អ្នកវិនិយោគក្នុងស្រុកវិនិយោគសាងសង់មជ្ឈមណ្ឌលសហគមន៍ធុរកិច្ចនិងការិយាល័យទំនើប
អគ្គនាយកក្រុមហ៊ុន 3DSProperty Management លោកផូរ សុធារៈដែលជាអ្នកវិនិយោគគំរោងដែលមានឈ្មោះThe Point នេះបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកការដ្ឋានសាងសង់គំរោងនេះនាព្រឹកថ្ងៃទី១២ធ្នូនេះថា The Point ត្រូវបានរចនាឡើងជា គោលដៅសម្រាប់ជាកន្លែងទិញទំនិញពិសារភោជនីអាហារ និងសួនលំហែរដែលមានដើមឈើធំព័ទ្ឋជុំវិញទៅដោយអាគារខ្ពស់។លោកបន្តថា គំរោងនេះមានកំពស់៦ជាន់ និងផ្ទៃក្រឡាទំហំជាង១០១៨៧ម៉ែត្រការ៉េ ដែលអាចផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួន១០០០នាក់និងអាចចតយានយន្តបាន២០០គ្រឿង។
លោកបន្តថា “ការសាងសង់គំរោងនេះ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ លើអាគារការិយាល័យសម័យថ្មី ដែលបំពាក់ដោយបច្ចេកវិទ្យា និងប្រព័ន្ឋសុវត្ថិភាពទំនើបមានផាសុខភាព។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់ដែលអញ្ជើញជាអធិបតីក្នុងឳកាសនោះបានមានប្រសាសន៍ថា ក្រុមហ៊ុន 3DS PROPERTY MANAGMENT ដែលវិនិយោគលើទីផ្សារអចលនទ្រព្យ ជាអាគារសម្រាប់ជួល និងទិញទំនិញ ហាងអាហារ នេះពិតជាល្អប្រសើរ ខណៈដែលការជជែកពិភាក្សាអំពីជំនួញ កាន់តែមានភាពងាយស្រួល ដោយសារមានទីតាំងអំណោយផល មានភាពងាយស្រួលសម្រាប់ចតយានយន្ត ពិសារអាហារ ថែមទាំងអាចដើរទិញទំនិញសម្បូរបែប។
លោកបន្តថា ជាក់ស្តែងគំរោង The Point ដែលនឹងបើកដំណើរការនៅពេលឆាប់ៗខាងមុខ មានភាពខុសប្លែកគេ ដែលអ្នកទៅកាន់គំរោងនេះមិនបាច់ចំណាយពេលធ្វើដំនើរ
ពីកន្លែងមួយទៅកន្លែងមួយនោះទេ ព្រោះគំរោងនេះមានផលិតផលចម្រុះទាំងការិយាល័យធ្វើការ ហាងលក់ទំនិញ និងហាងលក់អាហារ៕
ប្រភព : www.propertyarea.asia