ភ្នំពេញ : ក្រុមហ៊ុន OCICដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុកដ៏ធំ នឹងបើកដំណើរការទីតាំងលក់អាហារដ៏ធំមួយដែលស្ថិតនៅលើផ្ទៃដីប្រមាណ២ហិកតានៅក្នុងទីក្រុងរណបជ្រោយចង្វារ។
នាយកគ្រប់គ្រងគំរោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារលោក ម៉ី សារិន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថាគម្រោងនេះបាននិងកំពុងដំណើរការសាងសង់ ដែលគ្រោងនឹងបើកដំណើរការនៅពេលឆាប់ៗនេះ។គំរោងនេះស្ថិតនៅទល់មុខនឹងសួនដាយណូស័រ ដែលគ្រោងនឹងបើកដំណើរការក្នុងពេលដំណាលគ្នា។ លោកបន្តថា Food Palace នឹងជាទីតាំងលក់អាហារចម្រុះ ដែលមានអាហារបែបអាស៊ីនិងអាហារបែបអឺរ៉ុប។
លោកបន្តថា“គំរោងនេះនឹងផ្តល់ឲ្យអតិថិជននូវលក្ខណៈពិសេសមួយ ដែលពួកគេអាចដើរជ្រើសរើសអាហារដោយសេរីដោយយើងនឹងផ្តល់កន្លែងអង្គុយទទួលទានសំរាប់ពួកគេ និងផ្តល់នូវបរិយាកាសទទួលទានអាហារដ៏រីករាយ”។លោកបន្តថា “រហូតមកទល់ពេលនេះស្តង់លក់អាហារត្រូវបានអតិថិជនជួលអស់ប្រមាណ៨០ភាគរយរួចហើយ”។
អ្នកគ្រប់គ្រងគំរោង FoodPalace បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា គម្រោង FoodPalace នឹងបើកដំណើរការនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។
ទីក្រុងរណបជ្រោយចង្វារ ស្ថិតនៅលើផ្ទៃដីទំហំជាង១០០ហិកតាដែលទីក្រុងនេះនឹងត្រូវអភិវឌ្ឍន៍ជាទីក្រុបបែប Smart City និងជាទីក្រុងពាណិជ្ជកម្មដោយគ្រោងចំណាយទុនវិនិយោគ៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមការឲ្យដឹងពីលោក ទូចសំណាង អគ្គនាយករងក្រុមហ៊ុន OCIC កាលពីពេលថ្មីៗនេះ។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់អាគារការិយាល័យកណ្តាលរបស់ OCIC កំពស់២០ជាន់និងគំរោងលំនៅដ្ឋានបែបពាណិជ្ជកម្មបណ្តើរៗហើយ ដែលគម្រោងនេះស្ថិតក្នុងដំណាក់កាលទី១នៃគំរោងជាច្រើនដំណាក់កាលទៀត៕
ប្រភព : www.propertyarea.asia