ភ្នំពេញ៖ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា និងក្រុមហ៊ុនបចេ្ចកវិទ្យាដែលផ្តោតលើសេវាកម្មបែបអន្តរការីរវាងអ្នកអភិវឌ្ឍន៍ និងភ្នាក់ងារទិញលក់អចលនទ្រព្យ PropEast ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញការរីកចំរើនលើវិស័យអចលនទ្រព្យ និងលើកទឹកចិត្តដល់លំហូរអ្នកវិនិយោគទុនបន្ថែមទៀត។
លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័តមានកាលពីថកងៃទី២៨ វិច្ឆិកាកន្លងមកថា គោលបំណងនៃកិច្ចព្រមព្រៀងនេះ ដើម្បីធ្វើការផ្សព្វផ្សាយដល់សមាជិកឲ្យស្គាល់អំពី ការសម្រេចចិត្តឈានជើងចូលមកប្រទេសកម្ពុជារបស់ក្រុមហ៊ុនប្រូបអ៊ីស ក្នុងការបម្រើសេវាកម្មទំរង់កម្មវិធីទូរស័ព្ទដៃទំនើបដំបូងដែលជាសេវាកម្មទិញលក់រវាងអ្នកអភិវឌ្ឍន៍ និងភ្នាក់ងារទិញលក់អចលនទ្រព្យនៅកម្ពុជា។
លោកបានបន្តថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងរវាងសមាគម និងក្រុមហ៊ុន PropEast នឹងព្យាយាមជួយសមាគមអ្នកជំនាញអចលនទ្រព្យ ក្នុងការជំរុញការផ្សព្វផ្សាយដល់ម្ចាស់គម្រោងអភិវឌ្ឍន៍នានា ឲ្យយល់ពីសារៈសំខាន់នៃសេវាកម្ម និងព្យាយាមពន្យល់ដល់ទីភ្នាក់ងារអចលនវត្ថុនៅក្នុងប្រទេសកម្ពុជាដទៃផ្សេងទៀត ឲ្យស្វែងយល់អំពីសារៈសំខាន់ និងឈានទៅប្រើប្រាស់ធ្វើការសហការជាមួយគ្នា។
ជាមួយគ្នានេះ លោក DATO Dr.JAY HO អគ្គនាយកក្រុមហ៊ុន PropEast បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្រុមហ៊ុនលោកបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ។ ទំរង់កម្មវិធីទូរស័ព្ទដៃទំនើបដំបូង គឺផ្តោតទៅលើការងារគ្រប់គ្រងផ្នែកអច លនទ្រព្យ និងការដឹកជញ្ជូនអចលនទ្រព្យដល់អ្នកវិនិយោគទុន។ បច្ចុប្បន្ននេះ PropEast មានការិយាល័យនៅប្រទេសកម្ពុជា និងម៉ាឡេស៊ី ហើយកំពុងតែរៀបចំចូលប្រទេសថៃឡង់ដ និងវៀតណាមដែរ ក្នុងទស្សនៈវិស័យដើម្បីបង្កើតជាបណ្តាញទីផ្សារអចលនទ្រព្យនៅអាស៊ានជាមួយនឹងទំរង់កម្មវិធីទូរស័ព្ទដៃទំនើបដំបូង។
លោកបញ្ជាក់ទៀតថា ក្រុមហ៊ុនលោកបានអភិវឌ្ឍន៍ការងារ លើការគ្រប់គ្រងផ្នែកអចលនទ្រព្យ និងទំរង់ការដឹកជញ្ជូនអចលនទ្រព្យជាលើកដំបូងលើពិភពលោក ដើម្បីបំរើអ្នកវិនិយោគទុនអចលនទ្រព្យក្នុងតំបន់ នៅពេលមានប្រតិបត្តិការ ផ្ទេរ ប្រគល់អង្គភាព ការត្រួតពិនិត្យអង្គភាព គ្រឿងសង្ហារឹម សំរាប់ជួល និងជុសជួល តាមបណ្តាញយើង ជាមួយអ្នកផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ។
សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ទើបបានបើកដំនើរការប៉ុន្តែមានសមាជិកកើនឡើងរហូតដល់ចំនួន៩៥ក្រុមហ៊ុន៕
ប្រភព : www.propertyarea.asia