ភ្នំពេញ: ព្រលានយន្តហោអលំដាប់អន្តរជាតិតម្លៃ៩០០លានដុល្លារ ដែលស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបកំពុងដំណើរការសាងសង់សន្សឹមៗ ខណៈការចចាជាមួយក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា ស្ថិតក្នុងភាពមិនច្បាស់លាស់។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា គំរោងសាងសង់ព្រលានយន្តហោះនេះកំពុងឆ្ពោះទៅមុខសន្សឹមៗ និងមិនលឿនតាមអ្វីដែលយើងចង់បាននោះទេ ព្រោះព្រលានយន្តហោះមួយ អាចចំណាយពេលសាងសង់ចន្លោះពេលពី៥ទៅ១០ឆ្នាំ។លោកបន្តថា តាមព៌តមានដែលលោកបានដឹង គឺក្រុមហ៊ុនវិនិយោគព្រលានយន្តហោះនេះ បានឈូសពង្រាបដីជិតរួចរាល់ហើយ ខណៈពេលនេះពួកគេកំពុងធ្វើតេស្តដី និងការងារបច្ចេកទេសច្រើន ដើម្បីឈានទៅបើកការដ្ឋានសាងសង់។
លោកបន្តថា “ការងារបច្ចេកទេស ជាការងារលំបាកស្មុគ្រស្មាញ ដែលអាចចំណាយពេល១ឆ្នាំទៀត ទើបអាចរៀបចំចប់ ព្រោះព្រលានយន្តហោះមួយៗមិនមែនចេះតែធ្វើនោះទេ”។លោកបន្តថា “ខ្ញុំអាចបញ្ជាក់បានថា គំរោងរបស់រដ្ឋាភិបាលនិមួយៗមិនមានការផ្លាស់ប្តូរទេ គ្រាន់តែអ្វីៗអាចដំណើរការបាន គឺត្រូវការពេលវេលាច្រើន”។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា គំរោងព្រលានយន្តហោះនេះនឹងសាងសង់ជា ពីរដំណាក់កាល ដោយដំណាក់កាលទី១អាចចំណាយថវិកាប្រមាណ៥៥០លានដុល្លារ និងដំណាក់កាលទី២ នឹងចំណាយថវិកាប្រមាណ៣៥០លានដុល្លារ ដើម្បីពង្រីកទំហំព្រលានយន្តហោះនេះកាន់តែធំ និងអាចចុះចតយន្តហោះធំៗបាន។
ក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ លោក Zou Yuhuiនាយករងក្រុមហ៊ុន YUNAN DEVELOPMENT GROUP ដែលជាក្រុមហ៊ុន វិនិយោគព្រលានយន្តហោះនេះ បានស្នើឲ្យអាជ្ញាធរខេត្តសៀមរាប យកចិត្តទុកដាក់លើការ ងារបច្ចេកទេសមួយចំនួន ពិសេសទីតាំងជុំវិញអាកាសយានដ្ឋាននេះ ទាក់ទងនឹងបង្គោលភ្លើង វត្តនៅលើភ្នំ និងគំរោងអភិវឌ្ឍន៍ខេត្ត ដើម្បីធានាសុវត្ថិភាពដល់វិស័យអាកាសចរណ៍។
ព្រលានយន្តហោះនេះមានទីតាំង ស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក Zou Yuhui បានបន្តឲ្យដឹងផងដែរថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានកំពុងរៀបចំ និងកសាងផែនការមេ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនរួចហើយ ដើម្បីជំរុញឲ្យដំណើរការសាងសង់ព្រលាននេះ ទទួលបានជោគជ័យតាមការគ្រោងទុក។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានថ្លែងថា នៅពេលព្រលានយន្តហោះនេះសាងសង់ចប់ និងអាចចុះចតយន្តហោះខ្នាតធំបាន វានឹងជួយទាក់ទាញវិស័យអាកាសចរណ៍ភ្ជាប់ជើងហោះហើរកាន់តែច្រើន ពិសេសនឹងនាំមកមិនត្រឹមតែ ភ្ញៀវទេសចរណ៍នោះទេ តែក៏នាំមកនូវវិស័យពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមទៀតផងដែរ។
លោកបន្តថា “វាជារឿងអបអរសាទរ ចាប់តាំងពីការដាក់ចេញនូវគោលនយោបាយ បើកចំហជើងមេឃរបស់ប្រមុខរដ្ឋាភិបាល វិស័យអាកាសចរណ៍នៅកម្ពុជាមានភាពរីកចម្រើនខ្លាំង ហេតុនេះពេលព្រលាននេះសាងសង់ចប់ នឹងជំរុញវិស័យនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត”៕
ប្រភព : www.propertyarea.asia