ភ្នំពេញ៖ ដំណឹងល្អសម្រាប់ប្រជាជនកម្ពុជា និងឡាវ ដែលមេដឹកនាំកម្ពុជា
និងឡាវបានឯកភាពគ្នា ក្នុងការសាងសង់ស្ពានភ្ជាប់ព្រំដែនរវាងប្រទេសទាំងពីរ ដោយភ្ជាប់រវាងទឹកដីខេត្តព្រះវិហារ
និងខេត្តចំប៉ាសាក់របស់ឡាវ។
ការប្រកាសនេះ ធ្វើឡើងក្នុងកំឡុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននិងកំពុងបំពេញទស្សនកិច្ច នៅប្រទេសឡាវរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៥ដល់៦ ធ្នូខាងមុខនេះ។
ក្នុងកំឡុងពេលបំពេញទស្សនកិច្ចនេះ សម្តេច តេជោ និងនាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញជាអធិបតី ក្នុងការចុះកិច្ចព្រមព្រៀងចំនួន៤ ដែលជាអនុស្សរណៈផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកអប់រំវប្បធ៌ម ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងទិញលក់ថាមពលអគ្គិសនីពីប្រទេសឡាវ មកកាន់ខេត្តស្ទឹងត្រែង រួមទាំងកិច្ចព្រមព្រៀងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីសម្រួលការដឹកជញ្ជូននិងជមរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងក្នុងពិធីចុះហត្ថលេខានាថ្ងៃទី៥ធ្នូនេះថា ប្រជាពលរដ្ឋនៅតាមព្រំដែនគួរតែសប្បាយរីករាយ ព្រោះអំបាញ់ម៉ិញមានការចុះហត្ថលេខាទិញអគ្គិសនីពីឡាវទៅផ្គត់ផ្គង់នៅកម្ពុជា ដែលនេះជាផ្នែកមួយយ៉ាងសំខាន់នៃកិច្ចសហប្រត្តិបត្តិការលើវិស័យអគ្គិសនី។ សម្តេចបន្តថា ក្រៅពីការតភ្ជាប់អគ្គិសនី យើងបានឯកភាពគ្នា លើការតភ្ជាប់ស្ពានឆ្លងកាត់ទន្លេភ្ជាប់ពីខេត្តព្រះវិហារទៅកាន់ខេត្តចំប៉ាសាក់របស់ឡាវ ដែលផ្តល់ឳកាសឲ្យប្រជាជនប្រទេសទាំងពីរងាយស្រួលទំនាក់ទំនងគ្នា។
ទោះជាយ៉ាងណាមេដឹកនាំប្រទេសទាំងពីរមិនបានបញ្ជាក់ឲ្យដឹងពីការចាប់ផ្តើមសាងសង់ស្ពាននេះនាពេលណា ទំហំនិងប្រវែងស្ពាន និងថវិកាត្រូវចំណាយលើការសាងសង់នៅឡើយទេ៕
ប្រភព : www.propertyarea.asia