Register Already an agent ? Login

ចំណុចសំខាន់ៗចំនួន៦ សម្រាប់​ពិចារណា​មុន​ទិញ​ដីឡូត៍

ភ្នំពេញ៖ ស្របពេល​ទីផ្សារ​ដីឡូត៍​បន្ត​កើនឡើង បញ្ហា​ប្រឈម​ជាច្រើន​ក៏​បាននិងកំពុង​កើតមាន​ជាបណ្តើរៗផងដែរ ដោយសារ​ម្ចាស់​ដីឡូត៍​មួយចំនួន​បាន បោកប្រាស់​អតិថិជន​របស់ខ្លួន។

ថ្ងៃនេះ​ស្ថាបនិក​គេហទំព័រ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា គឺ Propertyarea.asia លោក​លាង​គង់ យិន សូម​បង្ហាញ​នូវ​ចំណុចរសើប​មួយចំនួន ដែល​បាននិងកំពុង​កើតមាន។

ទី១ ការ​កក់​ប្រា​ក់ដោយ​គ្មាន​ប្លង់

បច្ចុប្បន្ននេះ​ម្ចាស់​ដីឡូត៍​ជាច្រើន បាន​លក់​ដី​ដល់​អតិថិ​ជន តាមរយៈ​កិច្ចព្រមព្រៀង​គ្នា​រវាង​អតិថិជន និង​ក​ក្រុមហ៊ុន ដោយ​គ្មាន​ការដឹក​លឺ​ពី​អាជ្ញាធរ​ដែនដី ឬ​មន្ត្រី​ជំនាញ​សូ​រិ​យោ​ដី​ឡើយ។ ករណីនេះ ជា​ចំណុច​មាន​ហានិភ័យ​ខ្ពស់ ព្រោះ​ម្ចាស់​ដីឡូត៍​ខ្លះ តម្រូវ​ឲ្យ​អតិថិជន​បង់ប្រាក់រ​ហូ​តដល់១០០ភាគរយ ទើប​ចេញ​ប្លង់​ស្របច្បាប់​ឲ្យ។

ករណីបែបនេះ ជា​ហានិភ័យ​ខ្ពស់បំផុត ព្រោះ​ពេល​បង់លុយ​គ្រប់ ម្ចាស់​ដីឡូត៍​បាន​ប្តួ​រ​ម្ចាស់ ឬ​ផ្ទេរ​ប្លង់​រ៉ឹង​ទៅ​ឲ្យ​អ្នកផ្សេង ឬ​ប្លង់​នោះ​នៅជាប់​នឹង​ធនាគារ ពិតជា​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកទិញ ឬ​មាន​វិវាទ​កើតឡើង ដែល​នាំ​រឿង​ស្មុ​គ្រ​ស្មាញ​ជាច្រើន ដែល​យើងទាំងអស់គ្នា​មិន​ចង់បាន។

ទី២ ការ​បង្វែរ​សាច់រឿង

ករណី​ពុះ​ដីឡូត៍​កើតឡើង​ជាក់ស្តែង​មួយកន្លែង បាន​កើតឡើង​រួចទៅហើយ គឺ​ស្ថិតនៅ​ទីតាំង​ក្បែរ​បុរី​ពិភពថ្មី​ឈូក​វ៉ា២ ដែលមាន​ក្រុមហ៊ុន​មួយ​ពុះ​ដីឡូត៍​លក់​នៅពេល​ដី​ទីនោះ​មានតម្លៃ​ទាប ប៉ុន្តែ​ពេល​បុរី​ពិភពថ្មី២ប្រកាស ដី​នៅ​តំបន់​នោះបាន​ឡើងថ្លៃ​ខ្ពស់ ដែល​បានធ្វើ​ឲ្យ​ម្ចាស់​ដីឡូត៍​នោះ ក្រឡុក​អតិថិជន​តាម រយៈ​ការផ្តល់ប្រាក់​សំណង ឬ​សុំ​ដោះដូរ​ដី ក្នុង​ហេតុផល​មិនចេះចប់​មិនចេះហើយ។

អ្នកទិញ​ដីឡូត៍​នៅ​ទីនោះ មាន​ភាពស្រដៀងគ្នា​នឹង​ករណី​ទី១ដែរ ដោយ​ម្ចាស់​ដីឡូត៍ និង​អ្នកទិញ​បាន​ព្រមព្រៀងគ្នា​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន ដោយ​គ្មាន​ការដឹក​លឺ​ពី​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​សូ​រិ​យោ​ដី។

ករណីនេះ​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រួចហើយ ប៉ុន្តែ​ការដោះស្រាយ​វិវាទ​នេះ​មិនទាន់​បញ្ចប់​ទេ។

ទី៣ ករណី​មិន​បំបែក​ក្បាលដី

ករណី​មិន​បំបែក​ក្បាលដី មាន​ភាពស្រដៀងគ្នា​នឹង​ករណី​ទី១ និង​ទី២ ដែរ ដែល​ម្ចាស់​ដីឡូត៍ បាន​លក់​ដី​ដឹងលឺ​ត្រឹម​អាជ្ញាធរ​ឃុំ ឬ​សង្កាត់ ប៉ុន្តែ​មិនបាន​បំបែក​ក្បាលដី​ដល់​អ្នកទិញ ក្នុងពេល​ដី​នោះ​ស្ថិតនៅ​ជា​ប្លង់​រ៉ឹង​នៅឡើយ ហើយ​ជា​អាជ្ញាធរ​មូលដ្ឋាន ដែល​អនុវត្តន៍​ច្បាប់​នៅ​ទន់ខ្សោយ​បានធ្វើ​មិនដឹង មិនលឺ​ពី​ភាពខុស​ច្បាប់​នេះ។

