ភ្នំពេញ:ខណៈប្រជាជនកម្ពុជាទន្ទឹងរង់ចាំវត្តមានអាគារពាណិជ្ជកម្មភ្លោះខ្ពស់ជាងគេនៅលើពិភពលោក ១៣៣ ជាន់ ស្មើនឹងកំពស់ ៥៦១ម៉ែត្រ ត្រូវបានស្ថាបត្យករគូរប្លង់អាគារនេះបានបង្ហើបថាសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារពាណិជ្ជកម្មលំដាប់ពិភពលោកនេះនាពេលខាងមុខនេះ។
លោកសាស្រ្តាចារ្យ ទួស សាភឿន មន្រ្តីជាន់ខ្ពស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង និងជាស្ថាបត្យករចូលរួមគូរប្លង់អាគារកប់ពពកនេះបានឲ្យដឹងថា សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការចូលរួមសម្ភោធបើកការដ្ឋានសាងសង់អាគារនេះនាពេលខាងមុខខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងជីកជញ្ជាំងទប់ដីនិងសិក្សាពីគ្រឹះរបស់អាគារនេះ ដែលអាចការពារការរញ្ជួយដីបានកម្រិត៩វិកទ័រ។
លោកបន្តថា“អាគារនេះមិនបានផ្លាស់ប្តូរពេលវេលាក្នុងការសាងសង់នោះទេ តែលោកទទួលស្គាល់ថាគំរោងនេះ ពិតជាបានផ្លាស់ប្តូរដៃគូវិនិយោគ”។លោកបន្តថា “គំរោងអាគារនេះ និងស្ថាបត្យកម្មដើមមិនបានផ្លាស់ប្តូរទេគឺយើងនៅតែរក្សាទម្រង់អាគារចាស់ដដែល”។ លោកសាស្រ្តាចារ្យ ទួស សាភឿន បានបន្តថាគំរោងស្ថាបត្យកម្មថ្មីដែលបានបង្ហាញនូវទម្រង់អាគារថ្មីមិនមែនជារូបភាពអាគារនេះនោះទេ តែនោះជាគំរោងដែលបានគូរឡើងដោយនិស្សិតមួយក្រុមប៉ុណ្ណោះព្រោះយើងមិនផ្លាស់ប្តូរទម្រង់អាគារនេះទេ។
មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក THAIBUNRONGTWIN TOWER នឹងសាងសង់លើផ្ទៃដីជិត៦ហិកតា ស្ថិតក្នុងសង្កាត់ចតមុខរាជធានីភ្នំពេញ។ នៅពេលសាងសង់ចប់ វានឹងជាអាគារពាណិជ្ជកម្មភ្លោះកប់ពពកខ្ពស់ជាងគេនៅលើពិភពលោកព្រោះបច្ចុប្បន្នបណ្តាប្រទេសនានា ក្នុងពិភពលោកសាងសង់អាគារកប់ពពកជាប្រភេទអាគារទោលប៉ុណ្ណោះដូចជា Burj Khalifar មានកំពស់៨២៨ម៉ែត្រ SheihaiFinancial Tower កំពស់ជាង៦០០ម៉ែត្រ ជាអាគារទោល គឺមានតែអាគារភ្លោះ PetronasTwin Tower នៅប្រទេសម៉ាឡេស៊ីប៉ុណ្ណោះជាប្រភេទអាគារភ្លោះមានកំពស់ខ្ពស់ជាងគេដែលមានកំពស់ជាង៤០០ម៉ែត្រនាពេលបច្ចុប្បន្ននេះ៕
ប្រភព : www.propertyarea.asia