Register Already an agent ? Login

លោក​ជា សុផារ៉ា៖ កម្ពុជា​ត្រូវការ​លំនៅឋាន​ប្រមាណ១លាន​ខ្នង​ត្រឹម​ឆ្នាំ២០៣០

ភ្នំពេញ៖ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន នគរូបនីយកម្ម និង​សំណង់ បាន​ព្យាករណ៍​ថា សម្រាប់​រយៈពេល១៥ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ២០១៥រហូត​ឆ្នាំ ២០៣០ តម្រូវការ​លំនៅដ្ឋាន​នៅ​ទូទាំងប្រទេស​នឹងមាន​ចំនួន​ប្រមាណ ១លាន​ខ្នង​បន្ថែមទៀត។

លោក​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​លក់​សម្ភារៈ​សំណង់ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​តាម​លំនៅដ្ឋាន Global House ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​លី​យ៉ុង​ផាត់ គ្រុប​កាលពី​ចុង​សប្តាហ៍​មុន​បន្តថា “តម្រូវការ​លំនៅដ្ឋាន​ដ៏​ច្រើន​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​សម្រាប់​តំបន់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​តម្រូវ​ការប្រមាណ៨០ម៉ឺន​លំនៅដ្ឋាន ហើយ​បើ​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ ៥ម៉ឺន​លំនៅឋាន​ក្នុង​មួយឆ្នាំ។

លោក​បន្តថា បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​ទីក្រុង​រណប បុរី​លំនៅឋាន និង​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​ចំនួន២៣០ទីតាំង និង​មាន​សំណង់​អគារ​ខ្ពស់​ចាប់ពី ៥ជាន់​ឡើងទៅ​ចំនួន ១,១០០អគារ។

លោក​ឧកញ៉ា​លី ហួរ​ប្រធាន​សមាគម​អ្នក​សាងសង់​លំនៅដ្ឋាន​បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​បាន​មានប្រសាសន៍ថា ទីផ្សារ​លំនៅដ្ឋាន​នៅតែមាន​ភាពល្អប្រសើរ ដោយសារ​ការរីកចម្រើន​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ហេតុនេះហើយ ទើប​អ្នក​អភិ​វ​ឌ្ឈ​ន៍​ដែលជា​សមាជិកសមាគម បាន​ពង្រីក​ការវិនិយោគ​របស់​ពួកគេ​ដល់​តាម​បណ្តា​ខេត្ត បន្ថែម​លើ​គំរោង​អភិវឌ្ឍន៍​នៅ​រាជធានី​ភ្នំពេញ។

លោក​បន្តថា “ការរីកចម្រើន​ក្នុង​វិស័យនេះ នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​ដរាបណា ប្រទេស​នេះ​នៅតែមាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំនើនសេដ្ឋកិច្ច​ដ៏​ល្អប្រសើរ​បែបនេះ”៕

ប្រភព : www.propertyarea.asia