ភ្នំពេញ៖ លោកឧកញ៉ាលី យ៉ុងផាត់បានសម្រេចចិត្តបោះទុនវិនិយោគប្រមាណ១០លានដុល្លារអាមេរិក ដើម្បីបើកដំណើរការមជ្ឈមណ្ឌលផ្គត់ផ្គង់គ្រឿងសំណង់ នៅទីក្រុងភ្នំ ពេញ ខណៈទីផ្សារផលិតផលនេះកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។
ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធមជ្ឈមណ្ឌលនេះ ដោយលោកបានសម្តែងការអបអរសាទរ និងលើកឡើងពីការវិនិយោគនេះ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ខណៈវិស័យសំណង់ និងអចលនទ្រព្យកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុន ក្នុងពិព៌ណឧស្សាហកម្មសំ ណង់នៅសាលពិព៌ណកោះពេជ្រថា រយៈពេល១០ខែឆ្នាំ២០១៨នេះ ទំហំវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យសម្រេចបានទឹកប្រាក់ជិត៥០០០លានដុល្លារអាមេរិក។
យោងតាម Facebook Page របស់ Global House បានឲ្យដឹងថា មជ្ឈមណ្ឌលផ្គត់ផ្គង់គ្រឿងសំណង់នេះ មានទំហំផ្ទៃដីប្រមាណ៧ហិកតា និងមានការផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទប្រមាណ១លានមុខទំនិញ ដែលវាជាមជ្ឈមណ្ឌលផ្គត់ផ្គង់គ្រឿងសំណង់ធំជាងគេបំផុតនៅរាជធានីភ្នំពេញ។
មានទីតាំងនៅជិតផ្សារទំនើប AEON MALL2 ស្ថិតក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ៕