ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អស៊ី (ADB) បានសម្រេចផ្តល់ជំនួយប្រមាណ៣០លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជាសម្រាប់ អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២ នៅខេត្តជាប់ឆ្នេរសមុទ្រកម្ពុជារួមមានខេត្តព្រះសីហនុ និងខេត្តកែប។
លោកទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍បានថ្លែងនៅក្នុងកិច្ចសម្ភាសអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ នាថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២នេះ រួមមាន គម្រោងរៀបចំបង្កើតទីលានចាក់សំរាម និងសម្ភារសម្អាតទីក្រុង នៅខេត្តកែប និងគម្រោងបីទៀតនៅខេត្តព្រះសីហនុ មានដូចជា គម្រោងធ្វើផ្លូវទេសចរណ៍តាមបណ្ដោយឆ្នេរសមុទ្រ គម្រោងបង្កើតរោងចក្រសម្អាតទឹកកខ្វក់ និងគម្រោងកសាងកំពង់ផែទេសចរណ៍នៅក្រុងព្រះសីហនុ និងនៅកោះរ៉ុង ខេត្តព្រះសីហនុ។
លោកបន្តថា នៅឆ្នាំ២០១៨នេះរាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានសប្បទានពីធនាគារ ADB សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នជំហានទី២ ក្នុងមហាអនុតំបន់ទន្លេគង្គ (GMS) គ្រោងចំណាយថវិកា៣០លានដុល្លារអាមេរិក សម្រាប់អនុវត្តនៅខេត្តតំបន់ឆ្នេរ ដូចជាទី១ គម្រោងគ្រប់គ្រងកាកសំណល់រឹង នៅខេត្តកែប ទី២ សាងសង់ផែទេសចរណ៍ចំនួន២ នៅខេត្តព្រះសីហនុ និងកោះរ៉ុង ផ្លូវតាមបណ្តោយឆ្នេរនៅខេត្តព្រះសីហនុ ផ្លូវដើរតាមមាត់សមុទ្រនៅកោះរ៉ុង ទី៣ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន នៅខេត្តតំបន់ឆ្នេរទាំងបួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងមានប្រព័ន្ធស្ដង់ដាសុវត្ថិភាព មានការធានាបានល្អ។
លោក ទិត ចន្ថា បានបន្តថា ក្រសួងទេសចរណ៍ និងធនាគារ ADB បានចាប់ផ្ដើមអនុវត្តជំហានទីបណ្ដើរៗមកហើយ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន នៅក្នុងមហាអនុតំបន់ទន្លេគង្គ(GMS) ក្នុងនោះមានគម្រោងកំពង់ផែទេសចរណ៍នៅខេត្តកំពត គម្រោងបង្កើតប្រព័ន្ធសម្អាតទឹកកខ្វក់នៅផ្សារក្ដាមខេត្តកែប គម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នៅខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដែលគម្រោងមួយនេះ បាននិងកំពុងអនុវត្តប្រកបដោយជោគជ័យ៕
ប្រភព : www.propertyarea.asia