ភ្នំពេញ៖ ប្រទេសជប៉ុនចាប់ផ្តើមផ្សព្វផ្សាយ សក្តានុពលតំបន់ទេសចរណ៍របស់ខ្លួននៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កម្ពុជា ទៅទស្សនានៅប្រទេសជប៉ុនកាន់តែច្រើន។
លោក អូណឹម៉ាក់ អេហ្គូ (ONUMA EIGO) ប្រធានស្ថាប័នទេសចរណ៍ជាតិជប៉ុនប្រចាំទីក្រុងបាងកក បានលើកឡើងនៅក្នុងទស្សនាពិរព័ណ៌ប្រទេសជប៉ុន នៅរាជធានីភ្នំពេញ ២០១៨ ដែលប្រារព្វធ្វើឡើងនៅផ្សារទំនើបអីអនសែនសុខ ថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០១៨កន្លងមកថា ព្រឹត្តិការណ៍ដែលបានរៀបចំឆ្នាំនេះ គឺបានលើកយកផ្កាសាគូរ៉ាជាប្រធានបទដែលកំពុងពេញនិយម និងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យទៅទស្សនានៅប្រទេសជប៉ុន ក្រៅពីផ្កាសាគូរ៉ា ជប៉ុននៅមានរដូវឈ្លឹកឈើប្រហម នៅរដូវឈ្លឹកឈើជ្រុះ និងធ្លាក់ព្រឹលនៅរដូវរងារជាដើម។
លោកបន្តថា តំបន់សក្តានុពលប្រទេសជប៉ុន ដែលកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមានដូចជា ផ្កាសាគូរ៉ា ស្លឹកឈើក្រហម ព្រឹលទឹកកក ជាពិសេសទីក្រុងធំៗ រួមមាន អូសាកា (OSAKA) តូក្យូ (TOKYO) ក្យូតូ (KYOTO) និងតំបន់(HOKKAIDO) ជាដើម ។
លោកONUMA EIGOបានបន្តថា ក្រៅពីការទាក់ទាញភ្ញៀវទេសចរណ៍បែបធម្មជាតិ ប្រទេសជប៉ុនមានទីក្រុងធំៗកំពុងទាក់ទាញទាំង៤រដូវផងដែរ ដូចជា អូសាកា (OSAKA) តូក្យូ (TOKYO) ក្យូតូ ជាទីក្រុងទំនើបទាន់សម័យ ក្នុងនោះចំពោះទីក្រុង (KYOTO) ជាទីក្រុងបន្សល់នូវវប្បធម៌ ប្រពៃណីចំណាស់ៗជាច្រើន។ ចំណែកតំបន់ (HOKKAIDO) ជាតំបន់រុំព័ទ្ធទៅដោយធម្មជាតិសម្បូបែប ដែលជាផ្នែកកំពុងទាក់ទាញភ្ញៀវទេសចេណ៍ជាដើម។
លោក HARINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ភ្ញៀវទេសចរណ៍ជប៉ុនដែលមកទស្សនានៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំមាន កំណើនប្រមាណចំនួន២សែននាក់។ ចំណែកភ្ញៀវទេសរចណ៍កម្ពុជា ទៅទស្សនានៅប្រទេសជប៉ុនវិញ នៅក្នុងឆ្នាំ២០១៧ មានចំនួន១ម៉ឺន៨ពាន់នាក់ បើធៀបធៀបទៅឆ្នាំ២០១៦ ចំនួនមានការកើនឡើងប្រមាណ៤២ភាគរយ។
ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជា លោកធួន ស៊ីណានបានមានប្រសាសន៍ថា ភ្ញៀវទេសចរណ៍កម្ពុជា បានទៅទស្សនាជប៉ុនបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះពេលរដូវបុណ្យទានម្តងៗ យើងរកកក់សំបុត្រយន្តហោះមិនទាន់នោះទេ។លោកបន្តថា ចំណែកការដាក់ពាក្យទទួលវីសា ទៅលេងជប៉ុនមិនមានអ្វីលំបាកនោះទេ ដោយសារការចំណាយត្រូវបានកាត់បន្ថយច្រើន ក្រោយពេលមានការហោះហើរត្រង់ពីជប៉ុនមកកាន់ក្រុងភ្នំពេញ។
លោកបន្តថា “យើងរំពឹងថាភ្ញៀវទេសចរណ៍កម្ពុជា ទៅទស្សនាជប៉ុនកាន់តែកើនឡើងច្រើនថែមទៀត ខណៈតម្លៃទស្សនាចរណទៅកាន់ជប៉ុនមានតម្លៃសមរម្យផងដែរ។លោកបន្តថា “បើទៅទស្សនាជប៉ុនរយៈពេល៥យប់ ៦ថ្ងៃ ការចំណាយមានចន្លោះពី១២០០ទៅ១៣០០ដុល្លារសម្រាប់មនុស្សម្នាក់ប៉ុណ្ណោះ”៕
ប្រភព : www.propertyarea.asia