Register Already an agent ? Login

ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុទំនងជាពន្យាពេល

ភ្នំពេញ: គំរោងសាងសង់ផ្លូវល្បឿនលឿនជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តកម្ពុជាទំនងជាត្រូវពន្យាពេល បន្ទាប់ពីការប្រកាសគំរោងនេះនឹងចាប់ផ្តើមសាងសង់នៅកំឡូងខែវិច្ឆិកាឆ្នាំនេះ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកនូ វឌ្ឈនៈបានមានប្រសា សន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា លោកមិនទាន់មានព៌តមានទាក់ទងនឹងការចាប់ផ្តើមសាងសង់ផ្លូវ ប្រវែងប្រមាណ១៩០គីឡូម៉ែត្រនេះនៅឡើយទេ។

បើតាមលោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងនេះធ្លាប់បានឲ្យដឹងផងដែរ

ថា “តាមគំរោងផ្លូវនេះនឹងសាងសង់ នៅស្របតាមផ្លូវជាតិលេខ៤ ទាំងសងខាង ប៉ុន្តែភាគច្រើនស្ថិតនៅខាងឆ្វេងដៃនៃផ្លូវជាតិលេខ៤ ជាតំបន់ដែលផ្លូវ៤គន្លងនេះនឹងឆ្លងកាត់”។លោកបន្តថា “គិតពីពេលនេះតទៅ ការសាងសង់ផ្លូវល្បឿនលឿន ក៏ដូចជាសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានាជារឿងចាំបាច់ ដើម្បីបង្កើនសន្ទុះសេដ្ឋកិច្ចជាតិ”។

តាមឯកសារដែលទទួលបាន នៅក្នុងពិធីចុះហត្ថលេខារវាងលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនជាមួយលោកLiu Gitaoប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន លោកលី ខឺឈាងមកកម្ពុជាកាលពីឆ្នាំមុនបានឲ្យដឹងថា ផ្លូវល្បឿនលឿននេះ មានប្រវែង១៩០,៦៣គីឡូម៉ែត្រ និងមានទទឹងផ្លូវទំហំ២៤ម៉ែត្រ និងធ្វើឡើងក្រោមរូបភាពBOT។ ផ្លូវនេះជាប្រភេទផ្លូវមានសួនច្បារកណ្តាល និងរបាំងសងខាងផ្លូវ និងមានទីតាំងសម្រាប់ឈប់សម្រាកផងដែរ។

លោកវ៉ា ស៊ីមសូរិយាបានបន្តឲ្យដឹងថា ការសាងសង់ផ្លូវល្បឿនលឿននេះ នឹងមានទីតាំងចំណុចឆ្លងកាត់ប្រមាណ១០កន្លែង ជាផ្លូវដែលលោកគិតថានឹងជួយដល់សេដ្ឋកិច្ចជាតិ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យតម្លៃនៃការដឹកជញ្ជូនរបស់កម្ពុជាធ្លាក់ចុះផងដែរ។លោកបន្តថា តាមគំរោងការសាងសង់ផ្លូវនេះ គ្រោងចំណាយរយៈពេល៤ឆ្នាំ ទើបបញ្ចប់ការសាងសង់ ហេតុនេះ យើងរំពឹងថា ការសាងសង់នឹងអាចធ្វើឡើងឆាប់ៗនេះ។

ក្រោយការសាងសង់ផ្លូវល្បឿនលឿននេះបញ្ចប់ ផ្លូវនេះនឹងជួយសម្រួលការធ្វើដំណើរទៅខេត្តព្រះសីហនុកាន់តែខ្លី ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនកាន់តែល្អប្រសើរថែមទៀត។

រដ្ឋាភិបាលបានដាក់ខេត្តព្រះសីហនុទាំងមូល ជាតំបន់ឧស្សាហកម្ម នៅក្នុង គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០១៥ ដែលជាគោលនយោបាយមួយត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ឆ្នាំ២០១៦កន្លងមកនេះ។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា បញ្ហាប្រឈមក្នុងសេដ្ឋកិច្ចរបស់យើង គឺការដឹកជញ្ជូនមានតម្លៃថ្លៃ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ឋ ដែលរដ្ឋាភិបាលបាននិងកំពុងគិតគូវិនិយោគ ប៉ុន្តែការសាងសង់អ្វីមួយ វាមិនចំណាយពេលមួយថ្ងៃឬមួយឆ្នាំទេ ហេតុនេះរដ្ឋាភិបាលគួរពន្លឿនការវិនិយោគលើផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត។

លោកបន្តថា “ការសាងសង់ផ្លូវល្បឿនលឿន ឬហេដ្ឋារចនាសម្ព័ន្ឋនានា ជាការបង្កើនកំណើនសេដ្ឋកិច្ចជាតិ ព្រោះបើចង់ជំរុញកំនើនសេដ្ឋកិច្ចជាតិ ត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ”៕

ប្រភព : www.propertyarea.asia