Register Already an agent ? Login

តំបន់ជាប់បណ្តោយផ្លូវជាតិលេខ៦អានឹងកាន់តែរីកចម្រើនលឿនក្នុងរយៈពេល៣ទៅ ៥ឆ្នាំខាងមុខ

ភ្នំពេញ : លោក អ្នកអាចធុញទ្រាន់នឹងជីវិតនៅកណ្តាលក្រុង ដែលមានការកកស្ទះចរាចរណ៍ ការបំពុលផ្សែង នឹងភាពអឺងឬអាប់នៃសម្លេងយានយន្ត ហេតុនេះការជ្រសរើសលំនៅដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៦អា ទំនងជាកន្លែងដែលស្ងប់ស្ងាត់ និងមានខ្យល់អាកាសបរិសុទ្ឋមួយ ដែលអាចផ្តល់ឲ្យលោក អ្នកនូវសុខភាពល្អជាងមុន ទាំងផ្លូវកាយនិងផ្លូវចិត្ត។

កាលពីដើមខែធ្នូឆ្នាំមុន សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានចូលរួមជាអធិបតីក្នុងពិធី ចុះហត្ថលេខាសាងសង់ទីក្រុងមិត្តភាពកម្ពុជា ចិនក្នុងគំរោងទឹកប្រាក់១៥០០លានដុល្លារ គំរោងទីក្រុងរណបជ្រោយចង្វារ ទីក្រុងនាពេលអនាគតដែលគ្រោងចំណាយទឹកប្រាក់១៦០០លានដុល្លារ ក៏បាននិងកំពុងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ឋផងដែរ។ លើសពីនេះសួនសត្វធំជាងគេទំហំ៨០ហិកតា នឹងបើកនៅដើមឆ្នាំ២០១៧ខាងមុខនេះ និងគំរោងបុរីជាច្រើនទៀត រួមទាំងហេដ្ឋារចនាស ម្ព័ន្ឋជាច្រើនទៀត នឹងធ្វើឲ្យតំបន់ភាគខាងកើតឈៀង ខាងជើងទីក្រុងភ្នំពេញកាន់តែមានភាពអ៊ូឬអរ និងរសរវើកខ្លាំងនៅរយៈពេល៥ទៅ១០ឆ្នាំខាងមុខនេះ។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC ដែលគ្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោងចង្វារ បានថ្លែងឲ្យដឹងតាមទូរស័ព្ទថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋបណ្តាញផ្លូវ និងលូនៅក្នុងទីក្រុងនេះ ខណៈការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋនៅតំបន់នេះ គ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ។

លោកបន្តថា “គំរោងសាងសង់ទីក្រុងនេះមានលក្ខណៈបែបណា នឹងដឹងនៅពាក់កណ្តាលឆ្នាំ២០១៧ ប៉ុន្តែទស្សនទាននៃការអភិវឌ្ឍទីក្រុងនេះ មានសភាពដូចគ្នានឹងទីក្រុងកោះពេជ្រ”។លោកបន្តថា “ខ្ញុំជឿជាក់ថាទីក្រុងរណបថ្មីនេះ នឹងទទួលបានជោគជ័យ ដោយសារវាជាទីតាំងដ៏ល្អ ដែលមានទន្លេព័ទ្ឋជុំវិញ ខ្យល់អាកាសបរិសុទ្ឋ និងជាទីតាំងស្ថិតនៅជិតជាងគេពីកណ្តាលក្រុង”។

លោកមាន ចាន់យ៉ាដាអភិបាលរងក្រុងភ្នំពេញធ្លាប់បានថ្លែងថា គំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់ទីក្រុងរណបជ្រោយចង្វាពីមុន គ្រោងចាកចេញពីតំបន់ឃ្លាំងសាំងសូគីម៉ិច ប៉ុន្តែដោយសារលក្ខខ័ណ្ឌទីតាំងមិនសូវមានភាពអំណោយផល ទើបសាលាក្រុង បានសិក្សាទីតាំងថ្មីដែលស្ថិតនៅផ្លូវរទេះភ្លើង ពីគីឡូម៉ែត្រលេខ៦ ដែលសាលាក្រុងគ្រោងសាងសង់ផ្លូវមួយ ចេញពីតំបន់នេះមកកាន់ផ្លូវលេខ៧០(ផ្លូវទំនប់ទួលគោក)។

លោកបន្តថា “នេះជាគំរោងដ៏សំខាន់ ដែលជាផ្លូវយុទ្ឋសាស្រ្តរំដោះចរាចរណ៍ចេញពីផ្លូវជាតិលេខ៥ ចូលមកកាន់រាជធានីភ្នំពេញ”។

លោកបន្តថា “ការសាងសង់ស្ពាននេះ បានទទួលការឯកភាពជារួមហើយ ដែលក្រុមហ៊ុនOCICជាអ្នកសាងសង់ និងចំណាយថវិកាដោយក្រុមហ៊ុននេះ”។លោកបន្តថា “តំបន់ជាប់ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ជាទីតាំងមានសក្តានុពលដ៏សំខាន់សម្រាប់ទីក្រុងភ្នំពេញ”។

