Register Already an agent ? Login

ក្រសួងទេសចរណ៍​គ្រោង​បង្កើត​តំបន់​ព្យាបាល​សុខភាព​តាមបែប​ធម្មជាតិ​ជា​លើកដំបូង

ភ្នំពេញ៖ ក្រសួងទេសចរណ៍ គ្រោង​ស្នើ​រាជរដ្ឋាភិបាល និង​សហការ​ជាមួយ​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ ដែល​តំបន់​នោះ​នឹង​គ្រោង​អភិវឌ្ឍន៍​អោយ​ក្លាយជា​តំបន់​ទេសចរណ៍​ដែល​អាចជួយ​សម្រាល និង​ព្យាបាល​ជំងឺ​របស់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​បាន​តាមរបៀប​ធម្មជាតិ។

លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅក្រោយ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី ការអភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា កាលពី​ថ្ងៃទី២៩ខែ​វិច្ឆិក​ន្ល​ង​មក​ថា ដោយសារ​កម្ពុជា មាន​កំណើន​ឡើង​នូវ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​វ័យ​ចំណាស់ ដែល​ធនធាន​ថវិកា​ច្រើន បានជ្រើសរើស​យក​កម្ពុ​ជា ធ្វើជា​គោលដៅ​ធ្វើដំណើរ​ទេសចរណ៍​សំរាកលំហែរ​កាយ និង​កាត់បន្ថយ​ភាព​តាន​នៃ​ជំងឺ​តាមបែប​ធម្មជាតិ កម្ពុជា​នឹង​បង្កើត​គោលដៅ​តំបន់​ទេសចរណ៍​ប្រភេទ​នេះ បាន​ច្រើន​កន្លែង ដើម្បី​រួមចំណែក​លើក​សុខភាព​ម​នុស្ស​ជាតិ​របស់​ពិភពលោក។

លោក​បន្តថា“ការបង្កើត​តំបន់​ទេសចរណ៍ ដែល​អាចអោយ​ភ្ញៀវ​បរទេស​មក​សំរាក​លំហែកាយ​បាន​រយៈពេល​វែង ឬ​រយៈពេល​ខ្លី​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​ព្យាបាល​ជំងឺ​តាមបែប​ធម្មជាតិ​នេះ “។ លោក​បន្តថា “ក្រសួង​នឹង​សហការ​បង្កើត​ឲ្យ​មានផ្ទះ​ស្នាក់​ដ៏​ប្រណីត មាន​អាហារ​ហូប​ឆ្ងាញ់ ផ្តល់​សេវា​ពិសេស មាន​ទេសភាព​ស្អាត មាន​ខ្យល់​អាកាសធាតុ​ល្អ ខុសពី​ប្រទេស​ដើមកំណើត​របស់​ភ្ញៀវ ហើយ​នៅក្នុង​តំបន់​នោះ ក៏​នឹង​បង្កើត​មាន​មណ្ឌល​ផ្តល់​សេវា​សុខភាព​ដ៏​ប្រសើរ ជូន​ភ្ញៀវទេសចរ​ទាំងអស់នោះ​ផងដែរ។

លោក​ទិ​ត ចន្ថា​បាន​បន្តថា បច្ចុប្បន្ន​ក្រសួងទេសចរណ៍ បាននិងកំពុង​សិក្សា​តំបន់​ទេសចរណ៍​មាន​ឈ្មោះថា តំបន់​នាគរាជ​ដែលមាន​សក្តានុពល​មួយកន្លែង​នៅ​ខេត្ត​ព្រះសីហនុ ដែល​អាច​រៀបចំ​បង្កើត​អោយទៅជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ និង​អាច​ផ្តល់​សេវា​ព្យាបាល​ជំងឺ​នានា​តាមបែប​ធម្មជាតិ​បាន។លោក​បន្តថា ក្រៅពីនេះ​ក្រសួងទេសចរណ៍ ក៏​បាននិងកំពុង​មើលឃើញ​តំបន់​ទេសចរណ៍​ពិសិដ្ឋ​នេះ​ជាច្រើន​កន្លែង​ទៀត​ដូចជា នៅ​តំបន់ភ្នំ​បូកគោ តំបន់​ភាគ​ឦ​សាន្ត​កម្ពុជា ខេត្តសៀមរាប រាជធានី​ភ្នំពេញ តំបន់​នានា​នៅ​តំបន់​បឹង​ទន្លេសាប​ជាដើម ក៏​អាចបង្កើត​អោយទៅជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ​បានដែរ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​ថ្លែងថា គំរោង​នេះ​បើ​បង្កើត​ជាមួយ​ស្ថាប័ន​ជំនាញ និង​មានការ​ចូលរួម​ពី​ក្រសួង​ជំនាញ ទើប​គំរោង​នេះ​ទាក់ទាញ​និង​ទទួលបាន​ជោគជ័យ ប៉ុន្តែ​អ្វី​សំខាន់​គឺ​ការផ្តល់​ទុន​ពី​រដ្ឋាភិបាល ទើប​គំរោង​នេះ​អាច​ដំណើរការបាន​លឿន និង​ជោគជ័យ។លោក​បន្តថា បើ​មានគំនិត​ធ្វើជា​រឿង​ល្អ​មួយ តែបើ​គ្មាន​ថវិកា​គឺ​បរាជ័យ ហេតុនេះ​យើង​ចង់បាន​ការជួយ​ទុន​ពី​រដ្ឋាភិបាល ដើម្បី​ជំរុញ​ឲ្យ​គំរោង​នេះ​ទទួលជោគជ័យ​ប្រកបដោយ​និរន្តរភាព។

លោក​បន្តថា “ភ្ញៀវ​ទេសចរណ៍​វ័យ​ចំណាស់​មក​ទស្សនា​កម្ពុជា នៅមាន​តិចតួច​នៅឡើយ ហេតុនេះ​ដើម្បី​ទាក់ទាញ​ទេសចរណ៍​ប្រភេទ​នេះ យើង​ត្រូវមាន​អនាម័យ​អាហារ អនាម័យ​បរិស្ថាន មាន​សុខ​សុវត្ថិភាព និង​រៀបចំ​កន្លែង​ដែលមាន​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​ល្អ​សម្រាប់​ភ្ញៀវ ទើប​យើង​ទទួលបាន​ទេសចរណ៍​វ័យ​ចំណាស់​ច្រើន”៕

ប្រភព : /www.propertyarea.asia