ភ្នំពេញ៖ សួនកំសាន្តដាយណូស័រជាលើកដំបូងនៅក្រុងភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុន OCIC ក្នុងទឹកប្រាក់ប្រមាណ២លានដុល្លារ នឹងបើកដំណើរការនៅដើមឆ្នាំ២០១៩ខាងមុខនេះ។
នាយកគ្រប់គ្រងគំរោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារលោកម៉ី សារិនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ ធ្នូនេះថា សួនកំសាន្តនេះបានចាប់ផ្តើមដំណើរការសាងសង់កាលពីកំឡុងខែកក្កដា ឆ្នាំនេះលើផ្ទៃដីទំហំជិត៥ហិកតា ដែលតាមគំរោងសួបនេះនឹងបើកដំណើរការនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៩ខាងមុខនេះ។លោកបន្តថា សួននេះមានការដាក់បង្ហាញរូបដាយណូស័រ ដែលមានចលនា មានសម្លេងយកមកពីប្រ ទេសចិន និងសត្វដាយ ណូស័រធ្វើពីបេតុង សត្វផ្សេងៗទៀត រួមជាមួយដងអូរ ទឹកជ្រោះ ភ្នំ វាលស្មៅ ដើម្បីបំរើការកំសាន្តរបស់ប្រជាពលរដ្ឋ។
លោកបន្តថា “ការវិនិយោគសួននេះត្រូវចំណាយថវិកាប្រមាណ ២លានដុល្លារ តែតម្លៃនេះមិនទាន់រាប់បញ្ចូលតម្លៃដីរាប់លានដុល្លារនៅឡើយទេ។ លោកបន្តថា “សួននេះនឹងមានការលក់សំបុត្រ ប៉ុន្តែស្ថិតក្នុងតម្លៃសមរម្យមួយដែលប្រជាពលរដ្ឋអាចទទួលយកបាន។
គំរោងនេះនឹងធ្វើឲ្យតំបន់ជ្រោយចង្វារកាន់តែមានភាពរសរវើកនាពេលអនាគត ខណៈសួនសត្វ Phnom Penh Safari World របស់លោកឧកញ៉ាលី យ៉ុងផាត់បានបើកដំនើរការនៅក្នុងទីក្រុងរណបតេជោមរកតកាលពីពេលថ្មីៗនេះ។
លោកម៉ី សារិនបានបន្តថា យើងចង់ឲ្យតំបន់ជ្រោយចង្វារ កាន់តែមានភាពទាក់ទាញ និងធ្វើឲ្យតំបន់នេះមានកន្លែងកំសាន្ត ព្រោះបច្ចុប្បន្ន យើងមិនទាន់មានកន្លែងកំសាន្តច្រើននៅតំបន់នេះនៅឡើយទេ។
ការវិនិយោគតំបន់កំសាន្តនេះ ធ្វើឡើងស្របពេលអ្នកជំនាញទេសចរណ៍មកពីវិស័យឯកជនបានស្នើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិវិនិយោគតំបន់កំសាន្ត និងរមណីយដ្ឋានកែច្នៃឲ្យបានច្រើនបន្ថែមទៀតនៅរាជធានីភ្នំពេញ ខណៈទីក្រុងនេះមានកន្លែងកំសាន្តដើម្បីទាក់ទាញឲ្យភ្ញៀវទេសចរណ៍ស្នាក់នៅយូរ និងចំណាយប្រាក់ច្រើននៅមានកម្រិតនៅឡើយ។
គំរោងនេះក៏បានបង្ហើបឲ្យដឹងពីលោកឧកញ៉ាពុង ឃាវសែអគ្គនាយកក្រុមហ៊ុន OCIC កាលពីពេលថ្មីៗនេះផងដែរ៕
ប្រភព : www.propertyarea.asia