លោកមាន ចាន់យ៉ាដាបានបន្តថា រាជធានីភ្នំពេញមានការអភិវឌ្ឍន៍ខ្លាំងនៅភាគខាងលិច និងភាគខាងជើងក្រុងភ្នំពេញ ប៉ុន្តែជាគោលការណ៍សាលាក្រុងជំរុញឲ្យការអភិវឌ្ឍន៍ឆ្ពោះទៅគ្រប់ទិស គឺភាគខាងកើត និងភាគខាងត្បូងរាជធានី ដើម្បីឲ្យរបាយនៃការអភិវឌ្ឈន៍ឆ្ពោះទៅគ្រប់ទិសនៃរាជធានីភ្នំពេញ។

លោកបន្តថា “តំបន់ស្របតាមផ្លូវជាតិលេខ៦អា ជាតំបន់មានសក្តានុពលសំរាប់អភិវឌ្ឍន៍លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកំសាន្ត”។

តើអ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងដូចម្តេច ចំពោះការអភិវឌ្ឍន៍នៅ តាមបណ្តោយផ្លូវជាតិលេខ៦ លោកMichael S.Nhimសមាជិកក្រុមប្រឹក្សាវិនិយោគនៃក្រុមហ៊ុនSIDO Groupបានថ្លែងថា តំបន់នេះមានភាពល្អប្រសើរនាពេលអនាគត ដោយសារដីមានតំលៃសមរម្យនៅឡើយ ហើយមានហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន និងមានទន្លេសងខាងតំបន់នេះ ដែលធ្វើឲ្យតំបន់នេះមានសក្តានុពលជាងតំបន់កប់ស្រូវ ដែលស្ថិតនៅភាគខាងលិចទីក្រុងភ្នំពេញ។

លោកបន្តថា “ដីនៅតាមតំបន់នេះមានកំនើនចន្លោះ១០ ទៅ២០ភាគរយប្រចាំឆ្នាំ ប៉ុន្តែនៅពេលសកម្មភាពអភិវឌ្ឍន៍នៅតំបន់នេះកាន់តែរសរវើក តំលៃអចលនទ្រ ព្យនឹងហក់ខ្ពស់បន្ថែមទៀត”។

លោកបន្តថា“ការសាងសង់ទីក្រុងមិត្តភាពកម្ពុជា ចិន នឹងធ្វើឲ្យតំបន់នេះ មានភាពវិសេសវិសាលនាពេលអនាគត ហើយកម្រិតនៃភាពជោគជ័យកម្រិតណា អាស្រ័យលើការដាក់ចេញនូវតំលៃលំនៅដ្ឋាននៅតំបន់នោះ”។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisalបានថ្លែងថាតំបន់ស្របផ្លូវជាតិលេខ៦អា មានសក្តានុពលតាំងពីស្ពានព្រែកព្នៅរបស់លោកឧកញ៉ាលី យ៉ុងផាត់ និងស្ពានជ្រោយចង្វារទី២បានបញ្ចប់ការសាងសង់ ដោយសារតំបន់នេះ ស្ថិតនៅស្របនឹងផ្លូវជាតិធំៗមួយចំនួន ដូចជាផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ៧ ដែលសុទ្ឋតែឆ្លងកាត់តំបន់នេះ។លើសពីនេះការមានហេដ្ឋារចនាសម្ព័ន្ឋ និងទន្លេសាប ទន្លេមេគង្គនៅអមសងខាងក៏សុទ្ឋតែជាកត្តាហុចសក្តានុពលឲ្យតំបន់នេះ។

លោកបន្តថា “តំបន់នេះពិតជាមានសក្តានុពលខ្លាំង អនាគតនឹងកាន់តែខ្លាំង បើទោះជាបច្ចុប្បន្នមានសភាពស្ងប់ស្ងាត់បន្តិច តែ៥ទៅ១០ឆ្នាំខាងមុខតំបន់នេះនឹងមានភាពអ៊ូរអរខ្លាំង”។

លោក លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន L.Y.P Group បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ តាមទូរស័ព្ទកាលពីចុងខែវិច្ឆិកាកន្លងមកថា ទីក្រុងមិត្តភាពកម្ពុជា ចិននឹងត្រូវបានសាងសង់ឡើងលើផ្ទៃដីប្រហែល៥៥០ ហិកតានៅក្នុងដំណាក់កាលដំបូង ដែលមានទីតាំងស្ថិតក្នុងទីក្រុងរណបរបស់ក្រុមហ៊ុនលោក ចម្ងាយប្រហែល១០គីឡូម៉ែត្រពីភាគកណ្ដាលទីក្រុងភ្នំពេញ។

លោកបានថ្លែងថា “វាជាការវិនិយោគរួមរវាងក្រុមហ៊ុនរបស់យើង និងក្រុមហ៊ុន CMIG។ បន្ទាប់កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារួច យើងនឹងពិភាក្សាកាន់តែស៊ីជម្រៅលើគម្រោងវិនិយោគនេះ”៕

ប្រភព : www.propertyarea.asia