Register Already an agent ? Login

មូលហេតុនៅពីក្រោយការដួលរលំផ្សាររាត្រីកុងទីណ័រនានានៅក្រុងភ្នំពេញ

​ភ្នំពេញ : បន្ទាប់ពីផ្សាររាត្រីកុងទីណ័រJet Container ដំបូងគេនៅក្រុងភ្នំពេញ ទទួល​បានជោគជ័យ អ្នកវិនិយោគនានាបានចាប់ផ្តើមបើកដំណើរការផ្សាររាត្រីកុងទីណ័រតាមគ្នាយ៉ាងច្រើនដូចពពុះសាប៊ូមួយរយៈ ពេលនេះផ្សារទាំងនោះបានចាប់ផ្តើមបិទទ្វារ ដោយ​សារមូលហេតុជាច្រើន។

វាសនាផ្សាររាត្រីកុងទំណ័រនៅក្នុងមជ្ឈមណ្ឌលភ្នំពេញ(បឹងកក់) បានបិទទ្វារដំបូងគេ និងបន្តបិទជាបន្តបន្ទាប់ ដូចជា ផ្សាររាត្រីកុងតឹន័រភូមិមូល និងផ្សាររាត្រីកុងទីណ័រនៅជិតគ្នា​នោះក៏បានបិទទ្វារ ហើយជាបន្តមកទៀតផ្សារាត្រីកុងទំណ័រស្ថិតនៅលើផ្លូវសុធារស ភាគខាងត្បូងផ្សារទំនើបAEON MALL១ និងចុងក្រោយគេផ្សាររាត្រីកុងទំណ័រទី១ដែលនៅជិតស្ថានទូតរុស្សី​ ស្ថានទូតអូស្ត្រាលី និងនៅជិតវិមានរដ្ឋសភាដែលធ្លាប់បានបើកដំណើរការអស់រយៈពេល២ឆ្នាំ មានទាំងការលក់ភេសជ្ជៈគ្រប់ប្រភេទ វត្ថុអនុស្សាវរីយ៍ ខោអាវ ព្រមទាំងម្ហូមអាហារជាច្រើនមុខក៏កំពុងចាប់ផ្តើមបិទទ្វារផងដែរ។

លោកឆាយ សុភ័ណ្ឌ ប្រធានគ្រប់គ្រងផ្សាររាត្រីកុងតឺន័រដំបូងគេនៅក្រុងភ្នំពេញបានអះអាងថា ដោយសារតម្លៃដីខ្ពស់ពេកនេះ ហើយបានធ្វើអោយក្រុមហ៊ុនបិទលែងដំណើរការ ហើយខាងក្រុមហ៊ុងកំពុងតែវាយកម្ទេចនូវតូបនានា បន្ទាប់ពីម្ចាស់តូបបានរើសឥវាន់ចេញអស់រួចរាល់។លោកបន្តថា ខាងម្ចាស់ដី(ក្រុមហ៊ុន Royal Group) របស់លោកឧញ៉ាគិតម៉េង នឹងយកដីនេះ ទៅសាងសង់អគារពាណិជ្ជកម្មផ្សេងៗ តែមិនទាន់ច្បាស់សាងសង់អ្វីនោះទេ។​

​​តាមរបាយការណ៍បង្ហាញថា តម្លៃ​អច​លន​ទ្រព្យ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​ប្រ​ចាំ​ឆ​មាស​ទី​ ១ មានតម្លៃ​​​ដីធ្លីនៅក្នុងតំបន់នេះ ​មាន​តម្លៃ​ចន្លោះ​​ពី​ ៣,៥០០​ ដុល្លារ​ទៅ​ដល់ ៦,០០០ ​ដុល្លារ​ក្នុង១​ម៉ែត្រ​កា​រ៉េ​។

​អ្នកវិនិយោគក្នុងស្រុកមួយរូប ដែលបានបើកផ្សារកុងទំណ័រនៅក្នុងសង្កាត់ភ្នំពេញថ្មីបានអះអាងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា មូលហេតុនៃការបិទទ្វារផ្សារកុងទំណ័ររបស់ខ្លួន ដោយសារមូលហេតុជាច្រើន ព្រោះផ្សាររាត្រីជាផ្សារដែលផ្តោតលើអ្នកមានជីវ​ភាពកម្រិតខ្ពស់ ព្រោះការលក់ម្ហូបអាហារ និងភេសជ្ជៈនៅផ្សារទាំងនោះមានតម្លៃថ្លៃ ដោ​យសារតែអ្នកជួលតូបលក់មានតម្លៃ​ថ្លៃ។

​លោកបន្តថា “ផ្សារកុងទំណ័រមិនមានផាសុខភាពទេ មិនផ្តល់ជម្រើសអាហារច្រើន​សម្រាប់អ្នកទទួលទានទេ”។លោកបន្តថា “តើប្រជាជនប៉ុន្មានភាគរយនៅក្រុងភ្នំពេញ ដែ​លមានលទ្ឋភាពចំណាយលើអាហារមួយចាន៥ដុល្លារ ប៊ឺយ៉ែរ១ដបតម្លៃ៣ទៅ៣,៥ដុល្លារ​អាមេរិកជាប្រចាំ នេះជាមូលហេតុដែលអតិថិជន មិនអាចជួយស្រោចស្រង់ផ្សារទាំងនោះ​បាន”។

អ្នកផ្គត់ផ្គង់ស្រាបៀរពីក្រៅប្រទេសមួយរូប បានលើកឡើងពីមូលហេតុផ្សេងមួយទៀតទាក់ទងនឹងការបិទផ្សារទាំងនោះថា ម្ចាស់ផ្សាររាត្រីកុងទីណ័រមួយចំនួនបានអនុញ្ញា​ត្តឲ្យក្រុមហ៊ុនស្រាបៀរ លក់ផ្តាច់មុខផលិតផលរបស់ពួកគេ ដែលធ្វើឲ្យក្រុមហ៊ុនានានមិន​អាចលក់បាន ដែលជាការមិនផ្តល់ជម្រើសដល់អតិថិជន ទើបផ្សារទាំងនោះបានបិទទ្វារជាបន្តបន្ទាប់។

អគ្គនាយកក្រុមហ៊ុនVTRUST GROUPលោកគុយ វ៉ាតដែលជាម្ចាស់ភោជនីយ​ ដ្ឋានPark Cafeផងដែរនោះបានថ្លែងថា ការធ្វើអាជីវកម្មតាមគ្នា ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការក្ស័យទុន ដោយសារអ្នកទាំងនោះមិនមានជំនាញត្រឹមត្រូវ ហើយធ្វើតាមគ្នា។​

លោកបន្តថា ជាក់ស្តែងមានភោជនីយដ្ឋានរាប់រយនៅលើផ្លូវជាតិលេខ៦អា បន្ទាប់ពីស្ពាន​ជ្រោយចង្វារទី១សាងសង់ចប់ ប៉ុន្តែពេលនេះតើភោជនីយដ្ឋានប៉ុន្មាន ដែលបាននៅបន្តបើកដំណើរការ។

លោកបន្តថា “អ្នកវិនិយោគមិនគួរវិនិយោគតាមគ្នា ដោយគ្មានជំនាញ​និងសិក្សាទី​ផ្សារឲ្យបានច្បាស់លាស់នោះទេ”៕

ប្រភព : www.propertyarea.asia