ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា ការរីកចម្រើនសេដ្ឋកិច្ចបានជួយធ្វើឲ្យតម្លៃដីធ្លីកើនឡើងនៅកម្ពុជា និងបន្តកើនឡើងរយៈពេលវែងបន្តទៀត។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ប៉ែន សុផល បានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងកែប និងក្រុងកំពតសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជាប្រកបដោយចីរភាព ដែលបានរៀបចំឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកថា ឆ្លងកាត់យុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាលជាច្រើនដំណាក់ កម្ពុជាមានភាពរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ និងថាកំណើននៃតម្លៃដីធ្លីក្នុងទំហំមួយការរ៉េ អាចបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នាពេលបច្ចុប្បន្នបាន។
លោកបន្តថា “គោលនយោបាយជាតិស្តីពីការរៀបចំដែនដីកម្ពុជា គឺដើម្បីធានាការគ្រប់គ្រង ការអភិវឌ្ឍន៍ និងការប្រើប្រាស់ដីនិងធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព ចីរភាព និងតុល្យភាព។លោកបន្តថា “កម្ពុជាបានកំណត់ប៉ូលអភិវឌ្ឍន៍ជាតិរបស់ខ្លួនទី១ រាជធានីភ្នំពេញ ទី២ ខេត្តសៀមរាប(ប៉ូលបីតិកភ័ណ្ឌជាតិ និងប៉ូលទី៣តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានខេត្តជាប់សមុទ្រទាំងបួន។
លោកប៉ែន សុផលបានបន្តថា បច្ចុប្បន្នប៉ូលទាំងបីនេះកំពុងរីកចម្រើនខ្លាំង ហើយក្រសួងបានចាត់ទុកថា ខេត្តព្រះសីហនុដែលកំពុងមានការអភិវឌ្ឍយ៉ាងគំហុក ជាតំបន់ក្បាលនាគនៃកម្ពុជា។ រាជធានីភ្នំពេញជាខ្លួននាគ និងកន្ទុយនាគ នៅភូមិភាគឦសាន្តនៃប្រទេស ដែលជាប៉ូលអភិវឌ្ឍន៍ទី៤ ដែលមានកំណត់នៅក្នុងគោលនយោបាយជាតិស្តីពី ការរៀបចំដែនដីផងដែរ ហើយប៉ូលទី៤នេះ ជាប៉ូល កសិឧស្សាហកម្ម និងទេសចរណ៍បែបធនធានធម្មជាតិ។
លោកបន្តថា ដោយឡែកតម្លៃដីធ្លី នៅក្នុងតំបន់ប៉ូលទាំងបីដែលកំពុងតែរីកចម្រើននាពេលបច្ចុប្បន្ន ដូចជានៅភ្នំពេញ សៀមរាប និងខេត្តតាមជាប់ឆ្នេរសមុទ្រ អាចលក់បានមួយការ៉េ អាចដល់រយដុល្លារ រាប់ពាន់ដុល្លារ។ ក្នុងតម្លៃនេះបើប្រៀបធៀបទៅនឹងតម្លៃដីធ្លីកាលពីឆ្នាំ១៩៧៩ វាខុសគ្នារាប់រយ រាប់ពាន់ដង ដែលនេះបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាកំពុងតែកើនឡើងខ្លាំង។
លោកបញ្ជាក់ថា “តំបន់ឆ្នេរមានតួនាទីសំខាន់ នៅក្នុងអក្ស័នៃការអភិវឌ្ឍរបស់ប្រទេសទាំងនៅក្របខ័ណ្ឌអន្តរជាតិ ក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌជាតិ។
ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនាព្រឹក ថ្ងៃទី២៧ វិច្ឆិកានេះ លោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានថ្លែងថា ធនាគារនេះបានកំពុងធ្វើកិច្ចសហប្រតិបត្តិការ និងកំពុងចូលរួមជួយកម្ពុជា ដើម្បីធ្វើឲ្យសម្រេចចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្នុងទិសដៅជម្រុញអភិវឌ្ឍន៍កម្ពុជា ឲ្យទទួលបានការីកចម្រើនយ៉ាងឆាប់រហ័ស។
លោកស្រីបានបន្តថា “សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងរក្សាកំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយចីរភាពក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំៗ និងបានកាត់បន្ថយភាពក្រីក្របានលើស១ភាគរយក្នុងមួយឆ្នាំផងដែរ៕
ប្រភព : www.propertyarea.asia