Register Already an agent ? Login

ក្រសួង​សាធារណៈ​ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ថែទាំ​ផ្លូវ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋរាយការណ៍​ពី​ផ្លូវ​ខូច​នៅថ្ងៃនេះ

ភ្នំពេញ៖ ចាប់ពីពេលនេះ​តទៅ​ប្រជាពលរដ្ឋ​ទាំងអស់ អាចធ្វើ​ការរាយការណ៍​ដោយផ្ទាល់​ពី​ផ្លូវ​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច​ទៅកាន់​អាជ្ញាធរ ដើម្បី​ធ្វើការ​ជួសជុល​បាន​ទាន់ពេលវេលា​តាមរយៈ “កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app)” ដែល​ក្រសួង​សាធារណៈការ នឹង​ដឹកជញ្ជូន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ និង ជា​កម្មវិធី​ថ្មី​មួយ​ដែល​អាច​ទាញយក​ដោយ​ឥតគិតថ្លៃ នៅលើ App Store និង Play Store ក្នុង​ទូរ​សព្ទ​ដៃ។

លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app) អាច​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ដោយផ្ទាល់​ពី​ស្ថានភាព​ជង្ហុក​សំបុកមាន់ ឬ​ផ្លូវ​ខូច​ទៅកាន់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ជួសជុល​បាន​ទាន់ពេលវេលា។

លោក​បន្តថា ព័ត៌មាន​ទាំងអស់​អំពី​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច ដែល​ត្រូវបាន​រាយការណ៍​ដោយ​ប្រជាពលរដ្ឋ តាមរយៈ​ការ​បង្ហោះ​ជា​រូបថត និង​វីដេអូ​នៅក្នុង​កម្មវិធី​ថែទាំ​ផ្លូវ នឹង​ត្រូវបាន​បញ្ជូន ទៅកាន់​ក្រុមការងារ​ទទួលបន្ទុក​របស់​ក្រសួង មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទាំង២៥ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី ធ្វើការ​ជួសជុល។ កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងគុណភាព​ផ្លូវ ដែល​ទាមទារ​ឲ្យ​មានការ​ជួសជុល និង​ថែទាំ​ទូទាំងប្រទេស តាមរយៈ​ការរាយការណ៍​ពី​ស្ថានភាព​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច​ដោយ​អ្នកប្រើប្រាស់។

លោក​ស៊ុន ចាន់ថុល​បន្ថែមថា ដោយ​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការកសាង និង​ថែទាំ​ផ្លូវថ្នល់​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ សម្រាប់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ “កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app)” នឹង​ក្លាយជា​កិច្ចខិតខំ​ប្រឹងប្រែង រួមគ្នា​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​ជួសជុល​ថែទាំ​ផ្លូវ ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំង២។ កម្មវិធី​ថែទាំ​ផ្លូវ​នេះ នឹង​គ្របដណ្តប់​ទៅលើ​ការជួសជុល​ថែទាំ​ផ្លូវជាតិ​ទាំង៧៥ខ្សែ គ្រប់​ផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ និង ផ្លូវ​ក្នុង​ក្រុង​របស់​ខេត្ត​ទាំង២៤ ។

លោក​រដ្ឋមន្ត្រី​រូបនេះ​បញ្ជាក់ថា កម្មវិធី​ថែទាំ​ផ្លូវ​នឹងចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ដោយសារ​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច ព្រមទាំង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​ប្រព័ន្ធ​បណ្តាញ​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព៕

ប្រភព : www.propertyarea.asia