម្មផ្សេងៗទៀត។
ខេត្តកែបក៏បានជាប់ជាទីក្រុងស្អាត និងមានភាពបៃតងរបស់អាស៊ានផងដែរកាលពីឆ្នាំមុន ដោយសារខេត្តនេះមានដីស្អាត ទឹកស្អាត និងខ្យល់អាកាសស្អាត។
លោកកែន សត្ថាអភិបាលខេត្តកែបបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កែបជាខេត្តមួយដែលមានឧទ្យានជាតិនៅកណ្តាលក្រុង ក្នុងចំណោមទីក្រុងនានានៅកម្ពុជា ហើយស្ទើរតែទូទាំងបណ្តាទីក្រុងនានានៅក្នុងអាស៊ាន ដែលអំណោយផលដល់ការរស់នៅ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
ប្រធានសមាគមទីភ្នាក់ងារទេសរណ៍កម្ពុជា លោកជំទាវឧកញ៉ាឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ខេត្តកែប ជាខេត្តមានលក្ខណៈពិសេសមួយ ដែលមានធម្មជាតិស្រស់បំព្រង និងជាខេត្តមាននូវអ្វីមួយដែលទាក់ទាញការចាប់អារម្មណ៍ ពេលយើងទៅកំសាន្តហើយមិនចង់ត្រលប់មកវិញ។លោកជុំទាវបានបន្តថា ហេតុនេះក្នុងនាមប្រតិបត្តិករទេសចរណ៍សូមស្នើរសុំរដ្ឋាភិបាលរក្សាខេត្តនេះ ឲ្យមានធម្មជាតិស្រស់បំព្រង និងធ្វើយ៉ាងណារក្សាខេត្តនេះជាខេត្តពិសេសមួយ ដោយកុំឲ្យមានឧស្សាហកម្មកាស៊ីណូនៅទីក្រុងនេះ។
លោកជំទាវបន្តថា “ខេត្តកែបពិតជាពិសេស និងទាក់ទាញទេសចរណ៍ ហើយជលផលពីសមុទ្រមានរសជាតិឆ្ងាញ់ជាងគេ”៕
ប្រភព : www.propertyarea.asia