អាជ្ញាធរ​ឃុំ សង្កាត់​មិនមាន​សមត្ថកិច្ច​ប្រថាប់ត្រា ស្របច្បាប់​លើ​ភាពជា​កម្ម​សិ​ទ្ឋ​នៃ​ដី​ណាមួយ​ទេ មាន​សិ​ទ្ឋ​ត្រឹមតែ​ប្រដាប់​ត្រា​ដឹងលឺ​តែប៉ុណ្ណោះ។ ករណីបែបនេះ​បាន និង​កំពុង​កើតមាន​ជាច្រើន នៅក្នុង​ទីផ្សារ​ដីឡូត៍​នាពេល​សព្វថ្ងៃនេះ។

ទី៤ ការយក​ដី​អ្នកផ្សេង​មក​លក់

ករណីបែបនេះ​បាន​កើតមាន​ផងដែរ នៅក្នុង​តំបន់ភ្នំ​ប្រ​សិ​ទ្ឋ ជា​កន្លែង​ពុះ​ដីឡូត៍​បាន​រីក​ដូច​ផ្សិត។ មាន​ក្រុមហ៊ុន​មួយ គ្រាន់តែ​កក់​លុយ​ម្ចាស់​ដី១០ទៅ២០ភាគរយ ក៏បាន​ពុះ​ដី​នោះ​ជា​ឡូត៍ ដើម្បី​លក់​ជូន​អ្នកទិញ​ឬ​អតិថិជន ដោយ​សន្យា​បង់ប្រាក់​បង្គ្រប់​នៅពេល​ក្រោយ។

នៅពេល​ក្រុមហ៊ុន​នោះ មិន​បង់លុយ​តាម​ការសន្យា ម្ចាស់​ដី​បាន​រឹបអូស​យក​ដី​របស់ខ្លួន​ឡើងវិញ ដែល​ធ្វើ​ឲ្យ​អ្នកទិញ​ដីឡូត៍​ក្នុង​គំរោង​នោះ ជួប​បញ្ហា​ជាច្រើន មិនអាច​ដោះស្រាយបាន​រហូត​បាត់បង់​លុយ​គួរ​ឲ្យ​សោកស្តាយ។

ទី៥ ការទិញ​ដីឡូត៍​វិនិយោគ​មិនសូវមាន​ផលចំណេញ​ទេ

ម្ចាស់​ដីឡូត៍​ភាគច្រើន បាន​ទិញ​ក្នុង​តម្លៃថោក និង​លក់​វិញ​ក្នុងតម្លៃ​ថ្លៃ​ដែល​ធ្វើ​ឲ្យ​អត្រា​ចំណេញ​ពី​ការវិនិយោគ (Return of investment) តិច ដោយសារ​ម្ចាស់​ដី​បាន​យកចំណេញ​កប់​ព​ព​ករួ​ច​ទៅហើយ។ ចំណុច​មួយទៀត ម្ចាស់​ដីឡូត៍​មួយចំនួន​បាន​តម្រូវ​ឲ្យ​បង់ប្រាក់ ដោយ​អះអាងថា​គ្មាន​ការប្រាក់ ប៉ុន្តែ​តាមពិត​ពួកគេ​បាន​បង្កប់​អត្រា​ការប្រាក់​ក្នុងនោះ​រួចទៅហើយ។

ទី៦ ទីតាំង​ដីឡូត៍​មិន​ងាយ​អភិវឌ្ឍន៍

តំបន់​ដីឡូត៍​ពុះ​លក់ ជា​តំបន់​ដែល​មិន​ងាយ​អភិវឌ្ឍន៍​នោះទេ ដោយសារ​អ្នកទិញ​ភាគច្រើន រង់ចាំ​ទុក​លក់​យកចំណេញ និង​រង់ចាំ​មើលគ្នា ខណៈ​ដីឡូត៍​ទាំងនោះ មិនមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ច្បាស់លាស់ និង​មិនមាន​ប្លង់​អភិវឌ្ឍន៍​ច្បាស់លាស់។

កត្តា​មួយទៀត ដែល​អ្នកទិញ​ដីឡូត៍​គួរ​ពិចារណា គឺ​សំណង់​នៅ​តំបន់​ដីឡូត៍​ភាគច្រើន មិនមាន​របៀបរៀបរយ​នោះទេ ដោយសារ​ម្ចាស់​ដី​សាងសង់​ផ្ទះ​តាម​ម៉ូត ដែល​ខ្លួនឯង​ស្រលាញ់រៀងៗខ្លួន ដោយសារ​មិនមាន​ការកំណត់​ឬ​ការ​ឌី​សាញ​គំរោង​ច្បាស់លាស់​ពី​ម្ចាស់​ដីឡូត៍​នោះ។

អ្នកលក់​ដីឡូត៍៩៩ភាគរយ ពេល​លក់​អស់​ដី​របស់ខ្លួន មិនបាន​នៅ​គិតគូរ​ពី​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ឬ​ការគ្រប់គ្រង​ដី​ដែល​ខ្លួន​បាន​ពុះ​ឡូត៍​លក់​នោះទេ៕